តើអ្វីទៅដែលអាចបង្កើតចក្រឆ្លងប្រព័ន្ធផ្កាយ «Wormhole» ដូចក្នុងភាពយន្ត Interstellar 2014?
(ភ្នំពេញ)៖ គ្រាន់តែលឺថា ច្រកឆ្លងប្រព័ន្ធផ្កាយ ឬ Wormhole មនុស្សភាគច្រើនប្រាកដជាគិតថា ជារឿងបោកប្រាស់ ឬជាគ្មានអភូតហេតុណា ដែលអាចបង្កើតមានឡើងនោះឡើយ ប៉ុន្តែខ្សែភាពយន្តប្រឌិតតាមបែបវិទ្យាសាស្ត្រមួយចំនួន បានបង្ហាញតថភាពរបស់បាតុភូតចក្រវាឡនេះ រួចទៅហើយ ព្រមទាំងបានបង្ហាញនូវអំនះអំណាង ពីរបៀបដែលវាត្រូវបានបង្កើតឡើងផងដែរ។ ដូច្នេះតើបាតុភូត Wormhole ដ៏មហាអស្ចារ្យ អាចកើតមានឡើយយ៉ាងដូចម្តេច?

មុននឹងស្វែងយល់ពីរបៀបនៃការកកើតវាឡើង យើងត្រូវស្វែងយល់សិនថា តើច្រកអាថ៌កំបាំងឆ្លងប្រព័ន្ធព្រះអាទិត្យ Wormhole គឺជាអ្វីឲ្យប្រាកដ? នៅក្នុងខ្សែភាពយន្តប្រឌិតតាមបែបវិទ្យាសាស្ត្រ Interstellar 2014 ច្រកសម្ងាត់ Wormhole បានរំលេចរូបរាងនៅក្បែរនឹងគន្លងគោចររបស់ភពសៅរ៍ ដោយច្រកនេះ គឺជាកន្លែងផ្លោះចូលប្រព័ន្ធព្រះអាទិត្យមួយទៀត ដោយប្រើរយៈខ្លីបំផុតតែមួយយប់ប៉ុណ្ណោះ ហើយរូបភាពមួយសន្លឹកអាចឲ្យលោកអ្នកយល់បាន។

តាមរយៈរូបភាព ដែលត្រូវបានបង្កើតឡើងដោយក្រុមរូបវិទូ និងអ្នកវិទ្យាសាស្ត្រដែលជឿជាក់ថា អាចកើតមាន Wormhole នោះ យើងអាចឃើញនូវទម្រង់ប្រហោងស្រូបចូលគ្នា រវាងជាយនៃប្រព័ន្ធព្រះអាទិត្យពីរ ឬអាចជាជាយនៃប្រហោងខ្មៅ ដែលអ្នកនិយមតាមដានចំណេះដឹងផ្នែកវិទ្យាសាស្ត្រតែងតែចោទសួរថា តើប្រហោងខ្មៅជាច្រកឆ្លងភព ឬឆ្លងពេលវេលាមែនទេ? នៅក្នុងន័យនេះវាក៏អាចទៅរួចដែរ ព្រោះការឆ្លងប្រព័ន្ធព្រះអាទិត្យមួយ ទៅរកភពផ្សេងទៀតដែលគោលចរជុំវិញប្រហោងខ្មៅ ដូចជាភាពយន្ត Interstellar នោះ នឹងធ្វើឲ្យពេលវេលាទីនោះ ដើរយឺតជាងពេលធម្មតា ព្រោះនេះជាឥទ្ធិពលនៃប្រហោងខ្មៅ។

ដូច្នេះច្រក Wormhole គឺជាកន្លែងដែលកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ដោយទាញប្រព័ន្ធព្រះអាទិត្យ ឬប្រហោងខ្មៅពីរឲ្យនៅកៀកគ្នា តាមរយៈការបង្កើតច្រកស្រូប Wormhole នេះជាផ្លូវកាត់ ដូច្នេះហើយយើងមិនចាំបាច់នៅក្នុងការត្រៀមយានអវកាស ធ្វើដំណើររាប់រយរាប់ពាន់ឆ្នាំទៅរកភពផ្សេង ដែលស្ថិតនៅចម្ងាយរាប់សិបឆ្នាំពន្លឺពីយើងនោះឡើយ។ ប៉ុន្តែតើច្រក Wormhole នេះកកើតឡើងដោយរបៀបណា?

សម្រាប់ចម្លើយនោះ គឺច្រកនេះកើតឡើងនៅពេលដែលចរន្តនៃដែនម៉ាញេទិច ដែលយើងមិនអាចមើលឃើញ ត្រូវបានបង្កើតចេញមកពីប្រហោងខ្មៅ ដ៏មានឥទ្ធិពលមួយនៅពេលដែលចលនាប្រមូលផ្តុំរបស់ដែនម៉ាញេទិចនោះ ឈានដល់ចំណុចដែលគ្រប់គ្រងលែងបាន ដោយបង្កើតទៅជាមុខព្រួយនៃដែនម៉ាញេទិច សំដៅឆ្ពោះទៅកាន់ប្រព័ន្ធព្រះអាទិត្យមួយផ្សេងទៀត ដែលនៅចំមុខព្រួញរបស់វាដោយចៃដន្យ។ ហេតុដូច្នេះបើសិនជាមានជីវិតឆ្លាតវៃប្រកបដោយបច្ចេកវិទ្យាខ្ពស់ណាមួយ រកឃើញច្រក Wormhole ធម្មជាតិនោះ ពួកគេអាចឆ្លងមកកាន់ប្រព័ន្ធប្រហោងខ្មៅ ដែលជាអ្នកបង្កើត Wormhole នេះបាន។ ស្តាប់ទៅដូចជារវើរវាយខ្លាំងណាស់ ប៉ុន្តែនេះក៏ជារឿងប្រឌិតតាមបែបវិទ្យាសាស្ត្រផងដែរ។

មួយវិញទៀតនៅក្នុងខ្សែវីដេអូឯកសារ ដែលជាគោលគំនិតត្រូវបានបង្កើតឡើងដោយ លោក Stephen Hawking ស្តីពីលទ្ធភាពដែលពពួកអេលៀនអាចវាយលុកភពផែនដីនោះ ក៏បានបង្ហាញអំពីរបៀបនៃការបង្កើត Wormhole សិប្បនិម្មិតនោះដែរ។ ទោះបីជាពួកគេគ្មានកម្លាំងម៉ាញេទិចដ៏ខ្លាំងណាពីប្រហោងខ្មៅ ដើម្បីបង្កើតចេញទៅជាច្រកឆ្លងប្រព័ន្ធផ្កាយ Wormhole តាមបែបធម្មជាតិ ប៉ុន្តែជីវិតអេលៀនដែលឈានដល់សមត្ថភាពខ្លាំងក្លាបំផុតនោះ ពួកគេអាចរិះរកវិធីស្រូបយកថាមពលពីផ្កាយធម្មតារបស់វាពួកគេរហូតដល់គ្រប់ចំនួនកំណត់ ហើយបង្កើតចេញទៅជាច្រក Wormhole ឆ្លងមកកាន់ភពផែនដីយើងបាន ដោយប្រើពេលត្រឹមតែមួយយប់ប៉ុណ្ណោះ៕

ឯកសារយោង៖ វែបសាយ Live Science និង Space.com
