ការសិក្សាថ្មី៖ តាមពិតប្រហោងខ្មៅ (Black Hole) និងកាឡាក់ស៊ី ពិតជាអាចរួមបញ្ចូលគ្នា!
(ឡុងដ៍)៖ លទ្ធផលនៃការសិក្សាថ្មីមួយ បានផ្តល់ការគាំទ្រថែមទៀត ដល់ទ្រឹស្តីដែលថា ប្រហោងខ្មៅ (Black Hole) និងកាឡាក់ស៊ីនៅក្នុងចក្រវាឡយើង ជាទូទៅគឺអាចរួមចូលគ្នា ហើយបង្កើតចេញទៅជាកាឡាក់ស៊ី និងប្រហោងខ្មៅកាន់តែធំឡើងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។

តារាវិទូមកពីសាកលវិទ្យាល័យអង់គ្លេស ហឺតហ្វដស៊ឺ (Hertfordshire) សហការជាមួយអ្នកវិទ្យាសាស្រ្តអន្តរជាតិមួយក្រុម បានធ្វើការសិក្សាស្រាវជ្រាវរកឃើញនូវភស្តុតាងនៃវត្តមាននៃប្រហោងខ្មៅភ្លោះជាច្រើន ដែលអាចនឹងច្របាច់បញ្ចូលគ្នា ក្នុងអំឡុងពេលដ៏យូរណាមួយ ហើយក្លាយទៅជាប្រហោងខ្មៅធំៗមហិមា ដូចទ្រឹស្តីដែលក្រុមអ្នកតារាវិទូ បានលើកឡើងប៉ុន្មានទសវត្សរ៍មកនេះ។

ការសិក្សាដែលចេញផ្សាយនាថ្ងៃពុធសប្តាហ៍នេះ កាន់តែគាំទ្រថែមទៀតដល់ទ្រឹស្តីថា ប្រហោងខ្មៅ និងកាឡាក់ស៊ីក្នុងចក្រវាឡអាចរួមចូលគ្នា ហើយបង្កើតចេញពីកាឡាក់ស៊ី និងប្រហោងខ្មៅកាន់តែធំជាងមុន ហេតុដូច្នេះបានជាការអង្កេតតាមរយៈតេឡេស្កូប កាន់តែមានភាពសកម្មជាងមុន ទៅលើបណ្តាប្រហោងខ្មៅដែលជាមុខសញ្ញា។

គួរជម្រាបថា របកគំហើញនៃវត្តមានប្រហោងខ្មៅភ្លោះទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈការតាមដានទិសដៅនៃកំសួលថាមពល ដែលចេញមកពីប្រហោងខ្មៅ ហើយក៏បានរកឃើញសញ្ញាថា ប្រហោងខ្មៅជាច្រើនកំពុងធ្វើគោចរនៅជុំវិញប្រហោងខ្មៅមួយផ្សេងទៀត៕

