ពេលរន្ធត់ជិតមកដល់! មួយខែទៀតយាន InSight នឹងទៅដល់ភពអង្គារ ហើយការចុះចតដ៏ប្រថុយប្រថាននឹងកើតឡើង…
(អាមេរិក)៖ នៅសល់តែមួយខែទៀតប៉ុណ្ណោះ យានអវកាសសម្រាប់ស្រាវជ្រាវនៅភពអង្គារ (Mars) ថ្មីបំផុតរបស់អង្គការ NASA នឹងទៅដល់ទីនោះ ហើយនៅពេលវាទៅដល់អ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងអាចបំបែកអាថ៌កំបាំងនៅស្រទាប់ខាងក្នុងនៃភពក្រហមនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

InSight ដែលជាយានថ្មីចុងក្រោយបំផុតដែល NASA បានបញ្ជូនឲ្យឆ្ពោះទៅកាន់ភពអង្គារ កំពុងពាំនាំយកឧបករណ៍ទំនើបៗ ដើម្បីជួយអ្នកវិទ្យាសាស្រ្តសិក្សាស្វែងយល់លម្អិតពីអ្វីៗ ដែលស្ថិតពីខាងក្រោមនៃផ្ទៃរបស់ Mars។ ដូចជាផែនដីដែរ ភពអង្គារមានសំបករឹង (ស្រទាប់ខាងក្រៅ) ប៉ុន្តែនៅពីក្រោមផ្ទៃផែនដី មានវត្តមានសំណុំស្រទាប់ដែលក្តៅរាវ និងស្នូលលោហៈដែលរាវ ដោយទាំងនេះ គឺជាអ្វីដែលជំរុញឲ្យមានបាតុភូតរញ្ជួយដី និងការប្រែប្រួលនៃស្រទាប់ទិចតូនិច ក៏ដូចជាដែនម៉ាញេទិចដ៏មានឥទ្ធិពល ដែលការពារពួកយើងពីកាំរស្មីអវកាស Cosmic Ray ហើយអាចឲ្យជីវិតអាចកើតមានបាន។ យ៉ាងណាមិញ សំណួរដ៏សំខាន់មួយនោះគឺថា តើ Mars មានស្នូលដូចផែនដីឬអត់ ឬមួយក៏ស្នូលរបស់វាបានប្រែក្លាយទៅជារឹង ដូចការសង្ស័យរបស់អ្នកជំនាញ។

បច្ចុប្បន្នយាន InSight ស្ថិតនៅចម្ងាយ ១០៥លានគីឡូម៉ែត្រពីផែនដី និងត្រូវធ្វើដំណើរចម្ងាយ ០៨លានគីឡូម៉ែត្រទៀតទើបទៅដល់ភពអង្គារ ដែល NASA បានព្យាករណ៍ថា នឹងកើតមានឡើងនៅក្នុងរយៈពេល ៣២ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី២៦ ខែវិច្ឆិកា។ InSight ដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយមានដៃរ៉ូបូតមួយប្រវែង ១.៨ម៉ែត្រនៅពីលើវា ដែលអាចប្រើសម្រាប់ដាក់ចេញឧបករណ៍ផ្សេងៗ និងផ្តិតយករូបភាព។

គួរជម្រាបថា InSight ត្រូវបានបាញ់បង្ហោះចេញពីសហរដ្ឋអាមេរិក កាលពីខែឧសភា កន្លងទៅ។ នៅពេលទៅដល់ Mars វានឹងត្រូវប្រើពេល ៣០ថ្ងៃ ដើម្បីដាក់ចេញនូវឧបករណ៍នានា ហើយចាប់ផ្តើមសកម្មស្រាវជ្រាវវិទ្យាសាស្រ្តប្រចាំថ្ងៃរបស់វា។ InSight ក៏មានផ្ទុកនូវឧបករណ៍ដ៏ពិសេសមួយ សម្រាប់ខួងចូលក្នុងផ្ទៃភពអង្គារផងដែរ។

ដោយឡែក InSight មិនមែនជាយានតែមួយគត់ដែលនឹងទៅដល់ Mars នៅខែក្រោយនេះឡើយ ដោយមានយានខ្នាតតូចពីរគ្រឿងទៀតហៅថា Mars Cube One ឬ MarCO ក៏បានអមដំណើរទៅជាមួយវាផងដែរ។ NASA បានបញ្ជាក់ថា ខ្លួននឹងធ្វើតេស្តសមត្ថភាពទំនាក់ទំនង នៃឧបករណ៍តូចៗនេះហើយសង្ឃឹមថា នឹងអាចបម្រើប្រយោជន៍សម្រាប់បេសកកម្មដទៃទៀតនាថ្ងៃអនាគត៕

