ខ្លីៗងាយយល់៖ តើការគិតចម្ងាយជា «ឆ្នាំពន្លឺ» មានន័យដូចម្តេច និងត្រូវគណនាដូចម្តេច? (មានវីដេអូ)
(អវកាស)៖ មានបងប្អូនយើងជាច្រើនបានសាកសួរមក Cambo Space អំពីការគណនាឆ្នាំពន្លឺ ហើយថាតើឆ្នាំពន្លឺនេះជាអ្វី? ហេតុដូច្នេះ Cambo Space សូមធ្វើការបកស្រាយ និងពន្យល់ត្រួសៗជូនបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាបានយល់កាន់តែយល់ច្បាស់បន្ថែមទៀត។ វីដេអូខាងក្រោមបង្ហាញអំពីរបៀបគណនាចម្ងាយនៃផ្កាយ និងកាឡាក់ស៊ីនានាជាឆ្នាំពន្លឺ៖
ឆ្នាំពន្លឺ៖ យើងមិនធ្វើការវាស់ចម្ងាយដោយផ្ទាល់នូវវត្ថុអ្វី ដែលស្ថិតនៅសែនឆ្ងាយពីយើង តាមរយៈការរាប់ពេលវេលានោះឡើយ។ «Light Year ឬឆ្នាំពន្លឺ» គ្រាន់តែជាខ្នាតនៃប្រវែងឬចម្ងាយ ដូចទៅនឹង «ម៉ាយល៍ (Mile)» ឬ «គីឡូម៉ែត្រ (Kilometer ឬ km)» ប៉ុណ្ណោះ។ យើងដឹងថា តើពន្លឺអាចធ្វើដំណើរបានរហ័សប៉ុណ្ណានៅក្នុងរយៈពេល១វិនាទី យើងក៏ដឹងដែរថាមានប៉ុន្មានវិនាទីនៅក្នុងមួយឆ្នាំ ហេតុដូច្នេះយើងនឹងអាចដឹងថា តើមានចម្ងាយ ឬប្រវែងប៉ុន្មានគីឡូម៉ែត្រនៅក្នុងមួយឆ្នាំពន្លឺ។
ក្នុងមួយវិនាទី ពន្លឺអាចរត់បានជិត ៣០០,០០០គីឡូម៉ែត្រ ដូច្នេះមួយឆ្នាំពន្លឺមានន័យថា គឺជាចម្ងាយសរុបដែលពន្លឺអាចរត់បានក្នុងរយៈពេលមួយឆ្នាំ (យកចំនួនវិនាទីដែលមានក្នុងមួយមួយឆ្នាំ ទៅគុណនឹងចំនួន ៣០០,០០០គីឡូម៉ែត្រ) នោះនឹងបានមកវិញនូវចម្ងាយ ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ (ឬទ្រីលានkm) ដែលស្មើនឹង១ឆ្នាំពន្លឺ។
សម្រាប់ផ្កាយភ្លោះ អាល់ហ្វាសេនថារី (Alpha Centauri) ដែលនៅកៀកនឹងផែនដីបំផុតមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីផែនដីនោះ គឺត្រូវយកចម្ងាយមួយឆ្នាំពន្លឺដែលស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រគុណនឹង ៤.៤ឆ្នាំពន្លឺស្នើនឹង ៤១.៦២៨ពាន់ពាន់លានគីឡូម៉ែត្រ (ដែលជាចម្ងាយពីផែនដីទៅអាល់ហ្វាសេនថារី)។
សូមបញ្ជាក់ថា យានអវកាសដែលចល័តលឿនបំផុតនោះគឺ New Horizons ក្នុងទីអវកាសគឺបានតែ ១៤គីឡូម៉ែត្រក្នុងមួយវិនាទីប៉ុណ្ណោះ ប្រៀបធៀបនឹងល្បឿនពន្លឺដែលរត់បានជិត ៣០០,០០០គីឡូម៉ែត្រក្នុងមួយវិនាទីពិតជាខុសគ្នាដូចមេឃនឹងដី។ ដូច្នេះបើយកយាន New Horizons ដែលហោះបានល្បឿន ១៤គីឡូម៉ែត្រក្នុងមួយវិនាទី ធ្វើដំណើរទៅកាន់ប្រព័ន្ធផ្កាយអាល់ហ្វាសេនថារី នោះវានឹងចំណាយពេលជិត ៤០,០០០ឆ្នាំ (បួនម៉ឺនឆ្នាំ) ទើបទៅដល់ទៅដល់អាហ្វាសេនថារី។ (សូមបងប្អូនកុំគិតច្រើនអី នាំតែឈឺក្បាលទេ)៕
រៀបរៀងដោយ៖ Cambo Space (ឥន្ទ វុត្ថា)