គួរចាយលុយរាប់ពាន់លានដុល្លារ មកអភិរក្សភពផែនដី ឬទៅរកភពផ្សេង (អេលៀន)?
(ភ្នំពេញ)៖ នេះជាបញ្ហាដែលប្រជាជនលើពិភពលោក ដែលនិយមតាមដានការអភិវឌ្ឍបច្ចេកវិទ្យាអវកាស តែងតែធ្វើការសួរនាំប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងក៏មានការលើកឡើងផងដែរ តាមរយៈការបញ្ចេញមតិយោបល់ ទៅលើរឿងនិមួយៗដែល Cambo Space បានធ្វើការបង្ហោះកន្លងមក។ តើវាជាការគួរ ឬមិនគួរក្នុងការចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ ដើម្បីស្រាវជ្រាវរកភពផ្សេង?

ក្នុងន័យនេះយើងមិនមែនសំដៅទៅលើតែ ភពអេលៀនក្រៅប្រព័ន្ធព្រះអាទិត្យប៉ុណ្ណោះទេ តែវាក៏សំដៅទៅលើការស្រាវជ្រាវភព និងទីឋាននានានៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដូចជា ភពអង្គារ សុក្រ ពុធ ព្រហស្បតិ៍ សៅរ៍ ភ្លុយតូ ឬក៏ព្រះច័ន្ទរបស់ផែនដីយើង និងព្រះច័ន្ទរបស់ភពដទៃទៀតផងដែរ ព្រោះការចំណាយពេលវេលា និងថវិកាទៅលើការសិក្សាស្រាវជ្រាវទាំងនោះ គឺបានចំណាយរាប់ពាន់ពាន់លានដុល្លាររួចទៅហើយ។

មតិមួយចំនួនបានលើកឡើងថា ឧទាហរណ៍ថាអាមេរិក និងអឺរ៉ុបចំណាយលុយជាង រាប់រយពាន់លានដុល្លារ ដើម្បីការសិក្សាតែទៅលើភពអង្គារ ដែលស្ទើរតែគ្មានសង្ឃឹមថា នឹងអាចមានជីវិតណារស់នៅបាន ទោះត្រូវចំណាយពេលរាប់រយឆ្នាំទៀតនោះ ហើយងាកមកយកថវិកានេះធ្វើជាជំនួយ សម្រាប់ការលើកស្ទួយបរិស្ថាន ដើម្បីធ្វើឲ្យភពផែនដីមានតុល្យភាព និងជីវិតគ្រប់គ្នារស់នៅបានសុខសាន្តឡើងវិញ តើវាមិនប្រសើរជាងទេឬ?

បន្ថែមពីខាងលើនេះទៀត ប្រសិនបើអាមេរិកដកកម្មវិធីសិក្សាភពផ្សេង (អេលៀន) ដែលមានទាំងកម្មវិធីផលិតកែវយឺតអវកាសផ្សេងៗ តម្លៃរាប់រយពាន់លានដុល្លារ ដើម្បីតែត្រឹមដឹងថា ទីឋាននោះអាចមានជីវិតរស់នៅ ឬផ្កាយនោះមានភពប៉ុន្មានគោចរជុំវិញ ហើយងាកយកថវិការាប់រយពាន់លានដុល្លារនោះ ទៅធ្វើការអភិរក្សភពផែនដីដើម្បីឲ្យមាននិរន្តរភាពឡើងវិញ តើវាមិនមែនជារឿងដែលគួរតែធ្វើទេឬ?

ជាការពិតគ្រប់ភាគីសុទ្ធតែមានហេតុផល និងការអះអាងត្រឹមត្រូវរៀងៗខ្លួន ប៉ុន្តែសូមបងប្អូនចងចាំថា ថវិកាសិក្សាទាំងអស់នោះ មិនមែនជារបស់អន្តរជាតិ ឬប្រទេសក្រីក្រជាអ្នកអនុម័តនៅក្នុងការអភិវឌ្ឍកម្មវិធីអវកាសនីមួយៗឡើងនោះឡើយ គឺវាកើតចេញពីថវិកាជាតិរបស់ប្រទេសមហាអំណាចជាម្ចាស់កម្មវិធី ដែលមានសក្តានុពលស្រាប់ក្នុងការចែករំលែកធនធានពួកគេ ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីផលប្រយោជន៍រួមរបស់ពិភពលោក រួមទាំងប្រទេសក្រីក្រផងដែរ។

ម្យ៉ាងវិញទៀត ការសិក្សាស្រាវជ្រាវទាំងនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រមានទស្សនវិស័យវែងឆ្ងាយណាស់ អាចថាមិនដើម្បីរយៈពេលរាប់រយឆ្នាំខាងមុខនោះទេ ប៉ុន្តែគឺអាចឈានចូលរាប់ពាន់ និងរាប់ម៉ឺនឆ្នាំក៏ថាបាន។ ទស្សនវែងឆ្ងាយ គឺតែងតែជាប្រយោជន៍ ដែលមនុស្សគ្រប់ជំនាន់នឹងទទួលបាន ក្នុងករណីដែលភពផែនដីលែងក្លាយជាទីសុខសាន្តសម្រាប់មនុស្សតទៅទៀត ព្រោះតែក្រុមអ្នកវិទ្យាសាស្ត្រប្រកាន់ទស្សនមួយថា ផែនដីនឹងមិនមែនកន្លែងដែលអាចផ្តល់ក្តីសុខជារៀងរហូតនោះឡើយ ដូចជាបាតុភាពដែលចាប់ផ្តើមវិវឌ្ឍន៍អាក្រក់ឡើងៗ មួយរយៈនេះឲ្យយើងឃើញស្រាប់។

ដូច្នេះប្រការនេះមិនគួរក្លាយជាការរារាំង ដល់ក្រុមអ្នកវិទ្យាសាស្ត្រក្នុងការសិក្សាស្រាវជ្រាវទីអវកាស ដើម្បីផលប្រយោជន៍រួមនោះឡើយ ប៉ុន្តែប្រទេសក្រីក្រក៏អាចមានសំណូមពរចំពោះបញ្ហានេះផងដែរ នោះគឺសូមឲ្យកម្មវិធីទាំងអស់ ធ្វើឡើងដោយត្រឹមត្រូវ និងមិនបង្កឲ្យមានផលប៉ះពាល់អវិជ្ជមាន ដល់មនុស្សជាតិលើភពផែនដីក្នុងការប្រការណាមួយនោះឡើយ។ ចុះសម្រាប់បងប្អូនវិញ តើមានគំនិតបែបណាចំពោះបញ្ហានេះ?

