ដំណឹងល្អ! ទីបំផុតភាពយន្ត «Avatar» ដ៏ជក់ចិត្តផ្នែកវិទ្យាសាស្ត្រ សម្រេចថត «វគ្គ២» ក្នុងឆ្នាំ២០១៧នេះ!

231

(អាមេរិក)៖ យោងតាមតារាសម្តែងស្រី​ក្នុងខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញ​ មានចំណងជើងថា «Avatar» ដែលត្រូវបានដាក់​បញ្ចាំង​ឲ្យ​មនុស្ស​ទូ​ទាំង​ពិភព​លោក​​ទស្សនា កាលពីឆ្នាំ២០០៩នោះ ភាគបន្ត​របស់ភាពយន្តនេះ​នឹងចាប់ផ្តើមការថតនា​ចុងឆ្នាំនេះហើយ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយសារព័ត៌មាន​ចក្រភពអង់គ្លេស Daily Mail (Mail Online) នៅមុននេះបន្តិច​នារសៀល​ថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងបទសម្ភាសន៍​មួយជាមួយសារព័ត៌មាន​កម្សាន្ត The Hollywood Reporter លោកស្រី Sigourney Weaver បានឲ្យដឹងថា រូបលោកស្រី​​​ប្រហែលជាមិនអាច​​បញ្ជាក់អ្វីផ្សេង​បានឡើយ ក្រៅពីថា​ក្រុមការងារ​នឹងចាប់ផ្តើមការ​ថតរឿងថ្មី ដែលជាភាគបន្ត​របស់រឿង Avatar កាល​​ពី​ឆ្នាំ២០០៩​នៅវដូវស្លឹកឈើជ្រុះ​នាឆ្នាំនេះ​។ តារាស្រីវ័យ៧៣ឆ្នាំ​រូបនេះ​បានផ្តល់ទំនុកចិត្ត​ដល់អ្នកគាំទ្រ​ទាំងអស់ថា ភាគបន្តនេះ​នឹង​មិនធ្វើ​ឲ្យពួក​គេខកបំណង​ដាច់ខាត ដោយទទូចថា​ភាពយន្តបែបប្រឌិត-វិទ្យាសាស្រ្តថ្មី​នេះនឹងមានតម្លៃ​សាកសមសម្រាប់​ការទន្ទឹមរង់ចាំ​ដ៏យូរឆ្នាំ​បែបនេះ​។

គួរបញ្ជាក់ថា​ខ្សែភាពយន្ត «អាវ៉ាតា (Avatar)» ដែលត្រូវបានដាក់​បញ្ចាំងនៅទូទាំង​ពិភពលោកកាលពី​ឆ្នាំ២០០៩ រកកម្រៃ​បានជិត២.៨ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ចំណូលដ៏ច្រើនជាងគេ​បង្អស់មិនទាន់​អាចមានរឿង​ដទៃៗណា​បំបែកកំណត់ត្រានេះ​បាននៅឡើយទេ ហើយវា​ទទួលបាន​ការកោតសរសើរ​ស្ញប់ស្ញែង​យ៉ាងភ្លូកទឹក​ភ្លូកដី ពីសំណាក់អ្នក​វាយតម្លៃខ្សែ​ភាពយន្ត។ ដោយឡែកថា​តើវគ្គបន្តនៃ​ខ្សែ​ភាព​យន្តបែបវិទ្យាសាស្រ្ត​ស្រមើស្រមៃនេះ នឹងនៅតែ​មានភាពល្អអស្ចារ្យ​ដូចដែលអ្នកគាំទ្រ​បានរំពឹងទុក​ ឬយ៉ាងនោះ មានតែត្រូវ​រង់ចាំតាមដាន​ទាំងអស់​នៅគ្នា នៅពេលដែលវា​ដាក់បញ្ចាំងនៅរោងភាពយន្ត​ក្នុងពេលយ៉ាងតិច​មួយឆ្នាំខាងមុខ​ទៀត៕

480×240 Banner