កុំទាន់ស្លាប់អី! អង្គការ NASA កំពុងព្យាយាមដាស់យាន Opportunity លើភពអង្គារ ឲ្យរស់ឡើង…
(វ៉ាស៊ីនតោន)៖ អង្គការ NASA បានឲ្យដឹងថាក្តីសង្ឃឹមសម្រាប់យាន Opportunity ដែលកំពុងស្ថិតនៅភពអង្គារ (Mars) គឺមិនទាន់អស់ឡើយ ដោយទីភ្នាក់ងារអវកាសអាមេរិក បានបញ្ជាក់ថា នឹងបន្តព្យាយាមដាស់យានរ៉ូវើនេះ យ៉ាងហោចណាស់រហូតដល់ខែមករា ឆ្នាំក្រោយ ដោយសង្ឃឹមថា វាអាចនឹងភ្ញាក់ឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅយប់ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

នៅថ្ងៃទី១១ ខែកញ្ញា NASA បានចាប់ផ្តើមយុទ្ធនាការមួយមានរយៈពេល ៤៥ថ្ងៃ ហៅថា Active Listening ដើម្បីព្យាយាមជំរុញឲ្យយាន ដើរដោយថាមពលព្រះអាទិត្យដំណើរការឡើងវិញ ក្រោយពីវាបានរលត់ស្ងាត់ឈឹងកាលពីថ្ងៃទី១០ ខែមិថុនា ដោយសារតែការកើតមានបាតុភូតព្យុះធូលីដ៏ធំសម្បើម ដែលបានគ្របដណ្តប់លើផ្ទៃនៃភពអង្គារ។

យុទ្ធនាការខាងលើបានផុតកំណត់កាលពីចុងសប្តាហ៍មុន ប៉ុន្តែ NASA បានបញ្ជាក់ថា ខ្លួននឹងបន្តយុទ្ធសាស្រ្ត Active Listening នេះ ដែលទាក់ទងនឹងការបញ្ជូនបញ្ជាទៅកាន់ Opportunity និងការរង់ចាំស្តាប់សំឡេងឆ្លើយតបមកវិញពីយានកង់ ០៦នេះ សម្រាប់រយៈពេលប៉ុន្មានខែទៀត គឺអាចដល់ខែមករា ឆ្នាំ២០១៩។

យានរុករក Opportunity បានចុះទៅដល់ Mars កាលពីខែមករា ឆ្នាំ២០០៤ គឺនៅប៉ុន្មានសប្តាហ៍ក្រោយយានភ្លោះរបស់វាឈ្មោះថា Spirit ដោយយានទាំងពីរបានធ្វើការស្រាវជ្រាវនៅលើតំបន់ខុសគ្នា នៃភពក្រហមយក្សនេះ ដើម្បីស្វែងរកសញ្ញានៃដានទឹកពីអតីតកាល និងបានរកឃើញភស្តុតាងជាច្រើន។

បេសកកម្មស្នូលរបស់ Spirit និង Opportunity ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅតែ០៣ខែប៉ុណ្ណោះ ប៉ុន្តែយានភ្លោះទាំងពីរគ្រឿងបាន បន្តធ្វើការរុករកនៅលើភពអង្គារដល់ទៅរាប់ឆ្នាំ។ យាន Spirit បានធ្វើការទាក់ទងលើកចុងក្រោយ ជាមួយក្រុមការងាររបស់វានៅលើផែនដីកាលពីឆ្នាំ២០១០ និងត្រូវប្រកាសថា លែងដំណើរការនៅមួយឆ្នាំក្រោយ។ ទោះជាបែបនេះក្តី យាន Opportunity នៅតែរឹងមាំដដែល រហូតទាល់តែដល់ពេលមានការវាយលុក ដោយមហាព្យុះធូលីនារដូវក្តៅឆ្នាំនេះ។

ព្យុះធូលីនោះបានគ្របដណ្តប់លើភពអង្គារទាំងមូល នៅថ្ងៃទី២០ ខែមិថុនា ប៉ុន្តែវាបានចាប់ផ្តើមថមថយទៅវិញ នៅមួយខែក្រោយ ហើយផ្ទាំងធូលីបានរំសាយកាន់តែខ្លាំងនៅថ្ងៃទី១១ ខែកញ្ញា ដែលជំរុញឲ្យក្រុមការងារ Opportunity គិតថា យានរុករកនេះប្រហែលជាអាចស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីសាកថ្មវាបានហើយ ដូច្នេះយុទ្ធនាការ Active Listening ក៏បានចាប់ផ្តើមប្រព្រឹត្តទៅ។

គួរជម្រាបថា យាន Opportunity បានឆ្លងកាត់ទុកលំបាកជាច្រើន ក្នុងអំឡុងការបំពេញបេសកកម្មរបស់វា នៅក្រោមអាកាសធាតុដ៏ត្រជាក់ នាពេលយប់នៅលើភពអង្គារ ដោយពុំមានឧបករណ៍ ដើម្បីជួយរក្សាគ្រឿងអេឡិចត្រូនិចរបស់វាមានភាពកក់ក្តៅឡើយ។ ហេតុដូចនេះ Opportunity អាចនឹងត្រជាក់រហូតដល់កកខូច ឬក៏មិនអាចងើបពីមុខងារក្នុងគ្រាអាសន្ន «Fault Mode» វិញបាន ប៉ុន្តែយើងមិនទាន់ដឹងច្បាស់មួយភាគរយឡើយ៕

