រកឃើញកាឡាក់ស៊ីតូចមួយ ស្ថិតនៅក្បែរកាឡាក់ស៊ីយើង ដែលកំពុងជិតផុតរលត់ជីវិត!
(ស៊ីដនី)៖ ក្រុមតារាវិទូនៃសាកវិទ្យាល័យជាតិអូស្រ្តាលី (ANU) និងទីភ្នាក់ងារស្រាវជ្រាវវិទ្យាសាស្រ្ត នៃរដ្ឋាភិបាលអូស្រ្តាលី CSIRO បានប្រទះឃើញកាឡាក់ស៊ីមួយ ដែលកំពុងការបាត់បង់ថាមពល ដោយសារដំណើរការបង្កើតផ្កាយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Phys.org នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការសិក្សាទៅលើកាឡាក់ស៊ីតូចមួយមានឈ្មោះថា Small Magellanic Cloud ឬ SMC ដែលនៅក្បែរកាឡាក់ស៊ី Milky Way របស់យើងបានប្រើប្រាស់រូបភាព ដែលថតបានដោយតេឡេស្កូបតាមដានរលកវិទ្យុសកម្មដ៏មានឥទ្ធិពល ASKAP របស់ទីភ្នាក់ងារ CSIRO។ ប្រការនេះបានឲ្យអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវ ធ្វើការស្វែងយល់ពីប្រតិកម្មរវាងកាឡាក់ស៊ី SMC និងបរិស្ថានជុំវិញវាបានលម្អិត និងត្រឹមត្រូវជាងមុនឆ្ងាយ។

ដោយយោងតាមការអង្កេតលើលំហូរដ៏ខ្លាំងសម្បើមនៃឧស្ម័នអ៊ីដ្រូសែន ដែលបញ្ចេញពី SMC កាឡាក់ស៊ីខ្នាតតូចមួយនេះ ត្រូវបានគេទស្សន៍ទាយថា នៅទីបំផុតនឹងលែងមានសមត្ថភាពបង្កើតផ្កាយថ្មីបានទៀតឡើយ ប្រសិនបើវាបាត់បង់រាល់ឧស្ម័នអវកាសទាំងអស់។ កាឡាក់ស៊ីដែលឈប់បង្កើតផ្កាយ គឺប្រៀបដូចជាកាឡាក់ស៊ីដែលស្លាប់មួយ។

គួរជម្រាបថា កាឡាក់ស៊ី SMC មានចម្ងាយ ១៩៩,០០០ឆ្នាំពន្លឺពីផែនដី និងមានមុខកាត់ប្រវែង ៧,០០០ឆ្នាំពន្លឺ។ កាឡាក់ស៊ីតូចនេះមានផ្ទុកផ្កាយត្រឹមប៉ុន្មានរយលានដួងប៉ុណ្ណោះ បើធៀបនឹង Milky Way ដែលអាចមានផ្កាយចន្លោះពី ២០០ ទៅ ៤០០ពាន់លានដួង ហើយវាមានម៉ាស់ធំជាងព្រះអាទិត្យ ០៧ពាន់លានដង។ កាឡាក់ស៊ី SMC ក៏ត្រូវបានចាត់ទុកជាកាឡាក់ស៊ីមិនគ្រប់លក្ខណៈផងដែរ ដោយសារតែវាមានទំហំតូច៕

