មិនធម្មតា! ក្រុមតារាវិទូធ្វើការអង្កេត «ចលនាជុំវិញប្រហោងខ្មៅយក្ស នៅកណ្តាលកាឡាក់ស៊ីយើង» ដែលមានចលនាស្រូបទាញយ៉ាងកញ្ជ្រោលបំផុត!
(វ៉ាស៊ីនតោន)៖ ក្រុមតារាវិទូជាលើកដំបូងបានធ្វើការអង្កេត ទៅលើបណ្តុំឧស្ម័នដែលស្ថិតនៅជាប់ប្រហោងខ្មៅយក្ស នៅចំកណ្តាលបេះដូងនៃកាឡាក់ស៊ី Milky Way។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកវិទ្យាសាស្រ្តគិតថា នៅចំកណ្តាលកាឡាក់ស៊ី Milky Way មានប្រហោងខ្មៅធំមួយឈ្មោះថា Sigittarius A*។ ការអង្កេតថ្មីៗនេះទៅលើតំបន់នោះ បានបង្ហាញឲ្យឃើញពីបណ្តុំឧស្ម័នអវកាស ធ្វើចលនាក្នុងល្បឿន ៣០ភាគរយនៃល្បឿនពន្លឺ ក្នុងគន្លងរាងវង្វង់ នៅជាប់មាត់ច្រកពេលវេលា (Event Horizon) របស់ប្រហោងខ្មៅនោះតែម្តង។

លទ្ធផលអង្កេត តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបដ៏មានអានុភាព នៅភាគខាងត្បូងទ្វីបអឺរ៉ុប មិនត្រឹមបញ្ជាក់ពីវត្តមាននៃប្រហោងខ្មៅ Sagittarius A* នៅកណ្តាល Milky Way ប៉ុណ្ណោះទេ វាក៏បានបង្ហាញផងដែរថា បណ្តុំឧស្ម័នអវកាសកំពុងធ្វើគោចរយ៉ាងកៀក ទៅនឹងមាត់របស់ប្រហោងខ្មៅដ៏ធំនោះ។

គួរជម្រាបថា ប្រហោងខ្មៅធំៗត្រូវគេជឿជាក់ថា មានវត្តមាននៅចំកណ្តាល នៃកាឡាក់ស៊ីភាគច្រើននៅក្នុងចក្រវាឡ។ កម្លាំងទំនាញនៃបាតុភូតអវកាសធំៗទាំងនេះ ស្រូបទាញឧស្ម័ន និងធូលីអវកាសដែលនៅជុំវិញ។ រូបធាតុភាគច្រើនក្នុងតំបន់រាងដូចបន្ទះឌីស ដែលគេហៅថា Accretion Disc នៅជុំវិញប្រហោងខ្មៅ Sagittarius A* ធ្វើគោចរនៅរយៈចម្ងាយ ដ៏មានសុវត្ថិភាពមួយ។

ប៉ុន្តែអ្វីៗដែលនៅទៅកៀកខ្លាំងពេក ប្រឈមនឹងការស្រូបចូលទៅក្នុងមាត់របស់ប្រហោងខ្មៅនោះ ជាទីកន្លែងដែលពុំអាចគេចចេញពីកម្លាំងទំនាញរបស់ Sagittarius A* បានឡើយ។ សម្រាប់សំណុំឧស្ម័នដែលតារាវិទូទើបអង្កេតឃើញថ្មីៗនេះ គឺស្ថិតនៅចម្ងាយជិតមាត់របស់ប្រហោងខ្មៅ Sagittarius A* បំផុត៕

