រកឃើញទេក្នុងស្នាមញញឹមរូបមួយសន្លឹកនេះ? Hubble ថតបានស្នាមញញឹមនៃចក្រវាឡ (រូបភាពខាងក្នុង)
(អាមេរិក)៖ រូបភាពថ្មីរបស់កែវយឺតអវកាស Hubble ដែលទើបត្រូវបានដាក់តាំងពីបង្ហាញជាសាធារណនៅក្នុងសប្តាហ៍នេះ ពិតជាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងប្រឹងសម្លឹងមើលមិនដាច់ភ្នែក ដើម្បីស្វែងរកមើលថាតើចំណុចណាទៅ ជាស្នាមញញឹមរបស់ចក្រវាឡ។ នេះបើតាមការចេញផ្សាយដោយ CNET នាល្ងាចថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

វាជាភាពអស្ចារ្យនៃកែវយឺតអវកាស Hubble របស់អង្គការ NASA ដែលមានសមត្ថភាពវែកញែកនូវពន្លឺនៃចក្រវាឡរបស់យើងឲ្យមានភាពភ្លឺថ្លា និងរបៀបរៀបរយនៅក្នុងរូបភាពនីមួយៗដែលខ្លួនថតបាន ហើយរូបភាពដោយចៃដន្យថ្មីមួយនេះ យើងអាចមើលឃើញច្បាស់នូវកាឡាក់ស៊ីចំនួនបីត្រួតលើគ្នា ហើយបង្កើតចេញជាមាត់ញញឹម និងភ្នែកមួយគូ ដែលតាមពិតទៅវាគ្រាន់តែភាពចៃដន្យនៃតំបន់ដែលផែនដីយើងស្ថិតនៅ អាចមើលឃើញទៅជាបែបនោះប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ គ្រប់គ្នានៅតែរីករាយ និងកោតសរសើរសមត្ថភាពរបស់ Hubble ព្រមទាំងភាពអស្ចារ្យនៃចក្រវាឡ ដែលជាបណ្តុំនៃកាឡាក់ស៊ីរាប់រយពាន់លាន និងមានអាថ៌កំបាំងច្រើនអនេក ដែលមិនអាចបកស្រាយអស់។ វាស្ថិតនៅក្នុងចង្កោមកាឡាក់ស៊ីដែលមានឈ្មោះថា SDSS J0952+3434 និងត្រូវបានថតដោយកាមេរ៉ា WFC3 ឬ កាមេរ៉ាទី ៣ របស់ Hubble ដែលមានសមត្ថភាពសម្រាំងនូវពន្លឺងងឹតខ្ពស់បំផុត។

បន្ថែមពីនេះរូបភាពថ្មីៗនៅអំឡុងបេសកកម្មរបស់ Hubble ពិតជាបានបកស្រាយនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើនទៀត ជាពិសេសគឺពាក់ព័ន្ធទៅហ្នឹងការបង្កើតផ្កាយ ឬប្រព័ន្ធព្រះអាទិត្យថ្មី ក្រោយបន្ទុះសូពើណូវ៉ា។ នៅក្នុងក្នុងបេសកកម្មនេះមានតែ កាមេរ៉ា WFC3 របស់ Hubble ដែលអាចចាប់យករូបភាពទំហំធំ និងបញ្ជូនមកផែនដីវិញ ដើម្បីឲ្យក្រុមអ្នកជំនាញធ្វើការស្វែងរកកន្លែងដែលតារាណាមួយកំពុងកកើត ដូច្នេះពួកគេអាចសិក្សាបន្ថែមអំពីវា។

គួរបញ្ជាក់ថា Hubble ដែលដំបូងឡើយតម្រូវឲ្យធ្វើការបានត្រឹមតែរយៈពេល ១៥ឆ្នាំនោះ សព្វថ្ងៃនេះ បានទម្លាយអាថ៌កំបាំងផ្នែកវិទ្យាសាស្រ្តជាច្រើនក្នុងរយៈពេលរហូតដល់ជាង ២៨ឆ្នាំហើយ ខណៈអ្នកវិទ្យាសាស្រ្តរំពឹងថា វានឹងអាចបន្តបង្កើតរបកគំហើញអស្ចារ្យយ៉ាងសន្ធឹកសន្ធាប់ថែមទៀត នាអំឡុងពេលយ៉ាងតិចមួយទសវត្សរ៍ខាងមុខ។ កែវយឺតអវកាស Hubble បានត្រឡប់មកដំណើរការជាធម្មតាដូចដើមវិញហើយ បន្ទាប់ពីឧបករណ៍តម្រង់ទិស និងទប់លំនឹង Gyroscope របស់វាត្រូវបានជួលជុលរួចរាល់៕

