បេសកកម្មធំៗ០២ត្រូវបញ្ចប់ទៅក៏ពិតមែន តែអង្គការ NASA នៅមានបេសកកម្មតូចធំ ៦០ទៀតនៅក្នុងដៃ (ស្វែងយល់)
(វ៉ាស៊ីនតោន)៖ ខណៈមួយរយៈចុងក្រោយនេះមានដំណឹងថា យានអវកាសមួយចំនួនបានគាំងដំណើរការមួយពេលខ្លី ខ្លះនៅតែមិនទាន់អាចទាក់ទងបាន ហើយបេសកកម្មធំៗចំនួន ០២ បានឈានចូលដល់ទេបញ្ចប់ថែមទៀតនោះ ប្រហែលជាមានអ្នកព្រួយបារម្ភច្រើនជាក់ជាមិនខានថា វាដូចជាពុំសូវមានរឿងល្អៗកើតឡើងក្នុងវិស័យអវកាសសោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

យ៉ាងណាមិញ ទីភ្នាក់ងារអវកាសអាមេរិក NASA បានលើកឡើងថា ពុំមានរឿងអ្វីគួរឲ្យបារម្ភជុំវិញបញ្ហាទាំងអស់នេះឡើយ ព្រោះថាគម្រោងបេសកកម្មជាង ៦០គម្រោងទៀតឯណោះ កំពុងតែស្ថិតក្រោមការអភិវឌ្ឍនាខណៈពេលនេះ។ ថ្មីៗនេះ NASA ទើបតែបានប្រកាសបិទបញ្ចប់បេសកកម្មរយៈពេលវែងចំនួន ០២ គឺ កែវយឺតអវកាសឆ្លុះភព Kepler និងយាន Dawn ដែលបានទៅសិក្សាតំបន់អាចម៍ផ្កាយ។

ការឈានដល់ទីបញ្ចប់នៃបេសកកម្មទាំងពីរ បានកើតមានឡើងចំពេលយានអវកាសមួយចំនួន បាននិងកំពុងជួបបញ្ហាថែមទៀត។ យានរ៉ូវើ Opportunity នៅលើភពអង្គារ (Mars) នៅតែពុំមានការឆ្លើយតបជិត ០៥ខែហើយ ចាប់តាំងពីវាត្រូវបានគ្របដណ្តប់ដោយព្យុះធូលីនៅលើដែនដីនោះ រីឯកែវយឺតអវកាស Hubble និង Chandra ក៏បានគាំងដំណើរការមួយពេលខ្លី កាលពីខែតុលាផងដែរ។

គួរជម្រាបថា ទន្ទឹមពេលដែលបេសកកម្មធំៗចំនួន ០២ បានបញ្ចប់ទៅក៏ដោយ បេសកកម្មផ្សេងទៀតរបស់ NASA បាននិងកំពុងចាប់ផ្តើមប្រតិបត្តិការរបស់វាជាបណ្តើរៗទៅហើយដែរ តួយ៉ាងដូចជាកែវយឺតអវកាស TESS ដែលជាអ្នកបន្តវេនពី Kepler បានចាប់ផ្តើមឆ្លុះរកភពអេលៀន កាលពីចុងខែកក្កដា និងបានរកឃើញភពចំនួនរួចបាត់ទៅហើយ ដើម្បីបន្តវេនពីគ្រឿងយន្តមុនៗ ដែលដល់ពេលត្រូវសម្រាក។

ក្រៅពីនេះយាន Parker Solar Probe ដែលមានគោលដៅទៅកៀកព្រះអាទិត្យបំផុតនោះ ទើបតែបានបាញ់បង្ហោះឡើងទីអវកាសកាលពីខែសីហា និងកំពុងធ្វើដំណើរកាត់ផ្កាយរបស់យើងជាដំបូង។ ម៉្យាងវិញទៀត យានរ៉ូវើថ្មីសម្រាប់រុករកលើភពអង្គារ ឈ្មោះថា InSight នឹងទៅដល់ភពក្រហមយក្សនេះនៅចុងខែនេះ ខណៈយាន New Horizons នឹងផ្តល់កាដូឆ្នាំថ្មីតាមរយៈការហោះឆ្វែលដុំថ្មអវកាសមួយ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper Belt ដែលនៅជាយប្រព័ន្ធព្រះអាទិត្យជាដើម។

គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្រេចឲ្យកែវយឺតអវកាស Kepler ចូលនិវត្តន៍ ដោយសារតែការអស់ឥន្ទនៈចាំបាច់សម្រាប់បន្តប្រតិបត្តិការស្រាវជ្រាវទៅមុខទៀត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ កែវយឺតអវកាស Kepler បានចំណាយពេល ០៩ឆ្នាំ នៅក្នុងលំហអវកាស និងបានរកឃើញភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា Exoplanet ជាង ២,៦០០ភព ដោយក្នុងចំណោមនោះមានភពមួយចំនួន អាចជាកន្លែងទ្រទ្រង់ជីវិតបានថែមទៀតផង។ បើតាមសេចក្តីប្រកាសរបស់ NASA កែវយឺតអវកាសនេះ នឹងចូលនិវត្តន៍ នៅក្នុងគន្លងគោចរសុវត្ថិភាពបច្ចុប្បន្នរបស់វា ដែលនៅឆ្ងាយពីផែនដី។

NASA បានឲ្យដឹងថា នៅពេលរៀបចំបង្កើតគម្រោងបេសកកម្មនេះ ជាលើកដំបូងកាលពី ៣៥ឆ្នាំមុន អ្នកវិទ្យាសាស្រ្តមិនដឹងថា មានភពណាមួយនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងឡើយ ប៉ុន្តែឥឡូវនេះមនុស្សគ្រប់គ្នាដឹងថា ភពមាននៅគ្រប់ទីកន្លែង ហើយ Kepler បានជួយរៀបចំបង្កើតវិថីមួយ ដែលពោរពេញដោយក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ ដើម្បីធ្វើការរុករកកាឡាក់ស៊ីរបស់យើង។ កែវយឺត Kepler ត្រូវបានបាញ់បង្ហោះឡើងទីអវកាសកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៩ ដោយមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ក្នុងការវាស់ស្ទង់កម្រិតពន្លឺរបស់ផ្កាយ រួមជាមួយកាមេរ៉េឌីជីថលធំបំផុតនាសម័យនោះ ដែលសាកសមឥតខ្ចោះសម្រាប់ការអង្កេតក្នុងទីអវកាស។

សម្រាប់គ្រឿងយន្តអវកាសមួយទៀតនោះ គឺ Dawn ដែលបានគោចរជុំវិញដុំថ្មអវកាសធំៗចំនួន ០២ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ឈ្មោះ Vesta និង Ceres និងសម្រេចបានសមិទ្ធផលជាច្រើននោះ ទីបំផុតអស់ឥន្ធនៈ និងបានឈានដល់ទីបញ្ចប់បាត់ទៅហើយដែរ នាដើមខែវិច្ឆិកា ឆ្នាំ២០១៨ នេះតែម្តង។ ការបញ្ចប់បេសកកម្ម Dawn គឺជារឿងគួរឲ្យសោកស្តាយថ្មីមួយទៀត ចំពោះអ្នកគាំទ្រវិស័យអវកាស

យានអវកាស Dawn ដែលមានតម្លៃ ៤៦៧លានដុល្លារ ត្រូវបានបញ្ជូនឡើងអវកាសកាលពីខែកញ្ញា ឆ្នាំ២០០៧ ដើម្បីសិក្សាទៅលើអាចម៍ផ្កាយយក្ស Vesta (មុខកាត់ ៥៣០គីឡូម៉ែត្រ) ដែលត្រូវចាត់ថ្នាក់ជា Protoplanet និង Ceres (៩៥០គីឡូម៉ែត្រ) ដែលត្រូវចាត់ថ្នាក់ជា Dwaft Planet។ អ្នកវិទ្យាសាស្រ្តបានចាត់ទុកដុំថ្មទាំងពីរនេះថា ជាវត្ថុដែលនៅសេសសល់ពីសម័យកាលនៃការកកើតភពនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដូច្នេះហើយទើបបេសកកម្មនេះ មានឈ្មោះថា Dawn ដែលមានន័យថា ព្រឹកព្រលឹម ឬការចាប់ផ្តើមដំបូង។

