ការសិក្សាថ្មី៖ ភពស្ថិតគន្លងគោចរជិតៗគ្នា តើអាចផ្ទេរជីវិតឲ្យគ្នាបាន ឬទេ?
(ឡុងដ៍)៖ ការសិក្សាវិភាគថ្មីមួយត្រូវបានធ្វើឡើងទៅនឹងចម្ងល់ថា តើជីវិតអាចចែករំលែកបានយ៉ាងដូចម្តេច រវាងភពមានគន្លងគោចរនៅជិតៗគ្នា ឬក៏ប្រព័ន្ធព្រះអាទិត្យពីរដែលស្ថិតនៅជិតគ្នានោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

គំនិតដែលថាជីវិតមានវត្តមាននៅពាសពេញចក្រវាឡ និងអាចធ្វើដំណើរដោយសេរីបាន គឺមានតាំងតែពីយូរណាស់ហើយ និងត្រូវបានគេហៅថា ទ្រឹស្តី Panspermia។ រហូតមកទល់ពេលនេះ មានការងឿងឆ្ងល់រាប់មិនទាក់ទងនឹងទ្រឹស្តី Panspermia រួមការលើកឡើងថា តើជីវិតនាំចេញ និងយកទៅកាន់ភពផែនដី ដោយរៀបណាជាដើម។ កាលពីឆ្នាំ២០០៩ លោក Stephen Hawking ក៏ធ្លាប់បាននិយាយផងដែរថា ជីវិតអាចរីកសាយពីភពមួយទៅភពមួយទៀត ឬពីប្រព័ន្ធផ្កាយមួយទៅកាន់ប្រព័ន្ធផ្កាយមួយទៀតបាន តាមរយៈអាចម៍ផ្កាយ។

លោក Dimitri Veras ដែលជាអ្នកវិទ្យាសាស្រ្តនៃសាកវិទ្យាល័យ Warwick នៅអង់គ្លេស និងជាប្រធានក្រុមស្រាវជ្រាវនាពេលថ្មីៗនេះ ជុំវិញប្រធានបទខាងលើបាននិយាយថា មួយសតវត្សរ៍ចុងក្រោយនេះ ទ្រឹស្តី Panspermia បានផ្តោតទៅលើការដឹកជញ្ជូនជីវិតនៅក្នុងប្រព័ន្ធសូឡារបស់យើងរួមទាំងផែនដី។

ដោយឡែក ប្រព័ន្ធផ្កាយ TRAPPIST-1 ដែលនៅចម្ងាយ ៣៩ឆ្នាំពន្លឺពីផែនដី និងមានភពចំនួន ០៧ស្ថិត នៅគន្លងគោចរបញ្ច្រៀតគ្នាក្នុងគន្លងគោចរតូចជាងគន្លងភពពុធ (Mercury) ទៅទៀតនោះ បានផ្លាស់ប្តូរចំពោះគំនិតដែលផ្តោតលើផែនដីនេះ។ ព្រះអាទិត្យនៃប្រព័ន្ធផ្កាយនោះ គឺជាប្រភេទផ្កាយពណ៌ក្រហម ដែលពុំសូវក្តៅប៉ុន្មានឡើយ។ ដូច្នេះហើយទោះបីជា ភពទាំង ០៧ ធ្វើគោចរនៅកៀកក៏ដោយ ពួកវាអាចស្ថិតនៅក្នុងតំបន់ Habitable Zone ក្រោមសីតុណ្ហភាពខុសៗគ្នា អាស្រ័យទៅលើបរិយាកាសរបស់ភពទាំងនោះ។ ហេតុដូចនេះ វាគឺជាគំរូល្អឥតខ្ចោះ សម្រាប់ការរុករកទ្រឹស្តី Panspermia។

បើតាមលោក Veras ក្នុងប្រព័ន្ធភពរបស់យើង គោលការណ៍គ្រឹះនៃដំណើរការទាក់ទងនឹងទ្រឹស្តី Panspermia ត្រូវបានបង្កើតឡើង ក្នុងនោះរួមមានភស្តុតាងថា ជីវិតអាចឆ្លងកាត់ការធ្វើដំណើរ ០៣ដំណាក់កាល ពីភពមួយទៅភពមួយ គឺការចាកចេញពីភពចាស់ ការធ្វើដំណើរក្នុងទីអវកាសរវាងភពទាំងពីរ និងការធ្លាក់ចុះទៅដល់ភពថ្មី ដោយដំណាក់កាលនីមួយ សុទ្ធតែជាបញ្ហាចោទសម្រាប់លទ្ធភាពរស់រាននៃជីវិត។

សព្វថ្ងៃនេះអ្នកវិទ្យាសាស្រ្តដឹងអំពីប្រព័ន្ធភពច្រើន ដែលអាចអង្កេតបានដូចជា TRAPPIST-1 ដែលមានភពច្រើនជាងមួយនៅក្នុងតំបន់ Habitable Zone ដូច្នេះហើយលទ្ធផលនៃការសិក្សាវិភាគរបស់លោក Veras នឹងយកទៅប្រើប្រាស់ ដើម្បីបង្កើនការស្វែងយល់ អំពីលទ្ធភាពដែលជីវិតអាចត្រូវចែករំលែករវាងភព នៅក្នុងប្រព័ន្ធព្រះអាទិត្យអេលៀនទាំងនេះ៕

