តោះ! ទៅរាប់ចំនួនប្រហោងខ្មៅ «Black Hole» នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍របស់យើងសាកមើល!
(អវកាស)៖ ប្រហោងខ្មៅមានចំនួនច្រើនខ្លាំងណាស់នៅក្នុងចក្រវាឡទាំងមូល រហូតដល់ថ្នាក់មិនអាចរាប់ឲ្យអស់បាន។ វាប្រៀបដូចជាការចោទសួរថាតើមានគ្រាប់ខ្សាច់ចំនួនប៉ុន្មាន នៅលើឆ្នេរសមុទ្រអ៊ីចឹង។ ក៏ប៉ុន្តែជាសំណាងល្អចក្រវាឡមានភាពទំហំដ៏សែនល្វឹងល្វើយជាហេតុពុំបណ្តាលឲ្យរាល់ប្រហោងខ្មៅ ដែលអ្នកវិទ្យាសាស្រ្តបានដឹងស្ថិតនៅកៀករហូតដល់បង្កការគំរាមកំហែង និងគ្រោះថ្នាក់ផ្សេងៗដល់ភពផែនដីនោះឡើយ។
ប្រហោះខ្មៅកកើតចេញជារូបរាងឡើងពីផ្កាយធំៗ នៅពេលដែលជីវិតពួកវាឈានដល់ទីបញ្ចប់នៅក្នុងបន្ទុះណូវ៉ា (Nova Explosions) ដ៏ខ្លាំងក្លា។ កាឡាក់ស៊ី Milky Way មានផ្កាយចំនួនប្រហែកជា ១០០ពាន់លាន ហើយបើតាមការប៉ាន់ស្មានមួយនៅក្នុងចំណោមតារាចំនួន១,០០០មានទំហំធំគ្រប់គ្រាន់ ដើម្បីប្រែក្លាយប្រហោងខ្មៅ។ ដូច្នេះហើយ កាឡាក់ស៊ីរបស់យើងច្បាស់ជាមានផ្ទុកប្រហោងខ្មៅចំនួន ១០០លានជាក់ជាមិនខាន តែភាគច្រើនមិនត្រូវអាចបានមើលឃើញដោយពួកយើងឡើយ ហើយមានតែមួយចំនួនប៉ុណ្ណោះដែលត្រូវបានរកឃើញ។
ប្រហោងខ្មៅដែលនៅកៀកបំផុត ស្ថិតនៅចម្ងាយប្រមាណ១,៦០០ឆ្នាំពន្លឺពីផែនដី ខណៈនៅក្នុងតំបន់នៃចក្រវាឡដែលអាចមើលឃើញពីភពរបស់យើង ប្រហែលជាមានកាឡាក់ស៊ីចំនួន១០០ពាន់លានទៀត ហើយកាឡាក់ស៊ីនីមួយៗមានប្រហោងខ្មៅប្រហែល១០០លាន។ ស្របពេលជាមួយគ្នា នៅកន្លែងណាមួយនៃចក្រវាឡ ប្រហោងខ្មៅដ៏ធំមហាសាល កំពុងកកើតឡើងចាញពីបន្ទុះស៊ូភើ (Supernova) ជារៀងរាល់វិនាទី។
ចំណែកប្រហោងខ្មៅដ៏ធំៗមហិមាវិញ មានទំហំចន្លោះពីមួយលានរហូតដល់មួយពាន់លានដងធំជាងព្រះអាទិត្យរបស់យើង ហើយអាចត្រូវបានរកឃើញនៅចំកណ្តាលនៃកាឡាក់ស៊ី ហើយកាឡាក់ស៊ីភាគច្រើន ឬប្រហែលជាគ្រប់កាឡាក់ស៊ីទាំងអស់មានផ្ទុកនូវប្រហោងដ៏ធំបែបនេះ។ ដូច្នេះនៅក្នុងតំបន់របស់យើងនៃចក្រវាឡ ទំនងជាមានវត្តមានរបស់ប្រហោងខ្មៅដែលមានទំហំធំៗបំផុតចំនួន ១០០ពាន់លាន ហើយប្រហោងខ្មៅខ្នាតធំ ដែលកៀកបំផុតស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way ដែលមានចម្ងាយ២៦ពាន់ឆ្នាំពន្លឺពីភពផែនដី៕