មានវិធីសាស្ត្រមួយអាចឲ្យអេលៀនរកឃើញផែនដីឆាប់ៗ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើនបានព្រមានមិនឲ្យធ្វើវាឡើយ…
(អាមេរិក)៖ ដូចយើងធ្លាប់ឃើញនៅក្នុងខ្សែភាពយន្ត នៅពេលដែលពួកអេលៀនមកដល់ភពផែនដី ភាគច្រើនពុំដែលមានរឿងល្អកើតឡើងឡើយ តួយ៉ាងសូម្បីតែលោក Stephen Hawking កាលនៅមានជីវិត ក៏ធ្លាប់បានព្រមានជាច្រើនដងផងដែរថា កុំព្យាយាមស្វែងរកអេលៀន ព្រោះពួកគេប្រាកដជាមានបច្ចេកវិទ្យាខ្លាំងជាងមនុស្សយើង និងអាចឈ្លានពានយើងដោយវិធីសាហាវៗបាន។ ទោះជាបែបនេះក្តីវាពុំអាចរារាំងអ្នកវិទ្យាសាស្រ្តមួយចំនួន ពីការរិះរកមធ្យោបាយ ដើម្បីទាក់ទាញអេលៀនមកកាន់ផែនដីបានឡើយ។

ការសិក្សាលទ្ធភាពថ្មីមួយបានលើកឡើងថា ពួកយើងអាចបាញ់កាំរស្មីឡាស៊ែរឡើងទៅក្នុងទីអវកាស ដើម្បីធ្វើជាភ្លើងសញ្ញាសម្រាប់ឲ្យពួកអេលៀន ស្វែងរកភពយើងឃើញបានកាន់តែលឿន ហើយឡាស៊ែរទាំងនោះ គឺជាវិធីសាស្ត្រមួយដែលអាចមានការចំណាយតិចជាងការបង្ហោះយានទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ BGR នៅរសៀលថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការសិក្សាខាងលើដែលត្រូវបានចុះផ្សាយលើទស្សនាវដ្តីវិទ្យាសាស្រ្ត The Astrophysical Journal បានឲ្យដឹងថា បច្ចេកវិទ្យាដែលមានស្រាប់នាពេលបច្ចុប្បន្ន អាចប្រើប្រាស់ដើម្បីផលិតកាំរស្មីប្រភេទ Infrared មួយដែលភ្លឺគ្រប់គ្រាន់ដើម្បីអាចឲ្យក្រុមជីវិតអេលៀនឆ្លាតវៃអាចប្រទះឃើញបាន។ នៅពេលកាំរស្មីនោះត្រូវប្រទះឃើញ វាប្រៀបដូចជាសញ្ញានាំផ្លូវសម្រាប់ឲ្យអេលៀន ធ្វើដំណើរមកកាន់ភពផែនដីដូច្នោះឯង។

យ៉ាងណាមិញបញ្ហាចោទធំបំផុត ចំពោះការប៉ុនប៉ងបង្កើតកាំរស្មីបែបនេះ ដែលអាចមើលឃើញដោយអេលៀន គឺការធ្វើឲ្យវាមានអានុភាពគ្រប់គ្រាន់ ដើម្បីអាចមើលឃើញបានពីរយៈពេលចម្ងាយឆ្ងាយ សូម្បីនៅក្រោមស្ថានភាព នៃការប្រជែងពីពន្លឺព្រះអាទិត្យក៏ដោយ។ ការសិក្សាខាងលើបានបកស្រាយថា កាំរស្មីឡាស៊ែរពី ១ ទៅ ២មេហ្គាវ៉ាត់ អាចមានលទ្ធភាពគ្រប់គ្រាន់ប្រសិនបើវាត្រូវបាញ់ចេញ ពីកែវយឺតអវកាសដែលមានទំហំ ៤៥ម៉ែត្រ។

គួរជម្រាបថា សព្វថ្ងៃនេះពុំទាន់មានផែនការច្បាស់លាស់ណាមួយនៅឡើយទេ ដើម្បីដាក់ដំណើរការនូវកាំរស្មីបែបនេះ។ មនុស្សលោកយើងក៏បានបញ្ជូនយានមួយចំនួនដូចជា Voyager ដែលមានផ្ទុកផែនដីមកកាន់ផែនដី ទៅកាន់តំបន់ Interstellar Space ហួសពីប្រព័ន្ធអាទិត្យរបស់យើងរួចស្រេចទៅហើយដែរ ក្រោមក្តីសង្ឃឹមថា អ្វីម៉្យាងនឹងអាចរកឃើញយានអវកាសនោះ ហើយធ្វើដំណើរមកកាន់ផែនដី។

ថាមិនត្រូវដែរ បើជីវិតនៅក្រៅភពផែនដី ពិតជាមានមែននោះថ្ងៃណាមួយនាពេលអនាគតពួកអេលៀនទាំងនោះ ប្រហែលជាអាចរកយើងឃើញ មិនថាតាមរបៀបខាងលើ ឬក៏ដោយចៃដន្យទាំងស្រុងឡើយ។ យ៉ាងណាក៏ដោយ សម្រាប់ពួកអេលៀនដែលអាចមករកផែនដីយើងឃើញ នោះពួកគេប្រាកដជាមានបច្ចេកវិទ្យាខ្ពស់លើសយើងដាច់ ហើយប្រាកដណាស់ ពួកគេមកទីនេះគឺមានគោលដៅមួយយ៉ាងពិតប្រាកដ…៕

