រុស្ស៊ីមិនឲ្យអាមេរិក និងចិនបានដៃឡើយ ដោយគ្រោងបញ្ជូនមនុស្សយន្តទៅស្រាវជ្រាវព្រះច័ន្ទនៅអំឡុងទសវត្សរ៍ ២០៣០…
(ម៉ូស្គូ)៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី លោក Dmitry Rogozin បានបង្ហើបឲ្យដឹងនាថ្ងៃអង្គារនេះថា រុស្ស៉ីគ្រោងនឹងបង្កើតមូលដ្ឋានសម្រាប់រយៈពេលយូរអង្វែងមួយ នៅលើផ្ទៃនៃព្រះច័ន្ទ ហើយនឹងសិក្សាទៅលើទីឋានរណបផែនដីនេះតាមប្រើជំនួយពីមនុស្សយន្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Rogozin បាននិយាយយ៉ាងដូច្នេះថា «នេះគឺជាគម្រោងនៃការបង្កើតមូលដ្ឋានយូរអង្វែងមួយ ដែលទោះបីមិនអាចឲ្យមនុស្សរស់នៅបានក៏ដោយ ប៉ុន្តែអាចទៅទស្សនកិច្ចបាន។ និយាយរួមវាគឺជាការផ្លាស់ប្តួរទៅរកប្រព័ន្ធមនុស្សយន្ត ដែលនឹងដោះស្រាយនូវការងារផ្សេងៗនៅលើផ្ទៃព្រះច័ន្ទ»។

លោក Rogizin បានបន្តថា គម្រោងខាងលើគឺមានមហិច្ឆតាធំ និងការទទួលខុសត្រូវច្រើនជាងអ្វីដែល សហរដ្ឋអាមេរិកបានជួបប្រទះកាលពីអំឡុងកម្មវិធីរុករកលើឋានព្រះច័ន្ទរបស់ពួកគេកាលពីចន្លោះទសវត្សរ៍៦០ និង ៧០ នោះទៅទៀត ព្រោះកាលណោះអាមេរិកត្រឹមបញ្ជូនមនុស្សទៅ និងមិនបានសិក្សាស៊ីជម្រៅខ្លាំងឡើយ។

ទោះជាបែបនេះក្តី ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ីពុំបានបញ្ជាក់ច្បាស់ថា តើ វានឹងមានរយៈពេលយូរប៉ុណ្ណាឡើយ បន្ទាប់ពីការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០៣០ ទើបអាចមានការបង្កើតមូលដ្ឋានពេញលេញមួយនៅលើទីនោះ ខណៈបច្ចុប្បន្នសហរដ្ឋអាមេរិក និងប្រទេសចិនហាក់ក្លាយជាដៃគូប្រជែងខ្លាំងក្លាជាងគេ ក្នុងការរុករកនៅឋានព្រះច័ន្ទ។

គួរបញ្ជាក់ថា គំរោងធំៗរបស់ចិននៅឋានព្រះច័ន្ទនោះ គឺការបង្កើតមូលដ្ឋានស្រាវជ្រាវអចិន្ត្រៃយ៍លើផ្ទៃព្រះច័ន្ទ និងផ្កាយរណបនៅទីនោះផងដែរ ដោយគ្រោងសម្រេចលទ្ធផលបណ្តើរៗនៅទសវត្សរ៍ ២០២០។ ដោយឡែកសហរដ្ឋអាមេរិកវិញ តាមការបញ្ជាផ្ទាល់ពីលោក ដូណាល់ ត្រាំ ស្ថានីយច្រកទ្វារអវកាសឋានព្រះច័ន្ទ (Lunar Orbital Space Platform Gateway) នឹងចេញជារូបរាងនៅអំឡុងទសវត្សរ៍ ២០២០ ដូចគ្នា៕

