បច្ចេកវិទ្យាអវកាសដ៏មហាអស្ចារ្យទាំង ៥ ដែលអ្នកអាចត្រឹមឃើញក្នុងខ្សែភាពយន្តប៉ុណ្ណោះ (រូបភាពខាងក្នុង)
(ភ្នំពេញ)៖ ការស្រម៉ៃរបស់មនុស្សលោក ជាពិសេសគឺផលិតករខ្សែភាពយន្តអន្តរជាតិល្បីៗ មិនដែលចេះអស់ និងច្រំដែលនោះឡើយ ដោយពួកគេព្យាយាមរិះរកគោលគំនិតថ្មីៗ ដើម្បីទាក់ទាញអ្នកអានសៀវភៅ និងទស្សនាខ្សែភាពយន្តរបស់ពួកគេ នៅពេលផលិតរួចម្តងៗ។ តួយ៉ាងដូចជាបច្ចេកវិទ្យាអស្ចារ្យទាំង ៥ ខាងក្រោមនេះ ក៏បានធ្វើឲ្យមនុស្សមួយចំនួនធ្លាប់គិតថា ថ្ងៃណាមួយអាចនឹងកើតមានពិតប្រាកដ ហើយអ្នកខ្លះទៀតបែរជាគិតថា គ្មានថ្ងៃនឹងអាចលេចរូបរាងផងដែរ៖

១. យានក្នុងរឿង Elysium ឆ្នាំ២០១៣៖ យាននេះគឺជាស្ថានីយអវកាសដ៏ធំមហិមាមួយ ដែលមើលទៅប្រៀបដូចជាភពឋានសួគ៌ក្នុងទីអវកាស ដែលមានតែអ្នកមានស្តុកស្តម្ភប៉ុណ្ណោះដែលអាចទៅរស់នៅ និងកម្សាន្តសប្បាយទៅទីនោះបាន។ នៅពេលអ្នកចុះឈ្មោះជាសមាជិករបស់យាននេះ វាត្រូវបានបញ្ចូលកម្មវិធីដោយស្វ័យប្រវត្តិ ដើម្បីបញ្ជូន យានខ្នាតតូចឲ្យទៅដឹកអ្នកឡើង-ចុះផែនដីបានដោយងាយស្រួល។

២.យាន Millennium Falcon ក្នុងរឿង Star Wars៖ យានអវកាសនេះអាចចាត់ទុកថា គឺជាសញ្ញាសម្គាល់យ៉ាងលេចធ្លោមួយនៅក្នុងចំណោមអ្នកគាំទ្រនៃស្រឡាយខ្សែភាពយន្ត Star Wars។ យានអវកាសនេះ មានល្បឿនលឿន និងអាចបត់បែនបានគ្រប់កាលៈទេសៈ។ Millennium Falcon អាចធ្វើដំណើរក្នុងចន្លោះក៏ដូចជាច្រកតូចៗ និងធ្វើការប្រយុទ្ធទាំងនៅលើភព ឬក្រៅភពក៏បាន។

៣. យានរបស់ពួកអម្បូរអេលៀន Heptapods ក្នុងរឿង Arrival ឆ្នាំ២០១៦៖ យានចម្លែកនេះពុំត្រូវបានគេដឹងលក្ខណៈច្បាស់ឡើយ ដោយវាអាចនៅសំកាំងពីលើផ្ទៃដី ដោយហាក់ដូចជាពុំមានម៉ាស៊ីននោះទេ។ និយាយរួមយានរបស់ពួកអេលៀននេះមើលទៅអស្ចារ្យ និងពោរពេញដោយភាពអាថ៌កំបាំង ដែលពិបាកបកស្រាយ។

៤. យាន Death Star និង Starkiller Base ក្នុងរឿង Star Wars៖ យានអវកាសនេះគឺផ្តោតទៅលើកម្លាំងថាមពលសុទ្ធសាធ គឺថាវាមានសមត្ថភាពកម្ទេចភពឬប្រព័ន្ធភពមួយឲ្យរលាយបាត់ ក្នុងរយៈពេលត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

៥. យាន USCSS Prometheus ក្នុងរឿង Prometheus ឆ្នាំ២០១២៖ Prometheus ជាយានទំនើបបំផុតដែលមានល្បឿនធ្វើដំណើរលឿនជាងពន្លឺ។ វាជាប្រភេទយានធ្វើដំណើរចម្ងាយឆ្ងាយ ដែលមានបន្ទប់ឲ្យមនុស្សសម្រាកលង់លក់ក្នុងលក្ខណៈ Hypersleep មានយានខ្នាតតូចជាច្រើនធ្វើការរុករកនៅលើភពផ្សេងៗ មានយានសម្រាប់គេចខ្លួន និងមានអង់តែនទំនាក់ទំនងឆ្លងកាឡាក់ស៊ីថែមទៀត។

ពិតប្រាកដណាស់ យ៉ាងទាំងឡាយខាងលើនេះ ពិតជាធ្វើឲ្យអស់លោកអ្នករំភើប ដោយគ្រាន់តែឃើញរូប និងដឹងពីសមត្ថភាព ប៉ុន្តែសម្រាប់សមត្ថភាពបែបប្រឌិតយ៉ាងនេះ ពេលខ្លះក៏មិនអាចគណនាបានដែរថា វានឹងអាចទៅរួចដោយរបៀបណា។ ទោះបីជាមនុស្សលោកមានលទ្ធភាព និងរូបមន្តផលិតឧបករណ៍ទាំងនោះមែន ប៉ុន្តែសំនួរធំមួយនោះគឺថា តើនរណានឹងទៅចំណាយធនធាន ដើម្បីផលិតវាឡើង?

