កុំឲ្យចាញ់ SpaceX និង Blue Origin អង្គការ NASA កំពុងត្រៀមនាំអ្នកទេសចរឡើងទៅលេងទីអវកាសដែរ…
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាពេលឆាប់ៗនេះ ប្រហែលនឹងចាប់ផ្តើមលក់សំបុត្រសម្រាប់ការធ្វើដំណើរទេសចរណ៍ ទៅកាន់ទីអវកាសដែរហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Fortune នៅយប់ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដំណឹងខាងលើនេះបានលេចចេញលើសារព័ត៌មានអាមេរិក Washington Post ដែលបានចុះផ្សាយថា អង្គការ NASA បន្ទាប់ពីបានឃើញក្រុមហ៊ុនអវកាសឯកជនដូចជា Virgin Galaxy, Blue Origin, និង SpaceX នាំគ្នាប្រកួតប្រជែងរឿងបញ្ជូនភ្ញៀវទេសចរចេញទៅក្រៅបរិយាកាសផែនដី កំពុងតែពិចារណាលើការលក់សំបុត្រ ឲ្យពលរដ្ឋសាមញ្ញធ្វើដំណើរតាមគ្រាប់រ៉ុក្កែតឆ្ពោះទៅ និងមកពីស្ថានីយអវកាសអន្តរជាតិ ISS ដូចគេដូចឯងដែរ។
ទោះបីនេះអាចក្លាយជាលើកដំបូង សម្រាប់សហរដ្ឋអាមេរិកក៏ដោយ ប្រទេសរុស្ស៉ីវិញ បានធ្វើការបញ្ជូនអ្នកទេសចរឡើងទៅកាន់ទីអវកាស ចាប់តាំងតែពីឆ្នាំ២០០១ មកម្ល៉េះ នៅពេលមហាសេដ្ឋីអាមេរិកម្នាក់ឈ្មោះ Dennis Tito បានចំណាយលុយ ២០លានដុល្លារ ដើម្បីជិះគ្រាប់រ៉ុក្កែត Soyuz ទៅកាន់ ISS។
ក្រៅពីការនាំយកពលរដ្ឋសាមញ្ញឡើងទៅអវកាស រុស្ស៉ីក៏បានបំផុសនូវគំនិតនៃការសាងសង់សណ្ឋាគារប្រណិតមួយនៅលើស្ថានីយ ISS ផងដែរ ដែលអាចឲ្យភ្ញៀវទេសចរធ្វើការកក់ក្នុងតម្លៃ ២០លានដុល្លារបាន ដើម្បីស្នាក់នៅកម្សាន្តសម្រាប់រយៈពេល ០២សប្តាហ៍ថែមទៀតផង៕

