អាចដែរឬ? អ្នកវិទ្យាសាស្ត្រចង់បាញ់ធាតុគីមីមួយប្រភេទទៅក្នុងបរិយាកាស ដែលអាចទប់ការកើនកម្តៅផែនដីពាក់កណ្តាល!
(វ៉ាស៊ីនតោន)៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដែលទើបចុះផ្សាយនាថ្ងៃសុក្រសប្តាហ៍នេះ អ្នកវិទ្យាសាស្រ្តបានស្នើចេញនូវវិធីសាស្រ្តថ្មី ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ នោះគឺតាមរយៈការបាញ់សារធាតុគីមីម៉្យាង ទៅក្នុងបរិយាកាសផែនដី ដើម្បីរារាំងកាំរស្មី UV របស់ព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យអាមេរិក Harvard និង Yale បានស្នើចេញនូវការប្រើប្រាស់វិធីសាស្រ្ត «បាញ់សារធាតុគីមីទៅក្នុងបរិយាកាស» ហៅថា Stratospheric Aerosol Injection (SAI) ដែលពួកគេជឿជាក់ថា អាចកាត់បន្ថយអត្រានៃការកើនឡើងកម្តៅផែនដីបានពាក់កណ្តាល។
គួរជម្រាបថា វិធីសាស្រ្តនេះនឹងតម្រូវឲ្យមានការបាញ់ភាគល្អិត «ស៊ុលហ្វាត (Sulfate)» ក្នុងបរិមាណយ៉ាងច្រើន ទៅក្នុងស្រទាប់ Stratosphere របស់ផែនដី ស្ថិតនៅរយៈកម្ពស់១៩.៣គីឡូម៉ែត្រ ពីស្រទាប់លើនៃភពផែនដី។
សម្រាប់ការចំណាយប៉ាន់ស្មានសម្រាប់ការបាញ់សារធាតុទាំងនេះ បញ្ចូលទៅក្នុងបរិយាកាស គឺប្រហែល ២.២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាមិញ បច្ចុប្បន្នពុំមានយន្តហោះ ឬមធ្យោបាយណាផ្សេង ដើម្បីអាចបំពេញគោលដៅបេសកកម្មនេះបានឡើយ ហើយការសិក្សាខាងលើក៏បានទទួលស្គាល់ផងដែរថា វិធីសាស្រ្តនេះគឺជាលក្ខណៈសម្មតិកម្មសុទ្ធសាធ៕

