តើរលកសញ្ញា (វិទ្យុសកម្ម) ដែលចាប់បានពីទីអវកាស ត្រូវបានបញ្ជូនពីភពផ្សេង ឬពួកអេលៀនមែនទេ?
(ពិភពលោក)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា រលកសញ្ញាដ៏អាថ៌កំបាំងបំផុតនៅក្នុងចក្រវាឡ តាមពិតគឺត្រូវបានបញ្ជូនមកពីលំហអាកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
Fast Radio Bursts ជារលកសញ្ញាដ៏ចម្លែកដែលជារឿយៗ ត្រូវបានបញ្ជូនមកកាន់ផែនដីនោះ ត្រូវបានគេវិភាគ និងធ្វើការសន្និដ្ឋានខុសៗគ្នាថាអាចមកពីមនុស្សក្រៅភព ឬអេលៀនរហូតដល់កំហុសនៃការវាស់ស្ទង់រលកសញ្ញាក៏មាន។ ក៏ប៉ុន្តែនាពេលនេះក្រុមអ្នកស្រាវជ្រាវបានទាត់ចោលចំពោះការពន្យល់ថា វាជារលកសញ្ញាមកពីអេលៀននោះ ដោយបញ្ជាក់ថារលកសញ្ញាពោរពេញដោយអាថ៌កំបាំងនេះតាមពិតពុំមែនធ្វើដំណើរមកពីទីអវកាសនោះឡើយ តែមកពីការរំខាននៅលើផែនដីផ្ទាល់ទៅវិញទេ។
ការរកឃើញថ្មីបានបញ្ជាក់ថា រលកវិទ្យុសញ្ញាដ៏ខ្លាំងដែលត្រូវគេធ្វើការតាមដានអស់រយៈពេល១០ឆ្នាំមកហើយនោះ គឺមកពីកន្លែងណាមួយនៅក្នុងចក្រវាឡ។
គួរបញ្ជាក់ថារលកសញ្ញា Fast Radio Bursts (FRBs) ត្រូវបានគេរកឃើញកាលពី១០ឆ្នាំមុន ហើយមានមតិខ្លះយល់ឃើញថា ពួកវាគឺជាសាររបស់អេលៀន ប៉ុន្តែអ្នកដទៃទៀតបានលើកឡើងថា ពួកវាគឺជាការរំខាននៅលើផែនដី ដែលបញ្ឆោតក្រុមតារាវិទូឲ្យគិតថាពួកគេរកឃើញរលកសញ្ញា ឬសារដ៏ចម្លែកៗទៅវិញទេ។
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងថ្មីបានបញ្ជាក់ថា ធាតុពិតជាក់ស្តែងរលកសញ្ញានេះមានប្រភពមកពីក្រៅបរិយាកាសនៃភពផែនដីប្រាកដមែន។ ក្រុមអ្នកវិទ្យាសាស្រ្តបានសម្រេចសន្និដ្ឋានក៏ដូចជាអះអាងបែបនេះ បន្ទាប់ពីទទួលបានរលកសញ្ញា FRBs ចំនួនបីតាមរយៈការប្រើប្រាស់ចានផ្កាយរណប Molonglo ដែលស្ថិតនៅក្បែរទីក្រុងកង់បេរ៉ា នៃប្រទេសអូស្រ្តាលីនាពេលថ្មីៗនេះ ហើយពេលនេះ ពួកគេកំពុងតែធ្វើការងារបន្ថែមទៀត ដើម្បីស្វែងយល់ពីទីតាំងប្រាកដនៃប្រភពរបស់រលកសញ្ញានោះ៕