Oops! រុស្ស៊ីសន្យាស៊ើបរកការពិត! តើការបញ្ជូនមនុស្សទៅឋានព្រះច័ន្ទរបស់អាមេរិក ជាការពិត ឬបោកប្រាស?
(ម៉ូស្គូ)៖ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ មានការសាកសួរជាច្រើន និងការបង្ហោះព័ត៌មានបែកធ្លាយអំពីភស្តុតាងនានាដែលមានចេតនាចង់បញ្ជាក់ថា តាមពិតការបញ្ជូនមនុស្សដំបូងទៅជាន់ដីឋានព្រះច័ន្ទ ដោយអង្គការ NASA របស់សហរដ្ឋអាមេរិក កាលពីចុងទសវត្សរ៍ ១៩៦០ និងដើមទសវត្សរ៍ ១៩៧០ គឺជារឿងបោកប្រាសនោះ ប្រមុខដឹកនាំទីភ្នាក់ងារអវកាសជាតិរុស្ស៊ី លោក Dmitry Rogozin បានសន្យាថា លោកនឹងបង្កើតបេសកកម្មមួយ ដើម្បីស្វែងរកពិតលើរឿងនេះ។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មានអង់គ្លេស Independent នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រធានទីភ្នាក់ងារអវកាសជាតិរុស្ស៊ី Roscomos បានថ្លែងដូចខាងលើនេះ បន្ទាប់ពីមានសំនួរមួយពីសំណាក់អ្នកសារព័ត៌មានលេចឡើង អំឡុងពេលដែលលោកកំពុងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីប្រទេស Moldova លោក Igor Dodon។ មុខនឹងឆ្លើយសំនួរដែលសួរថា តើបេសកកម្មបញ្ជូនមនុស្សជាន់ដីព្រះច័ន្ទ ដែលអាមេរិកបានធ្វើដំបូងកាលពីឆ្នាំ១៩៦៩ គឺជារឿងបោកប្រាស ឬអត់នោះ លោក Rogozin បានបង្ហាញអការៈដូចជា ទើបលឺរឿងកំប្លែង និងសញ្ជឹងគិតបន្តិចទើបលោកឆ្លើយថា ការនិយាយពីភាពអាថ៌កំបាំង ឬការបោកប្រាសជុំវិញបេសកកម្មបញ្ជូនមនុស្ស ទៅឋានព្រះច័ន្ទរបស់អាមេរិកនោះ គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសរុស្ស៊ី។
ជុំវិញវីដេអូពាក់ព័ន្ធមួយ ដែលត្រូវបានបង្ហោះទៅក្នុងបណ្តាញសង្គម Twitter លោក Rogozin បាននិយាយថា «យើងឈរលើគោលដៅនេះ ដើម្បីបញ្ជូនយានទៅព្រះច័ន្ទ ហើយស្វែងរកថា តើពិតជាធ្លាប់មានមនុស្សទៅដល់ទីនោះ ដែរឬយ៉ាងណា…»។ បេសកកម្មឡើងទៅឋានព្រះច័ន្ទរបស់អាមេរិក ត្រូវបានធ្វើឡើងជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ជាមួយនឹងអវកាសយានិក Neil Armstrong និង Buzz Aldrin កាលពីឆ្នាំ១៩៦៩ ហើយនៅឆ្នាំបន្តបន្ទាប់ទៀត អង្គការបានបញ្ជូនអវកាសយានិកសរុបរហូតដល់ ០៦រូប ឡើងទៅឋានព្រះច័ន្ទ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អតីតអ្នកនាំពាក្យសម្រាប់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Vladiimir Markin បាននិយាយថា រុស្ស៊ីកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតជុំវិញការបញ្ជូនមនុស្សឡើងឋានព្រះច័ន្ទ កាលពីឆ្នាំ១៩៦៩ ដែលកាលណោះមានទាំងការបង្ហាញដានស្បែកជើងមនុស្សដំបូងលើផ្ទៃព្រះច័ន្ទ និងការយកដុំថ្មពីព្រះច័ន្ទត្រឡប់មកធ្វើការពិសោធន៍នៅលើភពផែនដីវិញថែមទៀតផង។
កិច្ចអត្ថាធិប្បាយរបស់លោក Markin ត្រូវបានចុះផ្សាយនៅលើកាសែត Izvestia យ៉ាងដូច្នេះថា «យើងមិនចង់ឈ្លោះប្រកែកដោយការនិយាយថា ពួកគេមិនបានហោះទៅព្រះច័ន្ទ និងគ្រាន់តែជាការសម្តែងកុនអំពីរឿងនេះឡើយ…។ ប៉ុន្តែវាគឺត្រូវបានចាត់់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ ឬជាផ្នែកមួយនៃកេរដំណែលមនុស្សជាតិ ហើយបើសិននេះជាភាពក្លែងក្លាយ នោះវាក៏ជាការបាត់បង់របស់យើងផងដែរ។ ដូច្នេះការស៊ើបអង្កេតគួរតែមាន ដើម្បីបង្ហាញនូវអ្វីដែលជាការពិត…»។ ទោះបីជាបែបនេះក្តី ការអះអាងអំពីការស៊ើបអង្កេតរបស់រុស្ស៊ីជាថ្មីនេះមិនទាន់មានការបញ្ជាក់ថា នឹងកើតឡើងនាពេលណានោះឡើយ៕

