នេះជារូបភាព​ពិតឥតប្រឌិត ថតបាន​ដោយ​យាន InSight នៅលើ​ភពអង្គារ (រូបភាពខាងក្នុង)

145

(អាមេរិក)៖ បន្ទាប់ពីចុះចត​ដោយ​ជោគជ័យ យាន Insight របស់អង្គការ NASA បានផ្ញើរូបភាព​ស៊ែលហ្វី (Selfi) ​ដំបូង​បំផុតរបស់វា​ពីភពអង្គារ​មក​ ឲ្យអ្នកនៅលើផែនដី​បាន​ឃើញ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Daily Mail (Mail Online) នៅល្ងាចថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ខណៈដែល​ទីបំផុត​ InSight ចុះទៅដល់ដី​ភពអង្គារ (Mars) ​ដោយបាន​សម្រេច ក្រោយការធ្វើដំណើរ​ក្នុងទីអវកាសជិត​ ៧ខែនោះ ​អង្គការ NASA បានបញ្ចេញ​រូបភាពមួយភ្លែត ដែលយានថ្មីរបស់ខ្លួន​ថតបានពី Mars។ រូបភាពនេះ​បង្ហាញ​ឲ្យអ្នកនៅលើផែនដី​ឃើញ មើលឃើញពីតួខ្លួនមួយ​ផ្នែករបស់យាន InSight រួមជាមួយ​ទិដ្ឋភាពនៃផ្ទៃដី​​របស់ភពក្រហម​ ដែលអ្នកវិទ្យាសាស្រ្ត​ជឿជាក់ថា ធ្លាប់មានលក្ខណៈស្រដៀង​ភពរបស់​យើង។​

រូបភាព​មួយសន្លឹកនេះ​ត្រូវបានបញ្ជូនមកផែនដី​តាមរយៈ ផ្កាយរណបមួយគ្រឿង​របស់ NASA ដែលកំពុងគោចរជុំវិញភព​អង្គារ ក្រោយពីវាទទួលបានរូបភាពពីយាន InSight នៅតំបន់ដែលយានតម្លៃ​០១ពាន់លានដុល្លារនេះចុះចត ហៅថា Elysium Planitia ដែលស្ថិតនៅភាគខាងជើងនៃ​ខ្សែបន្ទាត់អេក្វាទ័រ​របស់ Mars និងជា​កន្លែង​ប្រសើរមួយ​ ដោយសារ​តែភាព​រាប​ស្មើ​ពុំសូវមានថ្មរដិបរបុបនៅតំបន់នោះ​។

ការបញ្ជូនរូបភាពនេះមានន័យថា ផ្ទាំងសូឡា​របស់ InSight ត្រូវបានលាតបើកដោយ​ជោគជ័យ​ ពោល​គឺ​វា​អាចស្រូប​ពន្លឺ​​ព្រះអាទិត្យ និងសាកថ្មរបស់វា​ជារៀងរាល់ថ្ងៃបាន។ តាមរយៈការប្រើប្រាស់​ដៃរ៉ូបូត​​របស់​ InSight ដែលមាន​បំពាក់​កាមេរ៉ា ក្រុមការងារបេសកកម្ម នឹងអាចថតរូបភាព​ជាច្រើនសន្លឹកថែមទៀត​ក្នុងពេល​ខាងមុខ។ ប្រការនេះនឹង​ជួយ​ដល់​ក្រុមវិស្វករ​​វាយតម្លៃ លើកន្លែង​ដំឡើង​ឧបករណ៍​ស្រាវជ្រាវវិទ្យាសាស្រ្ត​របស់ InSight ដែលនឹងត្រូវចាប់​ផ្តើមបញ្ជូន​ទិន្ន​ន័យ​មកផែនដី ក្នុងរយៈពេលពីរ​ទៅបីខែខាងមុខ​ផងដែរ។

គួរជម្រាបថា បេសកកម្ម InSight គឺជាការចុះចត​ដោយជោគជ័យលើកទី ៨ ​​របស់អង្គការ NASA នៅលើ​ភពអង្គារ គិត​ចាប់តាំងពី​បេសកកម្ម Viking កាលពីឆ្នាំ១៩៧៦​មក និងជាជោគជ័យ​លើកទីមួយ​ក្នុងអំឡុងពេល ០៦ឆ្នាំ កន្លងទៅនេះ​៕

480×240 Banner