ឥណ្ឌាទើបបាញ់បង្ហោះផ្កាយរណបថ្មី ដែលអាចថតរូបផែនដីទាំងមូល និងអង្កេតដឹងពីបម្រែបម្រួលបរិស្ថានជារួមតែម្តង
(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នាថ្ងៃព្រហស្បតិ៍នេះបានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីស៊េរីថ្មីឈ្មោះថា ហ៊ីសអាយអ៊ែស (HysIS) ព្រមទាំងផ្កាយរណប ៣០គ្រឿងទៀត តាមរយៈគ្រាប់រ៉ុក្កែត PSLV-C43 ឡើងទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ ISRO ផ្កាយរណបទាំង ៣១គ្រឿង ត្រូវបានរ៉ុក្កែត PSLV-C43 នាំយកឡើងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស សាទីស ដាវ៉ាន (Satish Dhawan) លើកោះ ស្រ៊ីហារីកូតា (Sriharikota) ភាគខាងត្បូងឥណ្ឌាដោយជោគជ័យ ហើយក្នុងចំណោមនោះ HysIS គឺជាផ្កាយរណបចម្បងគេ។ អង្គការ ISRO បានឲ្យដឹងទៀតថា HysIS នឹងចាប់យករូបភាពផែនដីទាំងមូល ក្នុងទម្រង់ប្រេកង់ជាច្រើន ហើយផ្កាយរណបនេះនឹងមានអាយុកាល បំពេញបេសកកម្មរយៈពេល ០៥ឆ្នាំ។
បន្ថែមពីនេះ HysIS អាចអង្កេតដឹងពីបរិមាណ និងបម្រែបម្រួលបរិស្ថានភូមិសាស្ត្រ, ស្ថានភាពទឹកទាំងលើ និងក្រោមដី និងមានប្រយោជន៍ខ្លាំងសម្រាប់វិស័យកសិកម្ម។ សម្រាប់ផ្កាយរណបទាំង ៣០ ផ្សេងទៀតនោះ គឺមួយគ្រឿងជាប្រភេទមីក្រូ និង ២៩គ្រឿងទៀតជាប្រភេទ nano ដែលសុទ្ធសឹងមានទំហំតូចៗមកពីប្រទេសចំនួន ០៨។
គួរជម្រាបថា ខាងលើគឺជាការបញ្ជូនផ្កាយរណបលើកទី ២ ហើយនៅក្នុងខែនេះសម្រាប់ទីភ្នាក់ងារអវកាសឥណ្ឌា ដោយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ISRO បានបញ្ជូនផ្កាយរណបទំនាក់ទំនងមួយគ្រឿងឈ្មោះ GSAT-29 តាមរយៈគ្រាប់រ៉ុក្កែត GSLV Mark III ឡើងទៅទីអវកាស៕

