រកឃើញភស្តុតាងថ្មី! តាមពិតពូជពង្សមនុស្សដំបូងនៅទ្វីបអាហ្វ្រិក បានកកើតឡើងយូរជាងការរំពឹងទុកទៅទៀត!
(ស៊ីដនី)៖ ភស្តុតាងរកឃើញថ្មីបានបង្ហាញថា ពូជពង្សមនុស្សសម័យបុរាណ បានកាន់កាប់តំបន់អាហ្វ្រិកខាងជើង មុនការស្មានរបស់អ្នកស្រាវជ្រាវដល់ទៅជាងកន្លះលានឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការរកឃើញខាងលើត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ដែលដឹកនាំលោកសាស្រ្តាចារ្យ Mohamed Sahnouni ព្រមទាំងបណ្តាអ្នកវិទ្យាសាស្រ្តមកពីអាល់ហ្សេរី អេស៉្បាញ បារាំង និងអូស្រ្តាលី ដោយពួកគេបានរកឃើញនូវតឹកតាងនៃឆ្អឹង និងថ្មប្រើប្រាស់ជាឧបករណ៍នានា ដែលមានអាយុកាលប្រហែល ២.៤លានឆ្នាំ នៅទីបុរាណស្ថានមួយកន្លែងក្នុងប្រទេសអាល់ហ្សេរី។
គួរជម្រាបថា របកគំហើញនេះបានធ្វើឲ្យសម័យកាល នៃការកាន់កាប់របស់មនុស្សនៅតំបន់អាហ្វ្រិកខាងជើងត្រូវបង្កើនពី ១.៨លានឆ្នាំ ទៅ ២.៤លានឆ្នាំមុនវិញ ដែលត្រូវបានកំណត់ដោយយោងលើភស្តុតាងពីបុរាណស្ថានមួយផ្សេងទៀត ដែលមានន័យថា វត្តមានពួកគេ (ពូជពង្សមនុស្សដំបូង) នៅទីនោះ គឺត្រូវបូកបន្ថែមរហូតដល់ទៅ ៦០០,០០០ឆ្នាំទៀត។
សំណួរនាពេលនេះគឺថា តើរបៀបនៃការបង្កើតថ្មជាឧបករណ៍បានរីកសាយភាយពីទីតាំងនៅតំបន់អាហ្វ្រិកខាងកើត ឬក៏មានការអភិវឌ្ឍបច្ចេកវិទ្យាថ្មដូចគ្នានេះ កើតឡើងក្នុងពេលជាមួយគ្នានៅតំបន់ទាំងពីរ? ចម្លើយនោះ គឺមានតែរង់ចាំការសិក្សាបន្តទៀត ដើម្បីបានដឹងពីពេលវេលានៃការកកើតពូជពង្សមនុស្សដំបូងនៅលើផែនដី ដែលកាលពីដើមឡើយត្រូវបានអ្នកបុរាណវិទូអះអាងថា ពូជមនុស្សដំបូងដែលវិវឌ្ឍន៍ចេញពីស្វា អង់ដ្រូប៉ូម័ក តាមពិតមានអាយុកាល ១.៨លានឆ្នាំនោះ តែឥឡូវនេះបានកើនទៅដល់ ២.៤លានឆ្នាំទៅហើយ៕

