លេងមួយឆ្ងាញ់ដៃតែម្តង! SpaceX ប្រើរ៉ុក្កែតតែមួយគ្រាប់អាចបាញ់ផ្កាយរណប ៦៤គ្រឿង ទៅកាន់គន្លងតារាវិថី ដែលជាកំណត់ត្រាថ្មីនៅអាមេរិក!
(អាមេរិក)៖ ក្រុមហ៊ុនអវកាស SpaceX បានបំបែកកំណត់ត្រានៅសហរដ្ឋអាមេរិក តាមរយៈការបញ្ជូនផ្កាយរណបសរុបចំនួន ៦៤គ្រឿង ឡើងទៅកាន់ទីអវកាសក្នុងពេលតែមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ខែធ្នូ ឆ្នាំ២០១៨។
ផ្កាយរណបទាំងអស់ខាងលើ គឺជាប្រភេទផ្កាយរណបខ្នាតតូច ដោយពួកវាត្រូវបានបាញ់បង្ហោះឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតអាចប្រើប្រាស់ឡើងវិញបានរបស់ក្រុមហ៊ុន SpaceX ដែលមានឈ្មោះថា Falcon 9 ក្រោយមានការពន្យារពេលជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។
គួរជម្រាបថា បេសកកម្មខាងលើដែលមានឈ្មោះថា SSO-A គឺជាបេសកកម្មបញ្ជូនផ្កាយរណបឡើងទីអវកាសបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក។ ផ្កាយរណបចំនួន ៦៤គ្រឿង ដែលត្រូវរ៉ុក្កែត Falcon 9 នាំយកទៅនោះគឺជាប្រភេទ Micro Satellites ១៥គ្រឿង និង Cubesat ៤៩គ្រឿង ដែលជាកម្មសិទ្ធិនៃ ៣៤ ស្ថាប័នខុសៗគ្នាមកពី ១៧ប្រទេស។
ទោះបីវាជាកំណត់ត្រាថ្មីប្រចាំសហរដ្ឋអាមេរិកក្តី ក៏នេះមិនមែនជាលើកទី ១ សម្រាប់សកលលោកនោះទេ ដោយកាលពីឆ្នាំមុនទីភ្នាក់ងារអវកាសឥណ្ឌាបានបាញ់បង្ហោះផ្កាយរណបម្តងដល់ទៅជាង ៧០គ្រឿង ឡើងទៅកាន់គន្លងតារាវិថី ដែលជាកំណត់ត្រាច្រើនបំផុតលើលោក មិនទាន់មាននរណាបំបែកបានឡើយ៕

