ដូចមតិមួយចំនួនលើកឡើង… តាមពិតពួកអេលៀនប្រហែលជាធ្លាប់មកទស្សនកិច្ចភពផែនដី រួចទៅហើយ…
(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្រ្តមួយចំនួននៅទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញការយល់ឃើញរបស់ពួកគេថា ជីវិតអេលៀនឆ្លាតវៃប្រហែលជាធ្លាប់បានមកទស្សនកិច្ចរួចស្រេចទៅហើយ នៅភពផែនដីរបស់យើងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអង់គ្លេស UNILAD នៅរសៀលថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដូច្នេះតើអេលៀនស្ថិតនៅក្នុងចំណោមពួកយើង ឬយ៉ាងណា? ចម្លើយគឺថាវាទំនងអាចទៅរួចដែរ ព្រោះអីបើតាមលោក Silvano P. Colombano ដែលជាអ្នកវិទ្យាសាស្រ្តម្នាក់នៅអង្គការ NASA ជីវិតក្រៅភពប្រហែលជាបានមកជាន់ភពយើងរួចស្រេចទៅហើយ គ្រាន់តែយើងមិនបានចាប់អារម្មណ៍។ លោក Colombano បានលើកឡើងទៀតថា ទម្រង់ជីវិតដទៃទៀតដែលមិនផ្អែកលើសារធាតុកាបូន ប្រហែលជាបានមកដល់ផែនដីរួចទៅហើយ ប៉ុន្តែយើងមិនបានចាប់អារម្មណ៍វា គឺដោយសារយើងរវល់តែរុករកទម្រង់ជីវិតដែលផ្អែកលើកាបូនខ្លាំងពេក។
លោក Colombano បាននិយាយយ៉ាងដូច្នេះថា «ដោយយោងលើភាពសម្បូរគួរសមនៃវត្តមានធាតុ ដែលអាចទាក់ទង នៅក្នុងប្រភពដើមនៃទម្រង់ជិវិតនៅក្នុងចក្រវាឡ វាគឺជាការសន្និដ្ឋានសមហេតុសមផលមួយ ក្នុងការលើកឡើងថា ទម្រង់ជិវិតដែលយើងតែងស្គាល់ យ៉ាងហោចណាស់គឺជាចំណុចចាប់ផ្តើមជាទូទៅមួយ ប៉ុន្តែភាពឆ្លាតវៃ និងទម្រង់នៃជីវិតសព្វថ្ងៃនេះរបស់ពួកយើង ប្រហែលជាជំហានដំបូងដ៏តូចមួយ នៅក្នុងដំណើរវិវត្តន៍ឥតឈប់ឈរមួយ ដែលប្រហែលអាចបង្កើតឡើងនូវទម្រង់ជីវិតឆ្លាតវៃផ្សេងៗ ដែលមានសមត្ថភាពខ្លាំងដាច់យើងឆ្ងាយ និងលែងផ្អែកលើគោលការណ៍ នៃសារធាតុកាបូនទៀតហើយ»។
គួរបញ្ជាក់ថា ខាងលើនេះគ្រាន់តែជាការសន្និដ្ឋានរបស់ក្រុមអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែភាពពិតយ៉ាងណានោះ សង្ឃឹមថានឹងអាចមានការសិក្សាលើជីវិតនៅលើផែនដីនេះផ្ទាល់ជាពិសេសនោះ គឺអំបូរមនុស្ស៕

