រកឃើញប្រាំឆ្នាំហើយទើបដឹងថា វាជាអំបូរសត្វដាយណូស័រប្រភេទថ្មី កាលពី១០០លានឆ្នាំមុន (រូបភាពខាងក្នុង)
(ស៊ីដនី)៖ សត្វដាយណូស័រអម្បូរថ្មីមួយ ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈរបកគំហើញនៃបំណែកឆ្អឹងថ្គាមមួយ ដែលត្រូវគេប្រទះឃើញនៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
បើតាមការវិភាគស្រាវជ្រាវ ឆ្គឹងថ្គាមផ្នែកខាងក្រោមដែលត្រូវបានរកឃើញនៅក្រុង Lightning Ridge ដែលល្បីឈ្មោះខាងរុករករ៉ែគ្រីស្តាល់អូផាល់ (Opal) មានចំណាស់ប្រហែល ១០០លានឆ្នាំ ហើយអ្នកវិទ្យាសាស្រ្តបានកំណត់ថា វាគឺជារបស់សត្វដាយណូស័រជើងពីរហៅថា Weewarrasaurus pobeni ដែលស៊ីរុក្ខជាតិជាអាហារ និងមានទំហំប្រហាក់ប្រហែលពូជសត្វសុនខគង្វាលចៀមរបស់អូស្រ្តាលី Kelpie។
អម្បូរខាងលើនេះ គឺជាដាយណូស័រដំបូងគេ ដែលត្រូវបានដាក់នៅក្នុងរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលី ក្នុងអំឡុងពេលជិតមួយសតវត្សរ៍កន្លងទៅនេះហើយអម្បូរនេះគឺយកឈ្មោះតាមកន្លែងរុករករ៉ែអូផាល់ Wee Warra ដែលនៅជាយក្រុង Lightning Ridge ជាទីដែលបំណែកហ្វូស៊ីលនេះ ត្រូវបានប្រទះឃើញជាលើកដំបូងកាលពី០៥ឆ្នាំមុន។
គួរបញ្ជាក់ថា អំបូរសត្វដាយណូស័រប្រភេទថ្មីៗ ត្រូវបានរកឃើញជាបន្តបន្ទាប់ ដូចជានៅប្រទេសអាហ្សង់ទិន ចិន និងអាហ្វ្រិកជាដើម។ សត្វដាយណូស័របានគ្រប់គ្រងភពផែនដីជាង ១៥០លានឆ្នាំ និងបានផុតពូជទាំងអស់កាលពី ៦៥លានឆ្នាំមុន ក្រោយពីភពផែនដីត្រូវបានអាចម៍ផ្កាយមានមុខកាត់ ១០គីឡូម៉ែត្របុកចំ៕

