ភពចម្លែកមួយប៉ុនភពព្រហស្បតិ៍យើង ជះឧស្ម័ន​អេល្យូមដ៏ធំ​ចេញពីខ្លួនវា ដែលស្ថិត​នៅចម្ងាយ​ ១៦៣ឆ្នាំពន្លឺ​ពីផែនដី

196

(អេស៉្បាញ)៖ ក្រុមអ្នកវិទ្យាសាស្រ្តបាន​ប្រើប្រាស់ ប្រព័ន្ធតេឡេស្កូប​នៅលើផែនដីផ្ទាល់ រកឃើញ​ដាននៃឧស្ម័ន​​អេល្យូម​​​ដ៏ធំ​ ដែលបញ្ចេញពីភព​មួយមានទំហំប្រហាក់ប្រហែល​នឹង​ភពព្រហស្បតិ៍ (Jupiter) ដែលស្ថិត​នៅចម្ងាយ​ ១៦៣​ឆ្នាំ​ពន្លឺ​ពី​យើង (មួយឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់​លាន​គីឡូម៉ែត្រ)។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

ចាប់ពីអ្នកវិទ្យាសាស្រ្ត​បានរកឃើញភព​ នៅជុំវិញផ្កាយដទៃ​ជាលើកដំបូង ហើយរបកគំហើញគួរ​ឲ្យចាប់អារម្មណ៍​នៃពួកវា ​​ភាគ​ច្រើនបានមកពីឧបករណ៍​ដែលធ្វើប្រតិបត្តិការ​ក្នុងទីអវកាស ដូចជាកែវយឺត​អវកាស Kepler និង Hubble របស់​អង្គការ NASA ជាដើម។ សម្រាប់ភព​ដែលអាចបញ្ចេញ​ឧស្ម័ន​អេល្យ៉ូម ចេញពីខ្លួនវា គឺជារឿងចម្លែក​ដែលតម្រូវឲ្យអ្នក​វិទ្យាសាស្ត្រ​​ធ្វើការ​អង្កេត និងស្វែងយល់ជាបន្តទៀត។

​សរុបមកទល់​ពេលនេះ កែវយឺត Kepler បានរកឃើញ​ភព​​អេលៀនជាង​ ២,០០០ភព​ ខណៈ​ការអង្កេត​របស់ Hubble បាន​ជួយក្រុមអ្នក​វិទ្យាសាស្រ្ត​ក្នុងការកំណត់លក្ខណៈ​​​បរិយាកាស​នៃភព​នៅប្រព័ន្ធព្រះអាទិត្យផ្សេងៗ​ទាំងនោះ។ ប៉ុន្តែ​របាយការណ៍​​​​សិក្សា​ស្រាវ​ជ្រាវចំនួន ០២ ដែលទើបចុះផ្សាយ​នាពេលថ្មីៗកន្លងទៅនេះ បានរកឃើញ​ចលនាឧស្ម័ន​អេល្យូមខាង​លើ ពីភពរបស់​យើង​ផ្ទាល់តែម្តង។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្តពីរ​ក្រុម​បានប្រើប្រាស់​ប្រព័ន្ធតេឡេស្កូប​​ទំហំមុខកាត់​ ៣.៥ម៉ែត្រ ដែលមានទីតាំងនៅ​ប្រទេស​អេស៉្បាញ ដោយតេឡេ​ស្កូបនេះមានឧបករណ៍​ដ៏មានអនុភាព​ឈ្មោះថា CARMENES។ ចំណែកភព​ខាងលើត្រូវគេ​ដាក់​ឈ្មោះឲ្យថា WASP-69b៕

480×240 Banner