ទីបំផុតចិន​បង្ហោះយាន​រុករក «ឆាងអ៊ឺ-៤» ទៅចុះចត​នៅផ្នែកមួយចំហៀង​ទៀតនៃ​ព្រះច័ន្ទ

149

(ប៉េកាំង)៖ បេសកកម្មរុករក​ឋានព្រះចន្ទ នៃយាន Chang’e-4 (ឆាងអ៊ឺ) របស់ចិនត្រូវ​បានបាញ់បង្ហោះ​ហើយនៅថ្ងៃ​សៅរ៍នេះ និងត្រូវគេ​រំពឹងថា នឹងធ្វើការចុះចតជាលើកដំបូង​លើតំបន់​​ចំហៀង​ម្ខាង​​ទៀតរបស់​ព្រះច័ន្ទ ដែលមិនបែរ​មក​រកភព​របស់​យើង។ នេះ បើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ីនហួរ នៅ​ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

យាន​អវកាស Chang’e-4 (ឆាងអ៊ឺ) រួមមានទាំង​យានចុះចត និង​អណ្ដែត ត្រូវបានបាញ់​បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-3B ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៃខេត្ត Sichuan ភាគនិរតីប្រទេសចិន​កាលពីម៉ោង ២៖២៣នាទីទៀបភ្លឺ ដែលនេះនឹង​ក្លាយជាការបើកទំព័រថ្មី​ នៃមហិច្ឆិតារុករកឋាន​ព្រះចន្ទរបស់ចិន។

ដូច្នេះយានរុករកព្រះច័ន្ទ Chang’e-4 នឹងក្លាយជាកូន​សោរដ៏សំខាន់​ក្នុងការគាស់កកាយអាថ៌​កំបាំងនៃព្រះច័ន្ទ ដ្បិតយានអាវកាសចិន មួយនេះមាន low-frequency radio astronomical observation នឹងធ្វើការអង្កេត​លើផ្ទៃដី និងទម្រង់ដីរបស់​ឋានព្រះចន្ទ ក៏ដូចជាស្វែងរក​សមាសធាតុរ៉ែ និងរចនសម្ព័ន្ធ​នៃផ្ទៃព្រះចន្ទ ព្រមទាំងធាតុ​វិទ្យុសកម្ម neutron និងអាតូម ក្នុងគោលបំណង​សិក្សាពីបរិស្ថានលើតំបន់​​ចំហៀង​ម្ខាង​ទៀតរបស់​ព្រះច័ន្ទ។ នេះបើតាមរដ្ឋបាល​​អវកាស​ជាតិចិន (CNSA)។

(CNSA) បានឱ្យដឹងទៀតថា ចិនបានលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងកម្មវិធីរុករកឋាន​ព្រះច័ន្ទ ជាមួយបច្ចេកវិទ្យានៃ​យានរុករក Chang’e-4 ដែលត្រូវបាន​អភិវឌ្ឍន៍ដោយក្រុមអ្នកវិទ្យាសាស្ត្រ មកពីបួនប្រទេសគឺ ហូឡង់ អាល្លឺម៉ង់ ស៊ុយអែត និង​អារ៉ាប៊ីសាអូឌីត។ ចំណែកឯ​ឧបករណ៍វិទ្យាសាស្ត្រ​ចំនួន ០៣ អភិវឌ្ឍដោយ​សកលវិទ្យាល័យចិន ក៏នឹងត្រូវចូលរួម​ក្នុងបេសកកម្ម​នេះដែរ។

គួរបញ្ជាក់ថា បេសកកម្មរុករកឋានព្រះច័ន្ទ ឬយាន Chang’e-4 បានយកឈ្មោះ​តាមព្រះនាងក្នុងរឿង​ព្រេងបុរាណ ចិនឈ្មោះ Chang’e ហើយបេសកកម្មនេះ​ត្រូវបានចាប់ផ្ដើម​កាលពីឆ្នាំ២០០៤ ក្នុងនោះរួមមាន​ទាំងការចូលគន្លង និងចុះចត​លើឋានព្រះច័ន្ទ ដើម្បីនាំយកគំរូស្លាក​ស្នាមមួយចំនួនមក​ភពផែនដីវិញ។ ការបាញ់បង្ហោះយានអវកាស Chang’e-1 ត្រូវបាន​ធ្វើឡើងកាលពី​ឆ្នាំ២០០៧ Chang’e-២ ឆ្នាំ២០១០, Chang’e-៣ កាលពីឆ្នាំ២០១៣ និង Chang’e-៥ កាលពីឆ្នាំ២០១៤ ព្រមទាំង Chang’e-៤ ក្នុងឆ្នាំ២០១៨នេះ។

ការរុករកឋាន​ព្រះច័ន្ទនឹងក្លាយជាការបើក​ទំព័រថ្មីមួយ របស់ចិនក្នុងការពន្យល់ និងទម្លាយអាថ៌​កំបាំងនៃឋាន​ព្រះច័ន្ទ។ ចំណែក​ឯការបាញ់បង្ហោះយាន Chang’e-៤ នៅថ្ងៃសៅរ៍នេះ​គឺជាការបាញ់បង្ហោះ​ដោយប្រើប្រាស់​ស៊េរីរ៉ុក្កែត Long March ជាលើក ទី២៩៤៕

480×240 Banner