មនុស្សអ៊ឺយមនុស្ស! «សំរាមលើភពអង្គារ នឹងបង្កការរំខានដល់បេសកកម្មក្រោយៗទៀត នៅថ្ងៃអនាគត!»
(អវកាស)៖ ការស្រាវជ្រាវនាពេលថ្មីៗនេះបង្ហាញថា ប្រព័ន្ធជំនួយការចុះចតរបស់បេសកកម្មមុនៗ ប្រហែលជាបានបំបែកខ្លួនខ្ទាតចេញចម្ងាយរាប់សិបគីឡូម៉ែត្រ នៅទូទាំងភពអង្គារ (Mars) ដែលជាហេតុអាចបណ្តាលឲ្យប៉ះពាល់ដល់ប្រតិបត្តិការដទៃក្រោយៗទៀត។ នេះបើតាមការចេញផ្សាយដោយគេហទំព័របច្ចេកវិទ្យា Seeker នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
វាគឺជារឿងសាមញ្ញនោះទេ ដែលយានបំពេញបេសកកម្មនៅភពអង្គារ ដូចជា 2012 Curiosity Rover និងយានសម្រាប់ឆ្នាំ២០២០ខាងមុខ ចាំបាច់ត្រូវមានប្រព័ន្ធជំនួយ EDL សម្រាប់ធ្វើការ ជ្រៀតចូល បន្ទាបខ្លួន និងចុះចតផ្សេងដាច់ដោយឡែកពីប្រព័ន្ធសម្រាប់ប្រតិបត្តិការនៅលើផ្ទៃដី។ ក៏ប៉ុន្តែយាន Rover ដែលបានឆ្លងកាត់បរិយាកាស ហើយចុះចតនៅលើផ្ទៃភពអង្គារដោយជោគជ័យ ពុំចាំបាច់បន្តត្រូវការខែលការពារកម្តៅ ឆ័ត្រយោង ឬមួយវត្ថុស្រដៀងៗគ្នាមួយចំនួនទៀត ដើម្បីបំពេញ ក៏ដូចជាសម្រេចបេសកកម្មរបស់វាឡើយ ដូច្នេះឧបករណ៍ ឬផ្នែកទាំងនោះជាទូទៅក៏ត្រូវបានបោះបង់ចោលផងដែរ។
ជុំវិញរឿងនេះមានការអះអាងថា បំណែកនៃប្រព័ន្ធទាំងអស់អាចក្លាយជាបញ្ហាទៅបាន ដោយសារតែពួកវាក្រោយពេលត្រូវបោះបង់ចោល គឺបានធ្លាក់នៅចម្ងាយមិនជាឆ្ងាយពីយាន Rover ទាំងនេះនោះឡើយ គឺតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ។ ជាពិសេសនោះគឺសម្រាប់បេសកកម្មប្រមូលយកគំរូតាង (ដុំថ្មភពអង្គារ) តែម្តង ដោយខ្លាចក្រែងឆ័ត្រយោង និងបំណែកឧបករណ៍លែងចាំបាច់ជាច្រើនផ្សេងទៀត ត្រូវកម្លាំងខ្យល់ដ៏ខ្លាំងនៅលើផ្ទៃភពអង្គារបក់ផាត់ ទៅគ្របដណ្តប់លើ ឬធ្វើឲ្យខូចខាតដល់គំរូតាងទាំងនោះ ដែលអាចធ្វើឲ្យបេសកកម្មជួបប្រទះបញ្ហាលំបាក។
គួរបញ្ជាក់ថា យ៉ាងណាមិញការស្រាវជ្រាវថ្មីខាងលើនេះ ក៏បានលើកឡើងអំពីកត្តាមួយចំនួន ដើម្បីជៀសវៀងបញ្ហាទាំងនេះសម្រាប់បេសកកម្មនាពេលអនាគតផងដែរ រួមមានទាំងល្បឿន និងទិសខ្យល់នៃភពអង្គារជាដើម ដើម្បីកុំឲ្យសម្រាមដែលលែងប្រើការកើតទាំងនោះ អាចរសាត់មកបង្កការរាំងស្ទះ ឬខូចខាតដល់បេសកកម្មធំ ដែលត្រូវការការបញ្ជាទាំងស្រុងពីភពផែនដី៕