ក្រោយយាន InSight តម្លៃ៨០០លានដុល្លារចុះចតលើភពអង្គារ NASA កំពុងគិតរឿងយកមនុស្សទៅទីនោះថែមទៀត…
(អាមេរិក)៖ ខណៈយានអវកាស InSight របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងធ្វើប្រតិបត្តិការនៅលើភពអង្គារ (Mars) ក្រោយការចុះចតដោយជោគជ័យ អ្នកវិទ្យាសាស្រ្តបានងាកមកធ្វើការលើកឡើង អំពីចក្ខុវិស័យនាថ្ងៃអនាគតសម្រាប់បេសកកម្មបន្តបន្ទាប់ទៀតទៅកាន់ភពក្រហមនេះ ជាពិសេសគឺការបញ្ជូនមនុស្សតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
ខណៈការចំណាយសរុបសម្រាប់បេសកកម្ម InSight គឺជាង ៨០០លានដុល្លារ អង្គការ NASA បានឲ្យដឹងថា ខ្លួនតែងតែរិះរកមធ្យោបាយ ដើម្បីកាត់បន្ថយការចំណាយជានិច្ច ប៉ុន្តែវាគឺជារឿងសំខាន់ក្នុងការកត់ចំណាំថា បេសកកម្មនីមួយៗទៅកាន់ភពអង្គារ មានកម្មវត្ថុវិទ្យាសាស្រ្តជាក់លាក់រៀងៗខ្លួន ដែលជាហេតុធ្វើឲ្យការចំណាយក៏មានភាពខុសគ្នាទៅតាមនោះដែរ។
សម្រាប់ការងឿងឆ្ងល់ថា តើបេសកកម្មទៅកាន់ Mars អាចប្រព្រឹត្តទៅញឹកញាប់ដោយរៀបណានោះ NASA អាចត្រឹមបញ្ជាក់បានថា ចន្លោះពេលវេលាដែលអាចចេញបេសកកម្មពីផែនដី ឆ្ពោះទៅកាន់ភពអង្គារបាន នៅរៀងរាល់២៦ខែម្តង។
យានអវកាស InSight ត្រូវបានបាញ់ឡើងពីផែនដីនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ហើយចុះទៅដល់ភពអង្គារនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និយាយរួមទៅវាចំណាយពេលជិត ០១ឆ្នាំមុនទៅដល់ Mars។ ទាក់ទិនរយៈពេលនៃការធ្វើដំណើរឆ្លងកាត់ទីអវកាសពីភពមួយទៅភពមួយ បច្ចុប្បន្នកំពុងប្រើប្រាស់ទ្រឹស្តីច្បាប់ Kepler តែនាអនាគត NASA នឹងអភិវឌ្ឍន៍បច្ចេកវិទ្យា Solar Electric Propulsion (SEP) ដែលនឹងកាត់បន្ថយរយៈពេលនេះ។
ជុំវិញបេសកកម្មបញ្ជូនមនុស្សទៅកាន់ Mars អង្គការ NASA រំពឹងថា ការទៅដល់ភពនោះនៃមនុស្សលោកដំបូងគេ នឹងកើតឡើងនៅចុងទសវត្សឆ្នាំ២០៣០ ឬក៏ដើមទសវត្សរ៍ឆ្នាំ២០៤០ ហើយបេសកកម្មទាំងនេះ ត្រូវគេរំពឹងថានឹងអាចប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរ SEP ក្នុងទម្រង់ណាម៉្យាង។
គួរជម្រាបថា បើតាម NASA ការធ្វើដំណើរនៃមនុស្សដំបូងគេទៅកាន់ភពអង្គារ នឹងស្រដៀងទៅនឹងការផ្សងព្រេងរបស់ក្រុមមនុស្សដំបូងបំផុត ដែលទៅរុករកនៅតំបន់ Wild West នៃសហរដ្ឋអាមេរិក ហើយសញ្ចឹងគិតពីការធ្វើដំណើរទៅហើយគ្មានថ្ងៃត្រឡប់វិញ ដែលអាចនឹងបញ្ចប់ជីវិតរបស់ពួកគេ។
យោងតាមទ្រឹស្តីវិទ្យាសាស្រ្ត ត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះក្រោយស្ថិតនៅលើភពអង្គការ កោសិកាមួយនៃកោសិកាចំនួន ១០ ក្នុងខួរក្បាលមនុស្សនឹងរងការខូតខាតដោយរលកវិទ្យុសកម្មនៃទីអវកាស ដែលគេហៅថា Cosmic Ray។ វាគឺជារឿងពិបាកខ្លាំងក្នុងការការពារមនុស្សលោកពីកាំរស្មី Cosmic Ray ព្រោះថារនាំងការពារក្នុងទម្រង់ណាមួយ អាចនឹងផលិតចេញជាភាគល្អិតមួយបែបផ្សេង ដែលអាចបង្កគ្រោះថ្នាក់ជាង Cosmic Ray ទៅទៀត។ សរុបមក វាមិនច្បាស់នោះទេថា មនុស្សសាកសមក្នុងការស្នាក់នៅរយៈពេលយូរក្នុងទីអវកាស ដោយពុំមានការការពារពីសំណាក់ដែនម៉ាញេទិចរបស់ផែនដីដែរ ឬយ៉ាងណា៕

