អាចម៍ផ្កាយរហស្សនាមដំរីទឹក ទើបហោះមកក្បែរភពផែនដីបំផុត មិនធ្លាប់មានក្នុងរយៈពេល៤០០ឆ្នាំ
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា មានអាចម៍ផ្កាយមួយដុំរាងដូចជាសត្វដំរីទឹក បានហោះមកកាត់ផែនដីនាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
បើតាមអង្គការ NASA ដុំថ្មអវកាសមានឈ្មោះថា 2003 SD220 កាលពីថ្ងៃសៅរ៍កន្លងទៅ បានហោះកាត់ផែនដីក្នុងចម្ងាយ ២.៩លានគីឡូម៉ែត្រ គឺប្រហែល ៧.៥ដងនៃគម្លាតពីភពរបស់យើងទៅកាន់ឋានព្រះច័ន្ទ។ នេះជារយៈចម្ងាយកៀកផែនដីបំផុត ដែលអាចម៍ផ្កាយខាងលើធ្លាប់បានមកក្បែរភពយើង ក្នុងអំឡុងពេល ៤០០ឆ្នាំកន្លងចុងក្រោយនេះ។
គួរជម្រាបថា អាចម៍ផ្កាយ 2003 SD220 មានបណ្តោយប្រវែង ១.៦គីឡូម៉ែត្រ។ វានឹងត្រឡប់មកក្បែរផែនដីជាថ្មីម្តងទៀតនៅឆ្នាំ២០៧០ ក្នុងរយៈចម្ងាយកៀកជាងលើកនេះបន្តិច។ ពុំមានព័ត៌មានបន្ថែមអំពីអាចម៍ផ្កាយខាងលើនេះឡើយ ជាពិសេសគឺទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់វា ប៉ុន្តែសម្រាប់វត្ថុអវកាសធំៗបែបនេះ គឺក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូមិនអាចមើលរំលងនោះឡើយ ចំពោះគន្លងធ្វើដំណើររបស់វា៕

