បាតុភូត Big Rip អាចនឹងកើតឡើងនៅ ២២ពាន់លានឆ្នាំទៀត ដែលនឹងហែកចក្រវាឡជាបំណែកៗ…
(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តអាមេរិកម្នាក់ឈ្មោះ Ethan Siegel នៃសាកលវិទ្យាល័យ Lewis & Clark ក្នុងរដ្ឋ Oregon បានប្រកាសឲ្យដឹងថា បាតុភូត Big Rip ដែលជាព្រឹត្តិការណ៍មួយក្នុងទីអវកាសស្រដៀងគ្នាទៅនឹងបន្ទុះ Big Bang ប្រហែលអាចកើតឡើងនៅ ២២ពាន់លានឆ្នាំខាងមុខ ដោយបាតុភូតនេះនឹងហែកចក្រវាឡយើងជាបំណែក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ទ្រឹស្តីនៃបាតុភូត «Big Rip» ធ្លាប់ត្រូវបានលើកឡើងជាលើកដំបូងបំផុត កាលពីឆ្នាំ២០០៣ ដោយអ្នកវិទ្យាសាស្រ្តមួយក្រុមនៅក្នុងការសិក្សាស្រាវជ្រាវមួយមានឈ្មោះថា «Phantom Energy and Cosmic Doomsday (ថាមពលខ្មោច និងទីអវសាននៃចក្រវាឡ)» ដែលបានសន្និដ្ឋានថា ប្រសិនបើចក្រវាឡនៅតែបន្តពង្រីកខ្លួន នាថ្ងៃអនាគតវានឹងឈានដល់ចំណុចមួយ ដោយពេលនោះរាល់កម្លាំងទាំងអស់ ដែលផ្តល់ស្ថិរភាពទៅឲ្យវា នឹងត្រូវគ្របដណ្តប់ដោយថាមពលងងឹង (Dark Energy)។ Phantom Energy គឺជាទម្រង់សម្មតិកម្មមួយនៃ Dark Energy។
គួរជម្រាបថា បើតាមលោក Siegel ប្រសិនបើទ្រឹស្តី Big Rip ត្រឹមត្រូវមែននោះ អ្វីៗទាំងអស់ក្នុងចក្រវាឡនឹងត្រូវរលាយថយក្រោយ ទៅរកដូចពេលដំណាក់កាលដំបូងបំផុតនៃបាតុភូតបន្ទុះ Big Bang ប៉ុន្តែអ្នកវិទ្យាសាស្រ្តរូបនេះបានអះអាងថា ខណៈដែលអ្នកគាំទ្រទ្រឹស្តីនេះមួយចំនួន ជឿជាក់ថា Big Rip នឹងក្លាយជាទីបញ្ចប់នៃចក្រវាឡរបស់យើងនោះ វានឹងវិវត្តន៍ទៅរកព្រឹត្តិការណ៍ Big Bang ជាថ្មីម្តងទៀតទៅវិញទេ៕

