ទីបំផុតអ្នកវិទ្យាសាស្ត្ររកឃើញវិធីសាស្ត្រថ្មី ដើម្បីសិក្សាពីថាមពលអាថ៌កំបាំង Dark Matter
(អូស្រ្តាលី)៖ អ្នកវិទ្យាសាស្រ្តបានរកឃើញពីមធ្យោបាយថ្មី ដើម្បីសិក្សាពីរបាយនៃរូបធាតុងងឹតដ៏អាថ៌កំបាំងក្នុងទីអវកាស ដែលគេហៅថា Dark Matter។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ការសិក្សាថ្មីមួយបានបង្ហាញថា ពពួកផ្កាយដែលឃ្លាតចេញពីកាឡាក់ស៊ីកំណើតរបស់ពួកវា ហើយឥឡូវកំពុងតែរសាត់អណ្តែតនៅក្នុងចង្កោមកាឡាក់ស៊ីធំៗនោះ អាចឲ្យអ្នកវិទ្យាសាស្រ្តសិក្សាទៅលើរូបធាតុ Dark Matter បាន។ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលីបានរកឃើញថា ពន្លឺស្ទង់ៗនៅក្នុងចង្កោមកាឡាក់ស៊ី ដែលគេហៅថា Intracluster Light អាចឲ្យគេស្វែងយល់ពីលក្ខណៈ នៃការរាយប៉ាយរបស់រូបធាតុ Dark Matter។
អ្នកវិទ្យាសាស្រ្តដឹងថា រូបធាតុ Dark Matter មានបរិមាណច្រើនជាងរូបធាតុធម្មតា ដែលបង្កើតចេញជាមនុស្ស រុក្ខជាតិ ថ្ម ភព និងផ្កាយដល់ទៅ ០៦ដងឯណោះ ប៉ុន្តែវត្ថុអាថ៌កំបាំងនេះនៅតែពិបាកក្នុងការសិក្សាស្វែងយល់ ដោយសារដូចដែលឈ្មោះគេដាក់ឲ្យវាអ៊ីចឹង គឺវត្ថុធាតុនេះមិនបញ្ចេញពន្លឺ ក្នុងទម្រង់ណាមួយឡើយ។ អ្នកវិទ្យាសាស្រ្តអាចដឹងពីវត្តមានរបស់វាបានដោយប្រយោលប៉ុណ្ណោះ ជាទូទៅគឺតាមរយៈការសិក្សាឥទ្ធិពលនៃកម្លាំងទំនាញទៅលើរូបធាតុធម្មតាៗ។
កន្លងមកក្រុមតារាវិទូអាចធ្វើការកត់ត្រាពីរបាយ Dark Matter នៅក្នុងចង្កោមកាឡាក់ស៊ីធំៗ តាមរយៈការសិក្សាពីរបៀបដែលកាឡាក់ស៊ីទាំងនោះ ធ្វើឲ្យពន្លឺនៃវត្ថុនៅពីក្រោយពួកវា មើលទៅមានការប្រែប្រួលបែបណា ដោយបាតុភូតនេះគេហៅថា Gravitational Lensing (ដូចពេលយើងមើលវត្ថុអ្វីមួយដោយប្រើកែវយឺតអ៊ីចឹង)។ ប៉ុន្តែការងារបែបនេះ គឺមានភាពស្មុគស្មាញច្រើន និងចំណាយពេលយូរ។
ដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើយល់ថា ពពួកផ្កាយរសាត់អណ្តែតក្នុងចង្កោមកាឡាក់ស៊ីធំៗ ដែលបញ្ចេញពន្លឺ Intracluster Light គឺជាវិធីសាស្រ្តមួយប្រសើរជាង។ ពួកគេបានសន្និដ្ឋានបែបនេះ ក្រោយបានធ្វើការវិភាគទៅលើទិន្នន័យនៃចង្កោមកាឡាក់ស៊ីធំៗចំនួន ០៦ខុសៗគ្នា ដែលបានមកពីកែវយឺតអវកាស Hubble៕

