តាមពិតនៅក្នុងខ្លួនភពបម្រុង Ceres មានសារធាតុកាបូនច្រើនលើពីកាស្មាន ខណៈសារធាតុនេះមានពាសពេញប្រព័ន្ធព្រះអាទិត្យយើង!
(អាមេរិក)៖ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានប្រកាសថា ភពមិនពេញលក្ខណៈ (Dwarf Planet) Ceres មានផ្ទុកសមាសធាតុកាបូនច្រើនជាងការគិតទុកពីមុនមក ទាំងនៅស្រទាប់លើ និងខាងក្រៅផ្ទៃរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ EarthSky នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
កាបូនគឺជាធាតុដែលសម្បូរវត្តមានខ្លាំងមួយនៅក្នុងចក្រវាឡ ហើយវាគឺជាគ្រឹះនៃជីវិត និងគីមីសរីរាង្គនៅលើផែនដីយើង។ ធាតុនេះអាចរកឃើញនៅពាសពេញប្រព័ន្ធព្រះអាទិត្យ សូម្បីតែនៅលើបំណែកអាចម៍ផ្កាយ ដែលបានធ្លាក់ពីទីកន្លែងឯទៀតៗក្នុងអវកាសមកលើផ្ទៃផែនដី។ ឥឡូវនេះអ្នកវិទ្យាសាស្រ្ត បានរកឃើញថា វត្ថុមួយទៀតក្នុងប្រព័ន្ធសូឡារបស់យើងគឺ Ceres មានផ្ទុកសមាសធាតុច្រើនជាងឆ្ងាយពីអ្វីដែលពួកគេធ្លាប់បានគិត។
វត្តមានកាបូននៅ Ceres ពុំមែនត្រូវតែមានន័យថា វាជាផលិតផលនៃ ឬក៏ពាក់ព័ន្ធទៅនឹងទម្រង់ជីវិតឡើយ ប៉ុន្តែសមាសធាតុនេះពិតជាមានតួនាទីដើរតួជាមូលដ្ឋានគ្រឹះនៃសារធាតុគីមី និងជីវសរីរាង្គនៅលើផែនដីយើង។ នៅពេលរួមបញ្ចូលគ្នាជាមួយអុកស៊ីសែន និងអ៊ីដ្រូសែន កាបូនអាចកកើតចេញពីក្រុមសមាសធាតុជីវសាស្រ្តសំខាន់ៗជាច្រើន រួមមានស្ករ អាកុល និងខ្លាញ់ជាដើម។
វត្តមានរបស់កាបូននៅលើ Ceres គឺជាភស្តុតាងបញ្ជាក់ថា គ្រឿងផ្សំទូទៅសម្រាប់សាងសង់ទម្រង់ជីវិត រួមទាំងកាបូន អាចរកឃើញនៅតាមកន្លែងជាច្រើនខុសៗគ្នា គឺមិនត្រឹមតែនៅក្នុងប្រព័ន្ធព្រះអាទិត្យនោះទេ ប៉ុន្តែនៅពាសពេញចក្រវាឡ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តមិនទាន់ច្បាស់នៅឡើយទេថា តើវត្តមានកាបូននៅលើ Ceres គឺមានតាំងពីភពមិនពេញលក្ខណៈនេះចាប់កំណើតឡើង ឬក៏មកពីអាចម៍ផ្កាយ។
គួរជម្រាបថា Ceres ត្រូវបានគេចាត់ថ្នាក់ជា Dwarf Planet ប៉ុន្តែវាក៏ជាប់ឈ្មោះជាអាចម៍ផ្កាយធំបំផុត នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ផងដែរ។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា យានអវកាស Dawn របស់អង្គការ NASA ទើបតែបានបញ្ចប់បេសកកម្មនៅ Ceres ដោយបានសិក្សាពីភូមិសាស្រ្ត និងបញ្ជូនរូបភាពច្បាស់ៗជាច្រើនរបស់វាមកកាន់ផែនដី៕

