បន្ទុះផ្កាយជិតយើង (Supernova) កាលពី២.៦លានឆ្នាំមុន បានសម្លាប់ជីវិតធំៗក្នុងសមុទ្ររបស់ផែនដី
(អាមេរិក)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា បាតុភូតស៊ូភើណូវ៉ាក្នុងអវកាស (បន្ទុះពេលផ្កាយធំៗអស់ថាមពល) ដែលបានកើតឡើងកាលពី ២.៦លានឆ្នាំមុន ប្រហែលជាបានបង្កឲ្យមានការផុតពូជយ៉ាងរង្គាល នៃសត្វសមុទ្រធំៗរួមទាំងត្រីឆ្លាមយក្សដ៏ល្បីមានឈ្មោះថា Megalodon ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យអាមេរិក Kansas លោក Adrian Melott បានឲ្យដឹងថា នៅបាតសមុទ្រមានសមាសធាតុសំខាន់ៗចំនួន ០៣ប្រភេទ ដោយរួមមានធាតុ Iron-60 ដែលបានមកដល់ផែនដី តាមរយៈបន្ទុះស៊ូភើណូវ៉ា។ ថាមពលស៊ូភើណូវ៉ាដែលសាបព្រោះធាតុ Iron-60 ក៏បង្កភាគល្អិតម៉្យាងហៅថា Moun ដែលទម្លុះចូលមកផែនដីផងដែរ។ ភាគល្អិតនេះ អាចបង្កជាមហារីក និងការប្រែប្រួលអវិជ្ជមានខ្លាំង ជាពិសេសចំពោះសត្វមានទំហំកាន់តែធំ។
យោងតាមការស្រាវជ្រាវខាងលើ បន្ទុះស៊ូភើណូវ៉ាមួយកាលពី ២.៦លានឆ្នាំមុន អាចមានជាប់ពាក់ព័ន្ធនឹងការផុតពូជទ្រង់ទ្រាយធំ នៃសត្វសមុទ្រយក្សកាលពីចន្លោះសម័យ Pliocene និង Pleistocene ជាសម័យដែលគេជឿជាក់ថា អម្បូរសត្វសមុទ្រទាំងនេះ ៣៦ភាគរយបានដាច់ពូជ។ គួរជម្រាបថា ពូជសត្វត្រីល្បីមួយក្នុងចំណោមសត្វសមុទ្រធំៗទាំងនោះ ដែលផុតពូជកាលពី ២.៦លានឆ្នាំមុន គឺឆ្លាម Megalodon ដែលអាចមានប្រវែងវែងបំផុតរហូតដល់ទៅ ១៨ម៉ែត្រឯណោះ៕

