រីករាយ! NASA «អបអរខួប២៧ឆ្នាំ នៃកែវយឺតអវកាស Hubble» ដោយបញ្ចេញរូបភាពថ្មីនៃកាឡាក់ស៊ីមួយគូ ដ៏អស្ចារ្យ!
(អាមេរិក)៖ បន្ទាប់ពីត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាស អស់រយៈពេល២៧ឆ្នាំមកហើយនោះ កែវយឺតអវកាស Hubble របស់អង្គការ NASA នៅតែបន្តថតយកបាននូវទស្សនីយភាពដ៏អស្ចារ្យរបស់ចក្រវាឡដដែល ដោយកែវយឺតអវកាសនេះ ដែលត្រូវបានបញ្ជូនទៅកាន់គន្លងនៃភពផែនដី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩០ បានអបអរខួបកំណើតរបស់វានៅក្នុងឆ្នាំនេះ ជាមួយការបង្ហាញរូបភាពដ៏ថ្មីសន្លាងនៃកាឡាក់ស៊ីចំនួនមួយគូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី គេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
ដើម្បីអបអរថ្ងៃគំរប់ខួបរបស់កែវយឺត Hubble នាពេលថ្មីៗនេះទីភ្នាក់ងារអវកាស NASA បានបញ្ចេញរូបភាពប៉ុន្មានសន្លឹក បង្ហាញពីកាឡាក់ស៊ីមួយគូមានឈ្មោះថា NGC 4302 និង NGC 4298 ជាកាឡាក់ស៊ីពីរដែលនៅក្បែរខាងគ្នា ហើយមានទម្រង់ទ្រង់ទ្រាយ និងរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នា ក៏ប៉ុន្តែរូបរាងរបស់ពួកវាគឺផ្ទុយស្រទះពីគ្នាទាំងស្រុង។ កាឡាក់ស៊ី NGC 4298 មើលទៅជាក់ស្តែងគឺជាកាឡាក់ស៊ីប្រភេទ Spiral ដែលមានលក្ខណៈជារង្វង់គួចដូចទៅនឹងកាឡាក់ស៊ី Milky Way របស់យើងដែរ ប៉ុន្តែ NGC 4302 បែរជាមានរូបរាងដូចទៅនឹងដំបងភ្លឺចែងចាំងនៃប្រជុំផ្កាយទៅវិញ ប្រហែលដោយសារតែយើងមើលឃើញកាឡាក់ស៊ី NGC 4302 ពីជ្រុងចំហៀង ទោះបីជាតាមពិតទៅវាមានរាងជារង្វង់ក៏ដោយ។
ក្រុមអ្នកវិទ្យាសាស្រ្តនៃកែវយឺតអវកាស Hubble បានចេញសេចក្តីថ្លែងការណ៍ថា «កាឡាក់ស៊ីមួយគូនេះបានផ្តល់ជាគំនិតថា តើកាឡាក់ស៊ី Milky Way របស់យើងនឹងត្រូវបានមើលឃើញបែបណាពីកាឡាក់ស៊ីដទៃៗទៀត»។ NGC 4298 និង NGC 4302 ស្ថិតនៅចម្ងាយប្រហែល ៥៥លានឆ្នាំពន្លឺ ដែលអាចមើលឃើញ ទៅក្នុងប្រជុំផ្កាយ Coma Berenices ដែលត្រូវបានគេស្គាល់ថាជា «The Wig»។
ទាក់ទងនឹងកាឡាក់ស៊ីទាំងពីរនេះ តារាវិទូដ៏ល្បីឈ្មោះមួយរូបគឺលោក William Herschel បានរកឃើញពួកវាជាលើកដំបូងកាលពីឆ្នាំ១៧៨៤ ប៉ុន្តែលោកបានហៅពួកវាថាជា Nebula (បណ្តុំឧស្ម័ន និងធូលីនៅទីអវកាស) ទៅវិញ ពីព្រោះតែលោកពុំបានដឹងថា ពួកវាគឺជាកាឡាក់ស៊ី ដែលស្ថិតនៅដ៏សែនឆ្ងាយនោះឡើយ។ ទើបកន្លងផុតទៅជាងមួយសតវត្សរ៍ក្រោយមក តារាវិទូមួយរូបទៀតឈ្មោះ Edwin Hubble បានជ្រាបថា តាមពិតទៅ NGC 4298 និង NGC 4302 គឺជាកាឡាក់ស៊ីវិញទេ ហើយមួយសតវត្ស៍ក្រោយទៀតអង្គការ NASA ក៏បានដាក់ឈ្មោះកែវយឺត Hubble តាមឈ្មោះតារាវិទូរូបនេះ។
គួរបញ្ជាក់ថា កែវយឺតអវកាស Hubble គឺជាគំរោងរួមគ្នាមួយរវាងទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសសហភាពអឺរ៉ុប ESA ហើយចាប់តាំងពីវាត្រូវបានបាញ់បង្ហោះកាលពី២៧ឆ្នាំមុនមក កែវយឺត Hubble បានផ្តិតយករូបភាពវត្ថុអវកាសមិនតិចជាង៤២,០០០នោះឡើយ ខណៈពេលដែលវាបានធ្វើដំណើរជុំវិញភពផែនជិត ១៤៨,០០០ដងផងដែរ៕