យន្តហោះអវកាសពិសេសថ្មី «Dream Chaser» ត្រូវអង្គការ NASA ប្រគល់ឲ្យក្រុមហ៊ុនមួយផលិតជាផ្លូវការ!
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុន Sierra Nevada Corporation (SNC) ចាប់ផ្តើមផលិតយន្តហោះអវកាសដែលបំពាក់បច្ចេកវិទ្យាខ្ពស់ទំនើបៗហៅថា «Dream Chaser» សម្រាប់ការដឹកទំនិញទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ BGR នៅល្ងាចថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
កន្លងទៅនេះក្រុមហ៊ុន SNC បានព្យាយាមបញ្ចុះបញ្ចូលអង្គការ NASA ថា ខ្លួនមានសមត្ថភាពជួយឲ្យការដឹកជញ្ជូនទំនិញ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS មានភាពងាយស្រួលជាមុន តាមរយៈការប្រើប្រាស់យន្តហោះអវកាស Dream Chaser ហើយពេលនេះ SNC ទីបំផុតក៏ទទួលបានការអនុញ្ញាតពី NASA ដើម្បីចាប់ផ្តើមការផលិតយន្តហោះនេះ។
គួរជម្រាបថា ពីដំបូងឡើយ Dream Chaser ស្ថិតក្នុងការពិចារណាសម្រាប់បេសកកម្មបញ្ជូនអវកាសយានិកឡើងទៅកាន់ស្ថានីយ ISS ប៉ុន្តែចុងក្រោយ NASA បានផ្តល់កិច្ចសន្យាទាក់ទិននឹងការអភិវឌ្ឍយានប្រភេទនេះ ទៅឲ្យក្រុមហ៊ុន SpaceX និង Boeing។ ហេតុដូចនេះ ក្រុមហ៊ុន SNC ក៏បានកែសម្រួលគំរូរចនារបស់ខ្លួន ហើយបង្ហាញនូវប្រភេទយន្តហោះអវកាស Dream Chaser សម្រាប់បេសកកម្មបញ្ជូនទំនិញវិញ៕

