បើកាឡាក់ស៊ី​មួយនេះមកបុក​កាឡាក់ស៊ីយើង នោះប្រព័ន្ធ​ព្រះអាទិត្យ​យើង​នឹងត្រូវខ្ទាចចេញកាឡាក់ស៊ី… (ជឿទៅឆាប់ចប់)

165

(វ៉ាស៊ីនតោន)៖ កាឡាក់ស៊ីក្បែរ​ខាងមួយ កំពុងសំដៅមករក​កាឡាក់ស៊ី Milky Way ដែលហេតុការណ៍នេះ​នឹងបង្ក​ភាព​វឹក​វរ​ជា​ខ្លាំង​​ ក្នុង​តំបន់នៃ​កាឡាក់ស៊ី​​របស់​យើង រួមមានទាំង​ការធ្វើឲ្យ​ប្រហោងខ្មៅ​យក្សភ្ញាក់ឡើង និងការធ្វើឲ្យប្រព័ន្ធ​ព្រះអា​​ទិត្យ​​​ខ្ទាត​ចេញពី Milky Way ក៏ថាបានដែរ។ នេះបើតាម​សម្តីក្រុមអ្នក​វិទ្យាសាស្រ្តដកស្រង់ខ្លឹមសារ​ដោយសារព័ត៌មាន Independent នៅ​រសៀល​​ថ្ងៃសុក្រ​ ទី០៤ ខែមករា ឆ្នាំ២០១៩។

​បើតាមការព្យាករណ៍​ពីអ្នកវិទ្យាសាស្រ្ត កាឡាក់ស៊ី​​ឈ្មោះ​ថា Large Magellanic Cloud (LMC) អាច​នឹង​​មក​​បុក​​​កាឡាក់​ស៊ី Milky Way ហើយបង្ក​ការបំផ្លិចបំផ្លាញ​ក៏ដូចជា​ចលាចល​ជាខ្លាំង នៅក្នុង​តំបន់​កាឡាក់ស៊ីយើងនេះ។ ការប៉ះទង្គិច​គ្នា​នេះ​​​​​​​ ថែម​ទាំង​អាច​​ដាស់ឲ្យ​ប្រហោងខ្មៅ Sagittarius A* ដែលសំងំនៅបេះដូង​នៃកាឡាក់ស៊ី​របស់យើង​ ជាមួយ​មុខ​កាត់​​ប្រហែល ​​៤៤លានគីឡូម៉ែត្រ អាចកើនឡើង​ទំហំ​ធំជាងមុន​​ដល់​ទៅ ១០ដង និងបញ្ចេញវិទ្យុ​សកម្មពោរពេញ​ដោយថាមពល​ ទៅក្នុង​​​​លំហ​អវកាស​​ជុំវិញ​វាបាន​។

ទោះបីបាតុភូតនេះ​ត្រូវគេរំពឹងថា នឹងប៉ះពាល់ដោយ​ផ្ទាល់ដល់​ផែនដី​ក៏ដោយ ប៉ុន្តែវាមានលទ្ធភាព​អាច​បង្កឲ្យប្រព័ន្ធសូឡា​​​របស់​យើង​ ខ្ទាតចេញ​ពីកាឡាក់ស៊ី Milky Way ហើយរសាត់​អណ្តែតតែលតោល​ក្នុងទីអវកាសបាន។ ប៉ុន្តែ​ព្រឹត្តិការណ៍​​​នេះ​​នឹងមិនកើតឡើង​ក្នុងពេលឆាប់ៗ​ខាងមុខឡើយ គឺរហូតទាល់តែ ០២ពាន់លានឆ្នាំ​ទៀតឯណោះ។ កាឡាក់ស៊ី Milky Way ក៏​​ត្រូវអ្នក​វិទ្យាសាស្រ្ត​​ព្យាករណ៍ថា នឹងប៉ះទង្គិចគ្នា​ជាមួយ​កាឡាក់ស៊ី​មួយ​ផ្សេងទៀត​ឈ្មោះថា Andromeda នៅ​០៨ពាន់​លាន​ឆ្នាំមុខផងដែរ។

គួរជម្រាបថា កាឡាក់ស៊ី​ដូចជា Milky Way ត្រូវបាន​ហ៊ុមព័ទ្ធដោយ​កាឡាក់ស៊ីរណបតូចៗ​ដទៃទៀត។ កាឡាក់ស៊ី​ទាំងនេះ​ ដែលភាគច្រើន​អណ្តែតនៅជុំវិញកាឡាក់ស៊ីមេ​របស់វា​ដោយស្ងប់សុខ​នោះ តែងតែស្ថិតក្នុង​សភាពយ៉ាងដូច្នោះ​ ដល់ទៅ​រាប់ពាន់​លានឆ្នាំឯណោះ។ ប៉ុន្តែពេលខ្លះ ពួកវាក៏រំកិលចូល​ទៅដល់ចំណុច​កណ្តាល ហើយ​ត្រូវស្រូបយក​ដោយ​កាឡាក់​ស៊ី​មេរបស់ពួកវា ប្រសិនបើមានព្រឹត្តិការណ៍​ផ្ទុះដ៏កក្រើកនៃផ្កាយយក្ស​​ផងដែរ៕

480×240 Banner