សំនួរមិត្តអ្នកអាន៖ តើហេតុអ្វីបានជាផ្ទៃមេឃមានពណ៌ខៀវនៅពេលថ្ងៃ និងជើងមេឃក្រហមឆ្អិនឆ្អៅនាពេលល្ងាច?

418

(បរទេស)៖ វាគឺជារឿងងាយស្រួល និងធម្មតាៗក្នុងការមើលឃើញថា ផ្ទៃមេឃមានពណ៌ខៀវ ក៏ប៉ុន្តែតើអ្នក​មានធ្លាប់ឆ្ងល់ថា​ មកពីមូលហេតុអ្វី​ដែរ​ ឬទេ? មនុស្សឆ្លាតៗ​ជាច្រើននាក់ផ្សេង​ទៀតក៏ធ្លាប់​មានចម្ងល់អំពីរឿង​នេះផងដែរ ហើយវា​បានចំណាយ​ពេលយ៉ាងយូរ ទំរាំតែ​បានស្វែង​រក​ឃើញចម្លើយតាមបែបវិទ្យាសាស្ត្រ។ នេះបើតាម​ការដកស្រង់ព័ត៌មាន​ពីគេហទំព័រ​របស់អង្គការ NASA នៅមុននេះបន្តិច​នារសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ពន្លឺដែលចាំង​មកពីព្រះអាទិត្យ​ត្រូវបានមើលឃើញថា មានពណ៌ស ប៉ុន្តែតាមពិត​ទៅមានរួមផ្សំ​ឡើងពីគ្រប់ពណ៌​ទាំងអស់ដែល​មាននៅ​ក្នុង​ឥន្ធនូ។ ដូចទៅនឹងថាមពល​ដែលធ្វើដំណើរឆ្លង​កាត់មហាសមុទ្រ ថាមពលពន្លឺ​ក៏ធ្វើដំណើរនៅ​ក្នុងទម្រង់​ជារលកដែរ ដោយពន្លឺខ្លះ​ធ្វើដំណើរ​នៅក្នុងទម្រង់​ជារលកមាន​ប្រវែងខ្លីៗ និងខ្លះទៀតធ្វើដំណើរ​នៅក្នុងទម្រង់​ជារលកប្រវែងវែងៗ។ ហើយពន្លឺ​ដែលមានប្រវែង​រលកវែងជាង​គេ​គឺពណ៌ក្រហម ខណៈខ្លីជាង​គេគឺ​ពណ៌ខៀវ។

គ្រប់ពន្លឺទាំងអស់​ធ្វើដំណើរនៅក្នុងគោលដៅ​ត្រង់ស្មើ លើកលែងតែមាន​អ្វីម៉្យាងមកប៉ះផ្លូវរបស់វា ដែលជាលទ្ធផល​អាចបំផ្លាញ ឬពត់​ផ្លាស់ប្តូរ​ទិសរបស់វា ក៏ប៉ុន្តែពន្លឺ​ក៏អាចបែកខ្ញែក​សាយភាយផងដែរ នៅក្នុងករណី​ដែលវាឆ្លងកាត់​ម៉ូលេគុលរបស់​ឧស្ម័នផ្សេងៗ នៅក្នុង​បរិយាកាស។

តួយ៉ាងនៅ​ពេលពន្លឺព្រះអាទិត្យ ឈានចូល​មកដល់បរិយាកាស​នៃភពរបស់យើង វានឹងបែក​ខ្ចាត់ខ្ចាយ​ពាសពេញ​បរិយាកាស ទៅកាន់​គ្រប់​ទិស​ទី ដោយសារតែ​ឧស្ម័ន​ និងភាគល្អិតផ្សេងៗជាច្រើន​នៅក្នុងខ្យល់ ហើយនាពេល​នោះពន្លឺពណ៌ខៀវ នឹងរាយប៉ាយ​ទៅរាល់គ្រប់ទិសទី​ ច្រើន​ជាង​​​ពន្លឺ​មានពណ៌ដទៃៗទៀត ដោយសារតែ​វាធ្វើដំណើរក្នុង​ទម្រង់ជារលកខ្លីៗ​ និងតូចជាងគេ។ ប្រការហេតុនេះ​ទើបយើង មើលឃើញ​ផ្ទៃមេឃ​ជា​ទូ​ទៅ​មាន​​ពណ៌ខៀវ។

យ៉ាងណាមិញ​ពេលងាកទៅ​មើលក្បែរជើង​មេឃវិញ យើងសង្កេតឃើញថា​ ផ្ទៃមេឃបាន​រំសាយពណ៌​ទៅខៀវខ្ចី​ស្ទង់ៗ ឬមួយក៏ពណ៌​សតែម្តង​។ នេះគឺពីព្រោះ​តែពន្លឺព្រះអាទិត្យ​ដែលឈានដល់ជើងមេឃ បានធ្វើដំណើរ​ឆ្លងកាត់បរិយាកាស​កាន់តែជ្រៅ ក៏ដូចជា​ខ្យល់កាន់តែច្រើនថែម​​ទៀត ជាងពន្លឺព្រះអាទិត្យ​ដែលមកដល់យើង​ចំពីលើយើងផ្ទាល់។

ជាងនេះទៅទៀត​ដោយសារ​តែពន្លឺព្រះអាទិត្យ​​ឆ្លងកាត់ខ្យល់​ទាំងនេះ ម៉ូលេគុល​​របស់​វាក៏បំបែក​ពន្លឺពណ៌ខៀវ​​ជាច្រើនលើក​ច្រើន​សារ​ ទៅកាន់ទិសដៅ​​ជាច្រើន។ បន្ថែមពីនេះផ្ទៃផែនដីក៏បានបំផ្លាត​ និងធ្វើឲ្យពន្លឺ​ទាំងនោះ​ខ្ទាតខ្ចាត់ខ្ចាយ​ផងដែរ ដែលប្រការនេះ​ជាការលាយឡំ​ពណ៌​​ជា​ច្រើន​បញ្ចូល​​គ្នា​ម្តង​ទៀត​។ ដូច្នេះហើយ​យើងមើលឃើញ​ពណ៌ស​ ច្រើនជាងពណ៌ខៀវ។

គួរបញ្ជាក់ថា ចំពោះព្រះអាទិត្យ​លិចមានពណ៌​ក្រហមឆ្អិនឆ្អៅវិញគឺថា ស្របពេល​ដែលព្រះអាទិត្យបន្ទាប​ខ្លួនកាន់តែទាបជិតលិច​ផុតបាត់ ពន្លឺ​របស់វា​កំពុងតែធ្វើដំណើរឆ្លងកាត់​បរិយាកាស​បន្ថែមទៀត ហើយនាពេល​នោះពន្លឺពណ៌ខៀវ​ក៏បានខ្ចាត់ខ្ចាយ​បន្តទៀត អនុញ្ញាតឲ្យពន្លឺ​ពណ៌​ក្រហម​ និងលឿង ធ្វើដំណើរឆ្លងកាត់ភ្នែក​ទាំងគូរបស់អ្នក ដែលមើលទៅដូចជាពណ៌សាច់ផ្លែល្ហុងរៀបនឹងទុំ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA (អត្ថបទដើមនៅឆ្នាំ២០១៧/បង្ហោះឡើងវិញនៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤)

480×240 Banner