ស្វែងយល់​បន្ថែម​ពីយានអវកាស OSIRIS-REx របស់ NASA ដែលនឹង​ហោះត្រឡប់​មកផែនដីវិញ​នៅឆ្នាំ២០២៣!

215

(អាមេរិក)៖ យានអវកាស OSIRIS-REx របស់​អង្គការ NASA មានគោលដៅ​ចម្បងប្រមូលយក​គំរូស្លាកស្នាម​​​ពីអាចម៍​ផ្កាយ​ Bennu ត្រឡប់មកផែនដីវិញ​ដើម្បីធ្វើការវិភាគ។ ប៉ុន្តែមុន​ពេលវាអាចចុះទៅកាន់​​ផ្ទៃរបស់ Bennu បាន ក្រុមការងារ​បេសក​កម្ម​ត្រូវតែពិនិត្យ​មើល​រូបភាព ទិន្នន័យ និងព័ត៌មានឯទៀតៗ ដើម្បីផ្តល់​លទ្ធភាពខ្ពស់បំផុតតាម​តែអាចធ្វើបាន​ទៅឲ្យ​យាន​ OSIRIS-REx ធ្វើការចុះចតដោយសុវត្ថិភាព។

ដោយឡែក​បញ្ហាប្រឈមមុខ ចំពោះការចុះទៅដល់​ផ្ទៃរបស់ Bennu ទៅទៀតនោះ គឺការព្យាយាមចូលទៅ​កាន់គន្លង​គោចរ​របស់​​​អាចម៍ផ្កាយនេះ។ កាលពីអំឡុង​ខែធ្នូឆ្នាំទៅមិញ យាន OSIRIS-REx បានធ្វើការអង្កេត​​ជំហានបឋមលើ​ Bennu តាមរយៈ​​ការហោះឆ្វែល Flyby ចំនួន ៣លើក នៅតំបន់ប៉ូល​ខាងជើង ប៉ូលខាងត្បូង និងអេក្វាទ័រ​របស់អាចម៍​ផ្កាយនេះ។ ទិន្នន័យបាន​មកពីការហោះ Flyby ទាំងនេះ អនុញ្ញាតឲ្យ​​​ក្រុមការងារ OSIRIS-Rex ធ្វើការប៉ាន់ប្រមាណបានច្បាស់​លាស់​ត្រឹមត្រូវជាងមុន​អំពី​ម៉ាស់របស់ Bennu ដើម្បីឲ្យ​យានអវកាស​ចូលទៅក្នុងគន្លងជុំវិញ​អាចម៍ផ្កាយនេះបាន កាលពីថ្ងៃទី៣១ ខែធ្នូ​។​

គួរជម្រាបថា យាន OSIRIS-REx ត្រូវបានបញ្ជូន​ឡើងទីអវកាស​នៅខែកញ្ញា ឆ្នាំ២០១៦ ដើម្បីជួយឲ្យអ្នកវិទ្យាសាស្រ្ត​​យល់​ដឹងកាន់ច្រើន​ អំពី​ដំណាក់កាលដំបូងនៃការកកើត​នៃប្រព័ន្ធ​ព្រះអាទិត្យ។ យានអវកាសនេះ​ត្រូវកំណត់ថា នឹង​ទម្លាក់ខ្លួន​ចុះ​មកផែនដីដោយ​ប្រើឆ័ត្រយោង នៅវាលខ្សាច់រដ្ឋ Utah ភាគខាងលិច​សហរដ្ឋអាមេរិក នៅខែកញ្ញា ឆ្នាំ២០២៣ នៅ​ពេល​វាត្រឡប់​មកវិញជាមួយគំរូ​ស្លាកស្នាម ដែលប្រមូលមក​ពីផ្ទៃនៃអាចម៍ផ្កាយ Bennu នៅពាក់​កណ្តាល​​ឆ្នាំ២០២០៕

ប្រភព៖ វែបសាយ Space.com

480×240 Banner