រលកវិទ្យុសញ្ញាចម្លែកទីពីរ ត្រូវបានតេឡេស្កូបលើផែនដីចាប់បាន ដោយវាបានជះចូលមកក្នុងកាឡាក់ស៊ីយើងនេះ!
(អាមេរិក)៖ នៅទីឋានសែនឆ្ងាយពីកាឡាក់ស៊ី Milky May អ្វីម៉្យាងកំពុងបង្កឲ្យមានសន្ទុះផ្ទួនៗនៃរលកវិទ្យុសញ្ញាខ្លីៗ សាយភាយក្នុងលំហអវកាស ខណៈមកទល់ពេលនេះ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញរលកវិទ្យុដ៏អាថ៌កំបាំងនេះជាលើកទីពីរហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
សន្ទុះរលកវិទ្យុសញ្ញាទាំងនេះ មានវត្តមានត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយវាក៏មិនសូវជាកម្រប៉ុន្មានដែរ តែអ្វីដែលពិសេសគឺសន្ទុះរលកវិទ្យុសញ្ញាខាងលើ គឺជារលកវិទ្យុសញ្ញាទីពីរ ដែលត្រូវគេរកឃើញថា បានបញ្ចេញថាមពលផ្ទួនៗគ្នា។ សម្រាប់មូលហេតុថា តើហេតុអ្វីបានជាពួកវាកើតឡើង ហើយមានប្រភពចេញមកពីណាឲ្យច្បាស់នោះ នៅតែបន្តជាអាថ៌កំបាំង ដែលតែងតែធ្វើឲ្យមនុស្សមួយចំនួនជឿជាក់ថា ក្រុមអេលៀនវ័យឆ្លាតគឺជាអ្នកបង្កើតសន្ទុះរលកវិទ្យុសញ្ញាទាំងនេះ។
សន្ទុះរលកវិទ្យុសញ្ញាដែលបញ្ចេញថាមពលជាប់ៗគ្នា ត្រូវបានគេប្រទះឃើញជាលើកទីមួយ នៅឆ្នាំ២០១៥ តាមរយៈប្រព័ន្ធតេឡេស្កូបអាមេរិក Arecibo និងមានឈ្មោះថា FRB 121102។ ចំណែកសន្ទុះរលកវិទ្យុសញ្ញាថ្មីនេះវិញ មានឈ្មោះ FRB 180804.J0422+73 ដោយត្រូវគេប្រទះឃើញបញ្ចេញថាមពល ០៦ដងផ្ទួនៗគ្នា ចេញមកពីទីតាំងតែមួយ ដែលស្ថិតនៅចម្ងាយ ១.៥ពាន់លានឆ្នាំពន្លឺពីយើង។ FRB 180804.J0422+73 ត្រូវបានប្រទះឃើញ ក្នុងអំឡុងដំណើរការសាកល្បងនៃប្រព័ន្ធតេឡេស្កូបកាណាដា ហៅកាត់ថា CHIME។
>> សំណូមពរ៖ រាល់អត្ថបទទាំងអស់របស់ Cambo Space គឺត្រូវបានបកប្រែ និងសរសេរចេញពីចំណេះដឹងរបស់ក្រុមការងារ Cambo Space យើងផ្ទាល់។ ហេតុដូច្នេះប្រសិនបើបងប្អូនណាយកទៅអាន ដើម្បីដាក់បញ្ចូលក្នុង YouTube ឬក៏ Facebook ក្តី សូមមេត្តាដាក់ឯកសារយោង ឬ Reference មកដល់ Cambo Space ឲ្យបានត្រឹមត្រូវផងដើម្បីជាការគោរពកម្មសិទ្ធិបញ្ញា និងវិជ្ជាជីវៈសារព័ត៌មាន។ អត្ថបទយើងខ្ញុំពុំត្រូវបានបង្ហោះនៅវែបសាយណាផ្សេងនោះឡើយ ក្រៅតែពីវែបសាយ www.cambo-space.com។ សូមអរគុណដល់ទឹកចិត្តគាំទ្ររបស់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា៕


