លើកនេះប្រើកម្មវិធីកុំព្យូទ័រវិញម្តង ដើម្បីស្វែងយល់ពីរបៀបកកើតព្រះច័ន្ទ និងខ្សែក្រវ៉ាត់ភពយក្សនានាកាន់តែលម្អិត!
(ឡុងដ៍)៖ ដោយសារតែអ្នកវិទ្យាសាស្រ្តមិនមានឱកាសមើលឃើញ ព្រឹត្តិការណ៍ប៉ះទង្គិចគ្នាធំៗនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដូចជាពេលនៃការកកើតព្រះច័ន្ទរបស់ផែនដី វត្តមាននៃប្រព័ន្ធខ្សែក្រវាត់របស់ភពសៅរ៍ (Saturn) និងរង្វិលជុំប្លែកខុសឆ្ងាយពីគេនៃភពអុយរ៉ាណុសជាដើមនោះ អ្នកវិទ្យាសាស្រ្តបានងាកទៅប្រើប្រាស់ប្រព័ន្ធគំរូសេណារីយ៉ូ (Simulation) នៅលើកុំព្យូទ័រ ហើយខណៈដែលបច្ចេកវិទ្យាកុំព្យូទ័រ បន្តមានភាពរីកចម្រើនកាន់តែខ្លាំងទៀតនោះ គំរូ Simulation នៃព្រឹត្តិការណ៍អស្ចារ្យទាំងនេះ អាចកាន់មានលក្ខណៈលម្អិតច្បាស់ឡើងៗ។
ថ្មីៗនេះអ្នកវិទ្យាសាស្រ្តកំពុងសិក្សាទៅលើគំរូ Simulation នៃព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងវត្ថុអវកាសដ៏ធំមួយ ជាមួយនិងភពអុយរ៉ាណុសកាលពីរាប់ពាន់លានឆ្នាំមុន ដែលបានបណ្តាលឲ្យអ័ក្សរង្វិលជុំរបស់ភពមួយនេះ មានសភាពចម្លែកខ្លាំងពីភពឯទៀតៗនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ លើកលែងតែភពអុយរ៉ាណុស ភពដទៃទៀតមានអ័ក្សរង្វិលជុំបញ្ឈរត្រង់ស្មើ ឬក៏ទ្រេតតែប៉ុន្មានដឺក្រេប៉ុណ្ណោះ ប៉ុន្តែសម្រាប់វាវិញគឺមានអ័ក្សផ្តេកខ្លាំងខុសគេ។ លក្ខណៈចម្លែករបស់វាពុំទាន់អស់ត្រឹមនេះឡើយ ដោយភពអុយរ៉ាណុសក៏មានស្រទាប់ម៉ាញេទិចប្លែកហើយមានសីតុណ្ហត្រជាក់ខ្លាំងផងដែរ។
គួរជម្រាបថា តាមរយៈការប្រើប្រាស់ Simulation អ្នកវិទ្យាសាស្រ្ត អាចវាយតម្លៃលើលទ្ធផលខុសៗគ្នា នៃព្រឹត្តិការណ៍ខាងលើ ដោយពួកគេអាចកំណត់ទំហំ និងល្បឿននៃវត្ថុដែលបានបុកជាមួយអុយរ៉ាណុស ក៏ដូចជារង្វាស់មុំនៃការប៉ះទង្គិចគ្នា ហើយលើសពីនេះទៀត Simulation ក៏អាចបង្ហាញពីទំហំនៃខ្ទាតកម្ទេចកម្ទីរដែលបង្កឡើង ព្រមទាំងសមត្ថភាពអត់ធន់នៃបរិយាកាសរបស់ភព ក្នុងអំឡុងព្រឹត្តិការណ៍នេះផងដែរ។ ខណៈបច្ចេកវិទ្យាកុំព្យូទ័រកាន់តែជឿនលឿន ការប្រើ Simulation ទាំងនេះកាន់តែមានប្រសិទ្ធភាពឡើយ។
>> សំណូមពរ៖ រាល់អត្ថបទទាំងអស់របស់ Cambo Space គឺត្រូវបានបកប្រែ និងសរសេរចេញពីចំណេះដឹងរបស់ក្រុមការងារ Cambo Space យើងផ្ទាល់។ ហេតុដូច្នេះប្រសិនបើបងប្អូនណាយកទៅអាន ដើម្បីដាក់បញ្ចូលក្នុង YouTube ឬក៏ Facebook ក្តី សូមមេត្តាដាក់ឯកសារយោង ឬ Reference មកដល់ Cambo Space ឲ្យបានត្រឹមត្រូវផងដើម្បីជាការគោរពកម្មសិទ្ធិបញ្ញា និងវិជ្ជាជីវៈសារព័ត៌មាន។ អត្ថបទយើងខ្ញុំពុំត្រូវបានបង្ហោះនៅវែបសាយណាផ្សេងនោះឡើយ ក្រៅតែពីវែបសាយ www.cambo-space.com។ សូមអរគុណដល់ទឹកចិត្តគាំទ្ររបស់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា៕

