ស្វែងយល់៖ អ្វីទៅជាព្រះអាទិត្យសិប្បនិម្មិត​ ដែលអន្តរជាតិ និងប្រទេសចិន​កំពុងបង្កើត?

233

(ប៉េកាំង)៖ កាលពីចុងឆ្នាំមុន​ចិនទើបសម្រេចបាននូវ ​​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ​ដែលប្រៀបដូចផ្កាយ​សិប្បនិម្មិត​ ដែល​មាន​កម្តៅក្តៅជាង​ព្រះអាទិត្យដល់ទៅ ០៦ដង និងអាចជាអនាគត​នៃប្រភពថាមពល​នៅលើផែនដី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Business Insider នៅរសៀល​ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

ចូរស្រមៃ​មើលថា តើវានឹងប្រសើរ​យ៉ាងណា​បើយើងអាច​យកព្រះអាទិត្យ ​មកប្រើជាថាមពល​ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​​​ឥន្ធនៈ​ហ្វូស៊ីល តែមិនមែន​ថាមពលពន្លឺព្រះអាទិត្យ គឺថាមពល​នុយក្លេអ៊ែរ​ Nuclear Fusion។ រ៉េអាក់ទ័រ​​សម្រាប់បង្កើត​ថាមពល​ Nuclear Fusion ឈ្មោះថា Experimental Advanced Superconducting Tokamak (EAST) ដែលមានមូលដ្ឋាន​នៅ​ទីក្រុង Hefei ប្រទេស​ចិន មានសមត្ថភាព​បង្កើនសីតុណ្ហភាពដល់ ១០០លានអង្សាសេ ដែលក្តៅ​ជាងព្រះអាទិត្យ ០៦ដង។

ថាមពល Nuclear Fusion កើតឡើងនៅពេល​អាតូមមានទម្ងន់ស្រាល រលាយចូលគ្នា​ទៅជាងអាតូមមួយថ្មី​មាន​ទម្ងន់ធ្ងន់​ជាងមុន ដែលក្នុងអំឡុង​ប្រតិកម្មនេះ​ថាមពលត្រូវបាន​បញ្ចេញ។​ វាស្តាប់ទៅងាយ​ស្រួលប៉ុន្មាន មិនងាយនឹងបង្កើត​​ឡើង​​នោះឡើយ ដោយសារតែអាតូម​ទាំងពីរមានបន្ទុក​វិជ្ជមានដូចគ្នា ដូចទៅនឹង​មេ​ដែកឆក់ដែរ គឺពួកវាតែងព្យាយាម​​រុញ​គ្នា​ចេញ​។​

ប៉ុន្តែផ្កាយ​ដូចជាព្រះអាទិត្យរបស់​យើង​ជាដើម វាអាចជម្នះលើការរុញ​ច្រានគ្នានេះបាន ដោយ​សារ​តែ​ទំហំ​ដ៏​ធំ​​សម្បើម​របស់​វា ដែលអាចបង្កើត​នូវកម្លាំងសម្ពាធ​ដ៏ខ្លាំងក្លានៅក្នុងស្នូល​របស់ពួកវា ដូច្នេះហើយអាតូម​ត្រូវបង្ខំឲ្យ​រំកិល​ជិតគ្នា ជាហេតុ​ធ្វើ​ឲ្យ​ពួកវា​មានលទ្ធភាព​ខ្ពស់ក្នុងការប៉ះ​ទង្គិចគ្នា។ ទោះជាបែបនេះក្តី​នៅមានបញ្ហា​ចោទមួយ គឺពួកយើងមិន​មានបច្ចេកវិទ្យា ដើម្បីបង្កើត​បរិមាណដ៏មហាសាលនៃសម្ពាធ​បែបនេះ​នៅលើផែនដី។​

យ៉ាងណាមិញ នៅមាន​មធ្យោបាយមួយ គឺយើងក៏អាច​បង្កើតប្រតិកម្ម Fusion តាមរយៈការប្រើប្រាស់​សីតុណ្ហភាពក្តៅ​ខ្លាំង​​ផងដែរ ដែលវាគឺជាមុខងារ​ចម្បងរបស់ម៉ាស៊ីន​រ៉េអាក់ទ័រ EAST របស់​ប្រទេស​ចិន។ និយាយរួមទៅ បើសីតុណ្ហភាព​​កាន់​តែ​ក្តៅ​ អាតូមក៏ធ្វើចលនា​ខ្លាំងផងដែរ ហើយលទ្ធភាព​នៃការប៉ះទង្គិចគ្នា​របស់ពួកវាគឺកាន់​តែខ្ពស់។

តែប្រសិនបើសីតុណ្ហភាព​ក្តៅជ្រុលខ្លាំងពេក អាតូមទាំងនោះនឹង​ធ្វើចលនាលឿនពេក និងមិនងាយបុកគ្នា​នោះទេ ខណៈ​បើត្រជាក់ពេក ពួកវាធ្វើចលនាមិន​លឿនគ្រប់គ្រាន់។ ដូច្នេះកម្រិត​សីតុណ្ហភាពសមរម្យបំផុត​ ដើម្បីបង្កើតប្រតិកម្ម Nuclear Fusion គឺប្រហែល ១០០លានអង្សាសេ ដែលស្មើនឹងកម្តៅព្រះអាទិត្យគុណនឹង ០៦ដង។

កន្លងមកនេះ មានការពិសោធន៍​តែមួយចំនួនតូច​ប៉ុណ្ណោះ នៅលើ​ពិភពលោក ដែលអាចបង្កើត​​​ចេញ​ជាប្រតិកម្មនេះ​បាន​ ហើយការពិសោធន៍​ចុងក្រោយបំផុត ត្រូវបានធ្វើឡើង​ជាមួយកូនម៉ាស៊ីន​រ៉េអាក់ទ័រ EAST នេះឯង ដែលវាបានរក្សាលំនឹង​ប្រតិកម្ម Nuclear Fusion បានប្រមាណ ១០វិនាទី មុនពេលរលត់​ម៉ាស៊ីនទៅវិញ។ ខណៈវាគឺជា​ជោគជ័យ​​មួយសម្រាប់ EAST នៅសល់ផ្លូវវែងឆ្ងាយ​ទៀតមុនអាចទៅដល់គោលដៅ​បង្កើតថាមពល Nuclear Fusion ដែលមាននិរន្តរភាព​សម្រាប់​មនុស្ស​​​លើភព​ផែនដី។

នេះ​ប្រហែល​មកពី EAST គឺជាកូនម៉ាស៊ីន​រ៉េអាក់ទ័រ​ មានប្រវែងត្រឹម​ប៉ុន្មានម៉ែត្រ ដែលត្រូវបានបង្កើត​​ឡើងត្រឹម​សម្រាប់តែ​​ការ​​ពិសោធន៍​​មួយមុខ ហើយតួនាទី​ចម្បង​របស់វា​បច្ចុប្បន្ន គឺជួយអ្នកវិទ្យាសាស្រ្ត​​បង្កើត​​បច្ចេកវិទ្យា Nuclear Fusion ដែល​​កាន់តែ​មានប្រសិទ្ធភាព ហើយនៅ​ថ្ងៃណាមួយ​អាចផ្គត់ផ្គង់​​ថាមពល ដល់ទីក្រុង​ក្នុងប្រទេស​នានានៅជុំវិញ​​ពិភព​លោក​បាន​។

សព្វថ្ងៃនេះ គម្រោង​បង្កើត​ថាមពល Nuclear Fusion ធំជាងគេបង្អស់​លើលោកឈ្មោះថា International Thermonuclear Experimental Reactor (ITER) ដែលជា​កិច្ចប្រឹងប្រែងថ្នាក់​អន្តរជាតិ។ ប្រទេសប្រមាណ​ ៣៥ បានចំណាយ​លុយ​រាប់​ពាន់​លានដុល្លារ សម្រាប់​ការអភិវឌ្ឍ​វាឡើង។ ITER ត្រូវបានរចនា​ឡើងក្រោមគោលដៅ ឲ្យក្លាយ​ជាម៉ាស៊ីនរ៉េអាក់ទ័រ​​ពេញ​​លេញ​​ដំបូង​គេ ដើម្បី​បង្កើត​ផលិត​​ថាមពល Nuclear Fusion បានច្រើនជាង​​ថាម​ពល​​ដែល​ប្រើ​ប្រាស់​​ក្នុង​ការ​បង្កើន​​កម្តៅ​​ឲ្យវា។

ដើម្បីឲ្យ​ម៉ាស៊ីនរ៉េអាក់ទ័រ​ទាំងនេះដំណើរការទៅបាន យើងត្រូវចំណាយ​ថាមពលយ៉ាងច្រើន​ទៅឲ្យពួកវា។ តួយ៉ាងការ​ធ្វើ​តេស្តលើ EAST កន្លងទៅនេះ បានស៊ីថាមពល​អស់ជាង ១០ម៉េហ្គាវ៉ាត់។ ខណៈទំហំ​ថាមពលនេះ គឺគ្រប់គ្រាន់​អាចផ្គត់ផ្គង់​​​​ផ្ទះប្រជាជន​អាមេរិក​​ចំនួន ​១,៦៤០​ខ្នង​​ បានសម្រាប់​រយៈពេល ០១ឆ្នាំ ប៉ុន្តែលទ្ធផល​ថាមពលដែល​មកវិញ គឺមិនស្មើពាក់​​កណ្តាលថាមពល​ដែលវាបាន​ប្រើប្រាស់​ផង។

ដូច្នេះតើប្រភេទ​ថាមពលនេះ សាកសមនឹងការខិតខំប្រឹងប្រែង​បង្កើតវាដែរ ឬអត់? គុណសម្បត្តិ​មួយរបស់ Nuclear Fusion គឺវានឹងមិន​បង្កើត​កាកសំណល់វិទ្យុកម្ម​ក្នុងទម្រង់ណាមួយឡើយ បើធៀបទៅនឹង​ប្រភេទ​ប្រតិបត្តិការនុយក្លេអ៊ែរ​ ដូចយើង​ឃើញ​សព្វថ្ងៃនេះ នៅតាមរោងចក្រ​នុយក្លេអ៊ែរប្រភេទ Fission ដែលផ្តោត​ទៅលើដំណើរការ​ នៃការបំណែក​ខ្លួនរបស់​អាតូម​។

ហើយកាន់​តែល្អថែមទៀត គឺរោងចក្ររ៉េអាក់ទ័រ​​ប្រភេទ Fusion អាចដំណើរការ​ដោយប្រើប្រាស់​ទឹកសមុទ្រ ដែលជា​ធន​ធាន​មាននិរន្តរភាព និងអាចកើត​ឡើង​វិញបាន។ ក្រៅពីនេះ​មិនដូចប្រភព​ថាមពល​ដទៃទៀត វាមិនត្រូវការ​ស្រូប​ពន្លឺ​​ពី​ព្រះ​អាទិត្យ ក៏ត្រូវការឲ្យខ្យល់​បកមកលើ​វានោះដែរ។ ម៉្យាងវិញ ក្នុងសម័យ​កាលដែលធនធាន​លើផែនដី​កាន់តែថយចុះ ហើយ​​បញ្ហាបម្រែបម្រួល​អាកាសធាតុ​កាន់តែ​អាក្រក់​ថាមពល Nuclear Fusion គឺជាជម្រើស​ដ៏ប្រសើរ​មួយ៕

480×240 Banner