Oops! ពូជរុក្ខជាតិដែលចិននាំទៅឋានព្រះច័ន្ទនោះ ដុះចេញជាពន្លកមកហើយ (រូបភាពខាងក្នុង)
(ប៉េកាំង)៖ យានអវកាសចិន «ឆាងអឺទី៤» ទើបតែបានធ្វើការពិសោធន៍ផ្នែកជីវសាស្រ្តរបស់វាលើកដំបូងនៅលើផ្ទៃព្រះច័ន្ទ ហើយគ្រាប់ពូជកប្បាសដែលវានាំយកទៅជាមួយនោះ បានដុះចេញជាពន្លកហើយ ស្ថិតនៅក្នុងប្រអប់ពិសោធន៍របស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
យាន «ឆាងអឺ៤» បានចុះទៅដល់តំបន់អាថ៌កំបាំងដែលគេហៅថា Far Side ឬ Dark Side របស់ព្រះច័ន្ទ (ចំហៀងដែលបែរចេញពីផែនដី) នៅថ្ងៃទី០៣ ខែមករា បន្ទាប់ពីវាត្រូវបានបាញ់បង្ហោះឡើងទីអវកាស កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨។ ជោគជ័យនេះបានធ្វើឲ្យចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមានយានអវកាសយកគ្រាប់ពូជរុក្ខជាតិពីផែនដី ដំបូងគេទៅកាន់តំបន់នោះ។
គួរជម្រាបថា យាន «ឆាងអឺ៤» បាននាំយកទៅជាមួយវានូវ កប្បាស, រុក្ខជាតិ Rapeseed, ដំឡូងបារាំង, រុក្ខជាតិ Arabidopsis, រុក្ខជាតិ Fruit Fly, និងមេផ្សិតដំបែ (Yeast) ដើម្បីបង្កើតប្រព័ន្ធជីវៈចម្រុះតូចមួយ នៅលើទីឋានដែលគ្មានជីវិតបន្តិចសោះនេះ៕

