កំពុងតែសប្បាយចិត្តផង បែរជាពេលនេះមកប្រាប់ថា ព្រះច័ន្ទទាំងនេះប្រហែលជាគ្មានលាក់ជីវិតអ្វីទេ…
(អាមេរិក)៖ ជាង២ទសវត្សរ៍កន្លងមកនេះ អ្នកវិទ្យាសាស្រ្តបានងឿងឆ្ងល់ថា តើជីវិតក្រៅភពអាចកំពុងសំងំលាក់ខ្លួន នៅពីក្រោមផ្ទាំងទឹកកករបស់ព្រះច័ន្ទមួយចំនួន ដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ឬយ៉ាងណា ហើយការវិភាគជាច្រើនក៏ត្រូវបានបង្កើតឡើងរួចមកហើយដែរ។
យានអវកាសដូចជា Galileo និងយាន Cassini ធ្លាប់បានប្រទះឃើញភស្តុតាង ដែលបានបង្ហាញថា ព្រះច័ន្ទមួយចំនួនរបស់ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) មានលាក់ទុកនូវមហាសមុទ្រនៅពីក្រោមសំបកនៃផ្ទាំងទឹកកក ដែលស្រោបព័ទ្ធជុំវិញពួកវា។ ចំណែកយានស្រាវជ្រាវ ក្នុងមហាសមុទ្រលើភពផែនដីយើងវិញ បានរកឃើញនូវក្រុមភាវរស់ ដែលរស់នៅក្នុងភាពងងឹតសូន្យសុង ជុំវិញលក្ខណៈភូមិសាស្រ្តម៉្យាងដែលលំបាកឲ្យយើងជឿថា អាចមានវត្តមានជីវិតនៅក្រោមបាតសមុទ្រនោះណាស់។
បើបញ្ចូលគ្នានូវការរកឃើញទាំងពីរនេះ ពួកយើងអាចសន្និដ្ឋានបានយ៉ាងងាយថា ពពួកមីក្រុបកំពុងតែរស់នៅក្រោមបាតមហាសមុទ្រ នៃព្រះច័ន្ទទាំងនោះ។ ប៉ុន្តែការសិក្សាថ្មីមួយដែលកំពុងស្រាវជ្រាវលម្អិត ទៅលើសណ្ឋានដីក្រោមបាតសមុទ្រនៃព្រះច័ន្ទដូចជា Europa និង Ganymede របស់ Jupiter ព្រមទាំង Enceladus និង Titan របស់ Saturn ពួកវាទំនងជាគ្មានផ្ទុកនូវជីវិតអ្វីមួយ ដូចយើងបានគិតនោះឡើយ។
បាតសមុទ្រនៅលើព្រះច័ន្ទទាំងអស់នេះ ត្រូវអ្នកវិទ្យាសាស្រ្តរំពឹងថា នឹងអាចរកឃើញនូវវត្តមានរន្ធ Hydrothermal Vent ដែលបញ្ចេញកម្តៅ និងសារធាតុរ៉ែចេញពីក្រោមទៅក្នុងផ្ទៃសមុទ្រ ដោយក្នុងមហាសមុទ្ររបស់យើង លក្ខណៈភូមិសាស្រ្តទាំងនេះ បានផ្តល់ការទ្រទ្រង់ដល់ក្រុមភាវមានជីវិត ដែលសម្បូរទៅដោយពពួកមីក្រូប។
ទម្រង់ជីវិតទាំងនេះ អាចចិញ្ចឹមខ្លួនពួកវាបានដោយសារស្រូបយកសារធាតុ ដែលផលិតចេញពីកន្លែងលាយឡំគ្នា រវាងទឹកសមុទ្រ និងថ្មមានកម្តៅ។ ដោយឡែក តាមរយៈការវាយតម្លៃទៅលើព្រះច័ន្ទទាំង ០៤ខាងលើ នៅក្រោមបាតសមុទ្ររបស់ពួកវា ហាក់ដូចជាពុំមាន Hydrothermal Vent ឡើយ ហេតុដូច្នេះទើបគេបានសន្និដ្ឋានថា វាទំនងជាគ្មានជីវិតអ្វីនៅក្នុងស្រទាប់ព្រះច័ន្ទទាំងនោះឡើយ។
ទោះបីជាបែបនេះក្តី នេះគ្រាន់តែជាការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រមួយក្រុមប៉ុណ្ណោះ ខណៈការសិក្សារបស់អង្គការ NASA គឺនៅតែមានលក្ខណៈធំធេងដដែល ហើយគំរោងនៃការបញ្ជូនយានទៅស្រាវជ្រាវព្រះច័ន្ទដូចជា Europa, Enceladus និង Titan ជាដើម គឺត្រូវបានបង្កើតឡើងរួចទៅហើយ ដោយរង់ចាំតែរដ្ឋាភិបាលអាមេរិក ព្រមទម្លាក់លុយឲ្យតែប៉ុណ្ណោះ ទើបអាចចាប់ផ្តើមការអភិវឌ្ឍបាន៕
ប្រភព៖ Space.com ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩

