ភាគល្អិតដ៏អាថ៌កំបាំងមកពីក្រៅប្រព័ន្ធព្រះអាទិត្យ កំពុងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីវិភាគ…
(ស៊ីដនី)៖ ការស្រាវជ្រាវថ្មីមួយ ដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាលនៃរដ្ឋ Western Australia កំពុងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តអូស្រ្តាលីស្វែងរក និងសិក្សាពពួកភាគល្អិតដ៏អាថ៌កំបាំង ដែលគេមិនស្គាល់ប្រភព ដែលមកប៉ះនឹងបរិយាកាសផែនដី ជាមួយល្បឿនជិតស្មើនឹងល្បឿនពន្លឺ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
ភាគល្អិតទាំងនេះត្រូវគេហៅថា Cosmic Ray ខណៈអ្នកវិទ្យាសាស្រ្តមិនដឹងច្បាស់ថា ពួកវាមានប្រភពចេញមកពីអ្វីឲ្យជាក់ច្បាស់ឡើយ ដោយគ្រាន់តែដឹងថា ពួកវាសាយភាយមកពីក្រៅប្រព័ន្ធព្រះអាទិត្យ។ នៅពេលមកប៉ះទង្គិចជាមួយស្រទាប់បរិយាកាស នៃភពផែនដី Cosmic Ray ដែលភាគច្រើនរួមផ្សំឡើងពីភាគលម្អិតប្រូតុង និងស្នូលអាតូម (Atimic Nuclei) អាចបង្កើតចេញជាភ្លៀងភាគល្អិតដទៃៗទៀត ដែលពេលខ្លះអាចធ្លាក់ចុះមកដល់ផ្ទៃផែនដី។
គួរជម្រាបថា តាមរយៈការប្រើប្រាស់រួមគ្នានៃម៉ាស៊ីនចាប់សញ្ញាភាគល្អិត (Particle Detector) និងប្រព័ន្ធតេឡេស្កូប Murchison Widefield Array នៅរដ្ឋ Western Australia អ្នកវិទ្យាសាស្រ្តអូស្រ្តាលីមួយក្រុមសង្ឃឹមថា នឹងអាចឃ្លាំមើល និងសិក្សាបានលម្អិតទៅលើលទ្ធផលនៃការប៉ះទង្គិចគ្នារវាង Cosmic Ray និងបរិយាកាសផែនដី ព្រមទាំងកំណត់ថាតើភាគល្អិតទាំងនេះ កើតចេញមកពីអ្វីឲ្យប្រាកដ។
ទោះបីជាការពិសោធន៍នៃការប្រើប្រាស់រួមបញ្ចូលគ្នានូវម៉ាស៊ីន Particle Detector និងតេឡេស្កូបប្រភេទតាមដានរលកវិទ្យុសញ្ញា ធ្លាប់មានរួចទៅហើយនៅប្រទេសហូឡង់ក៏ដោយ បរិស្ថានដែលគ្មានការរំខានផ្សេងៗនៅតំបន់ដាច់ស្រយាលនៅរដ្ឋ Western Australia ប្រទេសអូស្រ្តាលី ផ្តល់ឱកាសពិសេសខុសគេសម្រាប់អ្នកស្រាវជ្រាវ៕

