ទីបំផុតអង្គការ NASA បើកកិច្ចសហការជាមួយចិន លើគំរោងស្រាវជ្រាវឋានព្រះច័ន្ទ ដោយយានឆាងអឺ-៤!
(វ៉ាស៊ីនតោន)៖ អង្គការ NASA កាលពីចុងសប្តាហ៍មុននេះបានឱ្យដឹងថា ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក និងចិន កំពុងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មរុករកនៅលើឋានព្រះច័ន្ទ បន្ទាប់ភាពជោគជ័យជាប្រវត្តិសាស្ត្ររបស់ចិន នៃបេសកកម្មយាន ឆាងអឺ-៤។ ប៉ុន្តែ ការប្រកាសនេះធ្វើឡើងនៅចំពេលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរឹតត្បិតការផ្ទេរបច្ចេកវិទ្យាទៅឱ្យចិន។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter នាយកបេសកកម្មវិទ្យាអង្គការ NASA លោក Thomas Zurbuchen បានបញ្ជាក់ថា ដោយមានការយល់ព្រមពីសភាអាមេរិក NASA បានបើកកិច្ចពិភាក្សាជាមួយចិន ដើម្បីស្វែងរកលទ្ធភាពលើការចុះកិច្ចព្រមព្រៀងមួយ ស្ដីពីសហការគ្នាដូចជាការចុះចតរបស់យាន Chang’e 4 ដោយប្រើប្រាស់បច្ចេកវិទ្យាយានអវកាសរបស់ NASA។
ការលើកឡើងបែបនេះរបស់លោក Zurbuchen គឺដូចគ្នាទៅនឹងសេក្ដីថ្លែង ការណ៍កាលពីថ្ងៃចន្ទសប្តាហ៍មុន របស់នាយរងរដ្ឋបាលអវកាសជាតិចិន លោក Wu Yanhua។ បន្ថែមពីលើនេះ លោក Zurbuchen ក៏បានអះដែរថា អង្គការ NASA នឹងចែករំលែកព័ត៌មានពីផ្កាយរណបអាមេរិក ខណៈចិននឹងប្រាប់អាមេរិកវិញពីរយៈទទឹង រយៈបណ្ដោយ និងពេលវលា នៃការចុះចតរបស់យាន Chang’e 4។
គួរបញ្ជាក់ថា ផ្កាយរណបតាមដានឋានព្រះច័ន្ទរបស់ NASA នឹងធ្វើដំណើរឆ្លងកាត់ពីលើទីតាំងដែលយាន Chang’e 4 ចុះចត នៅថ្ងៃទី៣១ ខែមករា ហើយនិងផ្តិតយករូបភាព ដូចដែលធ្លាប់បានធ្វើសម្រាប់យាន Chang’e 3 កាលពីឆ្នាំ២០១៣។ ចំណែកឯ លទ្ធផលនៃការសិក្សាសា្រវជ្រាវចេញពីកិច្ចសហប្រតិបត្តិការនេះ នឹងត្រូវចែករំលែកជាមួយសហគមន៍អ្នកស្រាវជ្រាវអន្តរជាតិ នៅខែកុម្ភៈ នៅកិច្ចប្រជុំនៃទីភ្នាក់ងារអវកាស នៃអង្គការសហប្រជាជាតិក្នុងប្រទេសអូទ្រីស៕

