ស្ទើរតែមិនជឿ! រកឃើញភ្លៀងធ្លាក់លើព្រះច័ន្ទ Titan នៃភពសៅរ៍ នាំឲ្យអ្នកវិទ្យាសាស្ត្រមានក្តីសង្ឃឹម…
(អាមេរិក)៖ នាពេលថ្មីៗនេះមានការភ្ញាក់ផ្អើលធំមួយបានកើតឡើង ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលកំពុងតែសិក្សាទៅលើប្រព័ន្ធភពសៅរ៍ និងព្រះច័ន្ទ Titan នោះ បានអង្កេតឃើញសញ្ញានៃភ្លៀងធ្លាក់នៅលើព្រះច័ន្ទធំបំផុតទី ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ ដែលវាបានធ្វើឲ្យពួកគេមានក្តីសង្ឃឹមថា ការរុករកសញ្ញានៃជីវិតនៅទីនោះ កាន់តែមានភាពវិជ្ជមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី Fox News នាថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ព្រះច័ន្ទ Titan គឺជាបេក្ខភាពដ៏ប្រសើរមួយ ក្នុងចំណោមបេក្ខភាពដទៃៗទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវ ដោយកន្លងមកធ្លាប់មានយានចុះទៅស្រាវជ្រាវដល់ទីនោះផងដែរមានឈ្មោះថា Huygens។ វាបានដឹងពីកំហាប់បរិយាកាស ព្យុះធូលី និងវត្ថុរាវ (មេតាន) ដែលអណ្តែតនៅលើផ្ទៃព្រះច័ន្ទនេះទៀតផង។
ដោយឡែកការរកឃើញថា មានភ្លៀងធ្លាក់លើព្រះច័ន្ទ Titan គឺជារបកគំហើញថ្មីមួយទៀត ខណៈនិស្សិតថ្នាក់បណ្ឌិតរូបវិទ្យា នៃសាកលវិទ្យា Idaho បានរៀបរាប់យ៉ាងដូច្នេះថា «វាដូចជាការទស្សនាផ្លូវ ដែលចាំងដោយរស្មីព្រះអាទិត្យ ពេលភ្លៀងទើបរាំង…»។ ភ្លៀងមេតានត្រូវបានគេដឹងថា បានធ្លាក់នៅលើផ្ទៃរបស់ព្រះច័ន្ទទីតាន ហាក់បីដូចជាតំណក់ទឹកភ្លៀង ដែលធ្លាក់នៅលើផ្ទៃផែនដីដូច្នេះឯង។
គួរបញ្ជាក់ថា កន្លងមកក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការអង្កេត និងសិក្សាអំពីស្ថានភាពពពក ដែលនៅប្រមូលផ្តុំជុំវិញតំបន់ប៉ូលខាងជើងនៃព្រះច័ន្ទទីតាន ដើម្បីស្វែងរកភ្លៀងធ្លាក់ ប៉ុន្តែពុំបានប្រទះឃើញនោះឡើយ។ ប៉ុន្តែនាពេលថ្មីៗនេះ គេបានអង្កេតឃើញសញ្ញាចម្លែកនៅតំបន់ប៉ូលខាងជើងដដែល តាមរយៈទិន្នន័យពីប្រព័ន្ធ Visual និង Infrared Mapping Spectrometer ដែលបន្សល់ទុកដោយយាន Cassini។
សញ្ញាចម្លែកនោះ គឺបណ្តុំពពកភ្លឺៗខុសគេនៅចំកណ្តាលនៃបណ្តុំពពកនៃបរិយាកាសពណ៌ខៀវ ដែលបានលេចឡើងហើយក៏បាត់ទៅវិញយ៉ាងឆាប់រហ័យ ដែលនេះជាសញ្ញាបញ្ជាក់អំពីវត្តមាននៃភ្លៀងមេតានរាវនៅលើព្រះច័ន្ទ Titan។ ដោយសារតែទីតាំងមានបរិយាកាសក្រាស់ជាងផែនដី ៥០ភាគរយ ដូច្នេះយើងពិបាកនឹងមើលឃើញផ្ទៃរបស់វាណាស់។ យ៉ាងណាក៏ដោយការសិក្សាបន្ថែមកំពុងតែបន្តទៅមុខ ដើម្បីធ្វើការស្វែងយល់លម្អិត អំពីភ្លៀងមេតានខាងលើ៕

