របកគំហើញថ្មីលើភពព្រហស្បតិ៍! យានអវកាស Juno ទើបថតបានព្យុះយក្សចំនួនពីរទៀត (រូបភាពខាងក្នុង)
(អាមេរិក)៖ យានអវកាស Juno របស់អង្គការ NASA ទើបតែបានធ្វើការហោះឆ្វែលជាថ្មីម្តងទៀត កាត់ពីលើផ្ទៃរបស់ភពឧស្ម័នយក្ស Jupiter (ភពព្រហស្បតិ៍) ហើយទិន្នន័យថ្មីដែលវាបានបាញ់បញ្ជូនមកដល់ផែនដី រួមមាននូវទិដ្ឋភាពដ៏អស្ចារ្យមួយនៃព្យុះយក្សចំនួនពីរនៅលើភពនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
នៅក្នុងរូបភាពថ្មីនេះ ក្រៅពីវត្តមាននៃព្យុះយក្សដ៏ល្បីដែលគេហៅថា Great Red Spot ជាចំណុចក្រហមដ៏ធំសម្បើម និងជាលក្ខណៈសម្គាល់ពិសេសរបស់ Jupiter គឺព្យុះមួយផ្សេងទៀតមានឈ្មោះថា Oval BA។ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ Oval BA គឺព្យុះនេះបានកើតឡើងនៅក្រោមក្រសែភ្នែក នៃការតាមដានរបស់អ្នកវិទ្យាសាស្រ្ត នៅពេលព្យុះតូចៗ ០៣ បានរួមចូលគ្នាកាលពីឆ្នាំ២០០០ មិនដូចទៅនឹងព្យុះ Great Red Spot ដែលកើតមានឡើងតាំងពីរយូរមកហើយឡើយ។
គួរជម្រាបថា រូបភាពខាងលើត្រូវបានរួមផ្សំឡើងពីរូបភាពបីដាច់ដោយឡែកពីគ្នា ដែលយាន Juno ថតបានអំឡុងការហោះFlyby ជាលើកទី១៦ ឆ្វែល Jupiter នៅរយៈចម្ងាយចន្លោះ៣៨,៣០០គីឡូម៉ែត្រ និង ៥៥,៥០០០គីឡូម៉ែត្រ ពីលើផ្ទៃរបស់វាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
ការហោះ Flyby កាលពីខែមុន គឺជាការឈានដល់ពាក់កណ្តាលផ្លូវនៃបេសកកម្មរបស់ Juno ដែលត្រូវរចនាឡើងដើម្បីឲ្យយានអវកាសនេះ អាចហោះកាត់ផ្ទៃទាំងមូលរបស់ Jupiter តាមរយៈការហោះហើរ Flyby សរុបចំនួន ៣២លើក។ យាន Juno នឹងត្រូវបន្តការងាររហូតដល់ខែកក្កដា ឆ្នាំ២០២១ ដើម្បីបំពេញការហោះឆ្វែលទាំងនេះ ខណៈ Flyby បន្ទាប់ទៀតរបស់វាគឺត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ៕

