ដោយសារភពប៉ុនភពអង្គារបុកផែនដី ទើបបង្កើតចេញជាព្រះច័ន្ទ ហើយកត្តានេះហើយទើបជីវិតអាចកើតមានទៅបាន…
(អាមេរិក)៖ ការសិក្សាថ្មីមួយបានអះអាងថា ព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាមួយតាំងពីយូរណាស់មកហើយ ដែលឈានដល់ការកកើតនៃព្រះច័ន្ទរបស់ផែនដី ក៏បានជួយឲ្យទម្រង់ជីវិតដែលយើងស្គាល់ អាចកើតមានឡើងទៅរួចនៅលើភពរបស់យើងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
កាលពីជាង ៤.៤ពាន់លានឆ្នាំមុន អ្នកវិទ្យាសាស្រ្តជឿជាក់ថា ភពមួយមានទំហំប៉ុនភពអង្គារ (Mars) ដែលត្រូវគេដាក់ឈ្មោះឲ្យថា Theia បានមកបុកជាមួយភពផែនដី ដែលកាលនោះគេហៅថា proto-Earth ហើយធ្វើឲ្យរូបធាតុដ៏ច្រើនសម្បើមខ្ទាតចេញពីភពទាំងពីរទៅក្នុងទីអវកាស។ ក្រោយចំណែកមួយចំនួននៃរូបធាតុទាំងអស់នេះ ក៏បានរួមផ្សំចូលគ្នារហូតក្លាយជាព្រះច័ន្ទដូចយើងឃើញមកទល់សព្វថ្ងៃ ខណៈកម្ទេចកម្ទីខ្លះទៀតត្រូវភពរបស់យើងស្រូបចូលមកវិញ។
ការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យា Rice University of Houston នៅសហរដ្ឋអាមេរិកបានរកឃើញថា រូបធាតុថ្មីទាំងនោះដែលត្រូវស្រូបចូលមកផែនដីវិញ តាមពិតមានសារៈសំខាន់ជាខ្លាំង។ យោងតាមការសិក្សានេះ ព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដែលធ្វើឲ្យកក្រើកទីអវកាសកាលពីជាង៤ពាន់លានឆ្នាំមុន បានជួយផ្តល់ឲ្យផែនដីមួយចំណែកធំនូវសារធាតុកាបូន អាសូត និងស្ពាន់ធ័រ ដែលសារធាតុគីមីដ៏សំខាន់សម្រាប់ការកកើតនៃទម្រង់ជីវិត ដូចមនុស្សលោកយើងបានស្គាល់កន្លង។ វាក៏ជួយឲ្យផែនដីមានលំនឹងទាំងផ្នែកបរិយាកាស រង្វិលខ្ញាល់ និងការគោចរជុំវិញព្រះអាទិត្យ៕

